រូបគ្មានព្រលឹង (Avatar) គឺជាខ្សែភាពយន្តបែបវិទ្យាសាស្ត្រប្រឌិត ផលិតឡើងនៅសហរដ្ឋអាមេរិក នៅក្នុងកំឡុងឆ្នាំ ២០០៩ ។ ខ្សែភាពយន្តនេះ ទទួលបានការគាំទ្រនិងការស្ងើចសរសើរពីទស្សនិកជនជាច្រើនរយលាននាក់ នៅជុំវិញពិភពលោកយើងនេះ។
ខ្សែភាពយន្តនេះ និយាយរៀបរាប់ពីហេតុការណ៍ដែលអាចកើតមានឡើងនៅក្នុងអនាគតកាល គឺនៅក្នុងឆ្នាំ ២១៥៤ ។ គឺថា បើតាមការស្រមើស្រមៃរបស់អ្នកនិពន្ធ នៅពេលនោះប្រហែលជាមានក្រុមហ៊ុនជីកយករ៉ែដ៏ធំមួយមានឈ្មោះថា RDA នឹងទៅជីកយករ៉ែពិសេសម៉្យាង នៅក្នុងភពមួយ ដែលស្ថិតនៅយ៉ាងឆ្ងាយពីភពផែនដីយើងនេះ។ ភពនោះមានឈ្មោះថា Pandora ហើយរ៉ែពិសេសដែលត្រូវជីកយកនោះ គឺជាអង្គធាតុ unobtanium ដែលជាអង្គធាតុនៃការស្រមើស្រមៃរបស់អ្នកនិពន្ធ ហើយដែលអ្នកនិពន្ធចាត់ទុកថា ជាអង្គធាតុដ៏មានតម្លៃជាទីបំផុត។
ក៏ប៉ុន្តែ នៅក្នុងភព Pandora នោះ មានសភាវៈម៉្យាង ដែលមានលក្ខណៈពាក់កណ្តាលសត្វ និងពាក់កណ្តាលមនុស្សរស់នៅទីនោះ។ សភាវៈនោះ ត្រូវបានគេចាត់ទុកថាជាប្រជារាស្ត្រប្រចាំភព Pandora និងជាកុលសម្ព័ន្ធ Na’vi ។ កុលសម្ព័ន្ធនេះរស់នៅតាមបែបធម្មជាតិសុទ្ធសាធ ដោយមិនពឹងពាក់ទៅលើចំណេះដឹងវិទ្យាសាស្ត្រ-បច្ចេកទេស ដូចពួកមនុស្សយើងនៅលើភពផែនដីនេះឡើយ។
ហើយដើម្បីឲ្យបានស្គាល់ច្បាស់ពីជីវិតសត្វនិងធម្មជាតិដែលមាននៅក្នុងភព Pandora ក្រុមអ្នកប្រាជ្ញមួយក្រុមនៃភពផែនដី បានបង្កើតជាសំបករូបកាយគ្មានព្រលឹងម៉្យាង ដែលមានភិនភាគនិងលក្ខណៈជីវសាស្ត្រដូចគ្នាបេះបិទទៅនឹងរូបកាយរបស់ប្រជារាស្ត្រនៃកុលសម្ព័ន្ធ Na’vi ប្រចាំភពនោះ។ រូបកាយគ្មានព្រលឹងនោះ ត្រូវបានគេឲ្យឈ្មោះថា Avatar ដែលមានប្រព័ន្ធខួរក្បាលអាចត្រូវតភ្ជាប់ទៅនឹងប្រព័ន្ធខួរក្បាលរបស់មនុស្សនៃភពផែនដី។ ដូចនេះ នៅពេលដែលប្រព័ន្ធខួរក្បាលនៃរូប Avatar នោះត្រូវបានតភ្ជាប់ទៅនឹងប្រព័ន្ធខួរក្បាលរបស់អ្នកណាម្នាក់នៃភពផែនដី រូប Avatar នោះនឹងក្លាយទៅជារូបកាយទីពីររបស់មនុស្សនៃភពផែនដី ពីព្រោះបើមនុស្សនៃភពផែនដីគិតនិងឬធ្វើសកម្មភាពយ៉ាងម៉េច រូប Avatar នោះក៏គិតនិងឬធ្វើសកម្មភាពយ៉ាងនោះដែរ។ យើងអាចនិយាយបានម៉្យាងទៀតថា ការតភ្ជាប់ប្រព័ន្ធខួរក្បាលតាមរបៀបនេះ គឺជាការបញ្ចូលព្រលឹងរបស់មនុស្សទៅក្នុងរូប Avatar នោះ។
ទន្ទឹមនឹងការប្រើប្រាស់រូប Avatar នេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃភពផែនដី ក៏បានបង្កើតផងដែរនូវរូបមនុស្សយន្តមួយប្រភេទទៀត ដែលអាចត្រូវបញ្ជាដោយផ្ទាល់ ដោយការចូលខ្លួនទៅក្នុងរូបមនុស្សយន្តនោះ ដោយផ្ទាល់តែម្តង។
ការបង្កើតរូប Avatar និងរូបមនុស្សយន្តទាំងនោះ គឺជាសេចក្តីត្រូវយ៉ាងចាំបាច់សម្រាប់មនុស្សនៃភពផែនដី ដើម្បីអាចរស់នៅ និងអាចដើរហើរនៅក្នុងភព Pandora នោះបានតាមរយៈរូបទាំងនោះ។ ពីព្រោះនៅក្នុងភពនោះ គ្មានខ្យល់សម្រាប់ដកដង្ហើមទេ។ ក៏ប៉ុន្តែ នៅមានមធ្យោបាយមួយទៀតសម្រាប់ពួកគេ គឺថាបើពួកគេពិតជាចង់ចេញដើរហើរនៅក្នុងភពនោះដោយប្រើប្រាស់រូបកាយរបស់ពួកគេផ្ទាល់តែម្តង ពួកគេចាំចាច់ត្រូវពាក់ឧបករណ៍បាំងមុខម៉្យាង សម្រាប់កែឧស្ម័ននៅទីនោះ ឲ្យមកជាខ្យល់ដកដង្ហើមធម្មតា។ តែបើរបាំងមុខរបស់ពួកគេលែងដំណើរការ ឬត្រូវខូចខាតដោយប្រការណាមួយ ពួកគេនឹងត្រូវដាច់ខ្យល់ស្លាប់មួយរំពេច ដោយការខ្វះខ្យល់ដកដង្ហើម។
បើនិយាយពីពួកកុលសម្ព័ន្ធ Na’vi ប្រចាំភព Pandora នោះវិញម្តង ពួកគេមិនទទួលស្វាគមន៍ពួកមនុស្សនៃភពផែនដីឡើយ។ ហើយពួកគេបានចាត់ទុកការលុកលុយនៅក្នុងភពរបស់ពួកគេ គឺជាការរំលោភឈ្លានពានទៅលើអធិបតេយ្យភាពរបស់ពួកគេ។ លើសពីនេះទៀត ពួកគេតែងតែកាន់អាវុធប្រយុទ្ធប្រឆាំងជានិច្ចកាល នៅពេលពួកគេជួបនឹងមនុស្សភពផែនដីម្តងៗ។ មួយវិញទៀត ថ្វីត្បិតតែពួកកុលសម្ព័ន្ធ Na’vi គ្មានចំណេះដឹងនៅក្នុងវិស័យវិទ្យាសាស្ត្រ-បច្ចេកទេសដូចមនុស្សនៅភពផែនដីយើងនេះក៏ដោយ ក៏ប៉ុន្តែពួកគេអាចតភ្ជាប់វិញ្ញាណរបស់ពួកគេទៅនឹងវិញ្ញាណរបស់សត្វផ្សេងៗបាន តាមរយៈចុងសក់របស់ពួកគេ។ ហើយនៅពេលដែលវិញ្ញាណរបស់ពួកគេត្រូវបានតភ្ជាប់ទៅនឹងវិញ្ញាណរបស់សត្វផ្សេងៗរួចហើយ ពួកគេនឹងអាចត្រួតត្រាចិត្តគំនិតរបស់សត្វទាំងនោះបាន តាមរយៈការគិតរបស់ពួកគេ។
ដោយឡែក នៅក្នុងក្រុមមនុស្សនៃភពផែនដី ដែលជាអ្នកឯកទេសខាងប្រើប្រាស់រូប Avatar មានកម្លោះខ្វិនជើងម្នាក់ បានតភ្ជាប់ប្រព័ន្ធខួរក្បាលរបស់គេទៅនឹងប្រព័ន្ធខួរក្បាលនៃរូប Avatar ដែលជាកម្លោះដ៏សង្ហារម្នាក់។ រួចហើយ កម្លោះខ្វិនជើងនោះ បានប្រើប្រាស់រូប Avatar របស់ខ្លួន ដើរស្រាវជ្រាវរុករកនៅពាសពេញព្រៃនៃភព Pandora ជាមួយនឹងរូប Avatar មួយចំនួនទៀត។ ចៃដន្យអាក្រក់ កម្លោះខ្វិនជើងបានជួបនឹងសត្វសាហាវប្រចាំភព Pandora ដែលបានដេញតាមយាយីរូប Avatar របស់គេ រហូតដល់ធ្លាក់ក្នុងជ្រោះមួយយ៉ាងជ្រៅ។ ក៏ប៉ុន្តែ ជាភ័ព្វសំណាងល្អ កម្លោះខ្វិនជើងត្រូវបានជួយសង្គ្រោះដោយយុវតីនៃកុលសម្ព័ន្ធ Na’vi ដ៏ស្រស់ស្អាតម្នាក់។ ចាប់តាំងពីពេលនោះមក ពន្លកស្នេហ៍ក៏បានបដិសណ្ធិឡើង រវាងរូបគេនិងយុវតីដ៏ស្រស់ស្អាតនោះ។
តើបន្ទាប់ពីនោះមក ខ្សែជីវិតនៃរូប Avatar របស់កម្លោះខ្វិនជើងនឹងក្លាយទៅជាយ៉ាងដែរ?
តើការទន្ទ្រានជីកយករ៉ែ unobtanium របស់មនុស្សភពផែនដីបានសម្រេចដែរឬទេ?
បើចង់ដឹងច្បាស់ សូមអស់លោកអ្នកនាងកញ្ញាទស្សនាខ្សែភាពយន្តខាងក្រោមនេះ៖
http://www.youtube.com/view_play_list?p=55581E1739B93085
មតិលើ៖ "រូបគ្មានព្រលឹង" (1)
ហេតុអីមិនសរសេរ Avatar ជា «អវតារ» តែម្ដងទៅ?
សូមជម្រាបថា ពាក្យ អវតារ ជាពាក្យបាលី-សំស្ក្រឹត ដែលខ្មែរយកមកប្រើយូរហើយ តួយ៉ាងដូចជារឿងរាមកេរ្តិ៍ ព្រះរាមជាអវតាររបស់ព្រះវិស្ណុ។ ភាសាអង់គ្លេសក៏បានខ្ចីពាក្យពីបាលី-សំស្ក្រឹតយកមកប្រើដែរក្នុងករណីដូចគ្នានេះ គឺរូបតំណាង ការបែងរូបមួយទៀត … ប៉ុន្តែវាមានព្រលឹង ហើយមានជីវិតធម្មតា ដូចជា ព្រះរាម ព្រះមត្ស្យា… ។ លោក James Cameron ក៏បាននិពន្ធរឿងនេះដោយលួចយកគំនិតនៃសាសនាព្រហ្មញ្ញដែរ គ្រាន់តែលោកបង្កើតជាផ្ទៃសាច់រឿងនាពេលអនាគត ហើយបូកវិទ្យាសាស្ត្រ។ បើរឿងបុរាណវិញ បើព្រះរាមចង់បង្កើតអវតារមួយនោះ ព្រះអង្គគ្រាន់តែសមាធិ ធ្វើពិធីសាសនាទៅ គឺ បង្កើតបាន ឯសាច់រឿង Avatar វិញ យកម៉ាស៊ីនវិទ្យាសាស្ត្រមកធ្វើ។ និយាយរួម គំនិតរបស់លោក James Cameron គឺ គំនិតចាស់ទេ គឺ ចម្លងចេញពីរឿងបុរាណ។
សូមអានបន្ថែម
http://khmerdict.taprom.com/index.php/term/Khmer+-+Khmer+%28+Chuon+Nath+%29,%E1%9E%A2%E1%9E%9C%E1%9E%8F%E1%9E%B6%E1%9E%9A.xhtml
http://km.wikipedia.org/wiki/%E1%9E%A2%E1%9E%9C%E1%9E%8F%E1%9E%B6%E1%9E%9A