រឿង​ភាគៈ "កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "កូន​អ្នក​ស្រែ" (Country Girls)

ក្រោយ​ពី​បាន​សង់​កូន​ផ្ទះ​ដ៏​តូច​មួយ​​នៅ​ក្នុង​ភូមិ​អូ Plum Creek បាន​ស្រួល​បួល​រួច​​ហើយ Charles Ingalls ត្រូវ​​បញ្ជូន​កូន​ស្រី​ច្បង​របស់​គេ​ទាំង​ពីរនាក់ ​គឺនាង Mary និង​នាង Laura ឲ្យ​ទៅ​រៀន​នៅ​សាលា​រៀន​មួយ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​អូ Plum Creek នោះ​។

 

សម្រាប់​​នាង Mary និង​នាង Laura ការ​ទៅ​រៀន​នេះ គឺ​ជា​លើក​ទីមួយ​​នៅ​ក្នុង​ជីវិត​របស់​​គេ​។ ដូចនេះ គេ​ទាំងពីរ​មាន​ការព្រួយ​បារម្មណ៍​​និង​ភ័យខ្លាច​ជាច្រើន​ ព្រោះគេ​​មិន​ដឹង​ថា​តើ​ធ្វើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ទេ​នៅ​ថ្នាក់​រៀន​។ ចំពោះនាង Laura វិញ ពី​ដំបូង​នាង​មិន​ចង់​ទៅ​សាលា​ទេ ដោយ​យក​លេស​ថា​គ្មាន​អ្នក​ណាជួយ​មើល​ការងារ​ផ្ទះ តែ​ដោយ​ឪពុក​នាង​​ទទូច​ខ្លាំង​ពេក នាង​ក៏​យល់ព្រម​ទៅ​សាលា​រៀន​។

 

នៅ​ពេល​ទៅ​ដល់​សាលារៀន​ភ្លាម កុមារ​ទាំងឡាយដែល​​រៀន​នៅ​ទី​នោះ ​បាន​បង្អាប់​នាង​ Mary និង​នាង Laura ថា​មាន​ជើង​វែង​ដូច​សត្វ​ត្រដេវិច (snipe) ព្រោះ​នាង​ទាំង​ពីរ​នាក់​ស្លៀកសំពត់​វែង​ត្រឹម​ក្បាល​ជង្គង់​ ដែល​ជា​ប្រការ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ជើង​នាង​វែង​។ ព្រម​ពេល​ជាមួយ​គ្នា​នោះ​ដែរ មាន​កុមារី​ម្នាក់​ឈ្មោះ Nellie បានសម្លក់​នាង Mary និង​នាង Laura ហើយ​បាន​​ហៅ​នាង​ទាំងពីរ​នោះ​​​ថា​ "​កូន​​អ្នក​​ស្រែ" (country girls) ។ តាមពិត នាង​ Nellie ដែល​មាន​ឫកពារ​យ៉ាង​ក្រអឺត​ក្រទម​នោះ គឺ​ជា​កូន​របស់​ហ៊ា Oleson និង​ចែ Harriet ដែល​ជា​អ្នក​លក់​ចាប់​ហួយ​នៅ​ក្នុង​ស្រុក Walnut Grove នេះ​។

 

នៅ​ក្នុង​ថ្នាក់​រៀន អ្នក​គ្រូ​ Beadle គឺ​ជា​អ្នក​គ្រូ​ដ៏​ល្អ​ម្នាក់​ដែល​បាន​ទទួល​នាង Mary និង​នាង Laura ឲ្យ​ចូល​រៀន​ប្រកប​ដោយ​ភាពកក់ក្តី​ជា​ទី​បំផុត​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​នាង Nellie កូន​ហ៊ា Oleson និង​ចែ Harriet មិន​សប្បាយ​ចិត្តដែរ លើស​ពី​នេះ​ទៀត​ នាង Nellie នោះ​បាន​ដៀល​នាង​ Mary និង​នាង Laura នៅ​ក្នុង​ថ្នាក់​រៀន​​ថា "កូន​អ្នក​ស្រែ" (country girls) យ៉ាង​ពេញ​ៗ​មាត់​។

 

ចេញ​ពី​សាលារៀន​មក​ដល់​ផ្ទះ​វិញ នាង Laura បាន​រៀន​អាន​អក្សរ និង​បាន​រៀប​រាប់​ពី​រឿងរ៉ាវ​ដែលបាន​​កើតមាន​​ឡើង​នៅ​សាលា​ទាំង​ប៉ុន្មាន​ប្រាប់​ឪពុក​ម្តាយ​នាង​​ទាំងអស់​។ ម៉្យាង​ទៀត នាង Laura បាន​អួតបា្រប់​ឪពុក​ម្តាយ​នាងមិន​ដាច់​ពី​មាត់ ពី​អ្នកគ្រូ Beadle ថា​ជា​អ្នក​គ្រូ​​ដ៏​ល្អ​បំផុត និង​ ក្រៅ​ពី​ម្តាយ​នាង​ចេញ គ្មាន​ស្រី​ណា​មាន​​រូប​សម្ផស្ស​អាច​ប្រៀប​ផ្ទឹម​នឹង​អ្នក​គ្រូ​ Beadle ​បាន​ឡើយ​។

 

ដោយ​ឃើញ​កូន​ស្រី​គ្មាន​ក្តារ​ឆ្នួន​នឹង​គេ Charles បាន​ឲ្យ​ប្រាក់​ទៅ​ Mary និង Laura ឲ្យ​ទៅ​ទិញ​ក្តារ​ឆ្នួន​នៅ​ផ្ទះ​ហ៊ា Oleson និង​ចែ Harriet ។ នៅ​ផ្ទះ​ហ៊ា Oleson និង​ចែ Harriet នាង Mary និង Laura បាន​ជួប​នឹង Nellie និង Willie ដែល​ជា​ប្អូន​ប្រុស​របស់ Nellie ។ នៅ​ពេល​នោះ កញ្ញា​ឬកពារ​ឆ្មើងឆ្មៃ Nellie បាន​តិះ​ដៀល​ Mary និង Laura ជា​ថ្មី​ម្តង​ទៀត​ថា​ជា​ "កូន​អ្នក​ស្រែ" (country girls) មាន​លុយ​ត្រឹម​តែ​ទិញ​ក្តារ​ឆ្នួន​ប៉ុណ្ណោះ គ្មាន​លុយ​​ឯណា​ទិញ​ខ្មៅ​ដៃ​បាន​ឡើយ​។ ចំណែកឯ Willie ប្អូន​ប្រុស​របស់​ Nellie វិញ​បាន​ដៀល Mary និង Laura ជា​ថ្មី​ម្តង​ទៀត​ថា​ជា​សត្វ​ត្រដេវិច​ (snipe) ។

 

ដើម្បី​រក​ប្រាក់​ចំណូល​​មក​ចិញ្ចឹម​គ្រួសារ​បាន​ខ្លះ Caroline ប្រពន្ធ​ Charles បាន​យក​ពងមាន់​ទៅ​លក់​ឲ្យ​ហ៊ា Oleson និង​ចែ Harriet ។​ តែ​ចែ​ Harriet រក​រឿង​ចង់​បញ្ចុះ​ថ្លៃ​​ពង​មាន់​របស់ Caroline ដោយ​យក​លេស​ថា​ ពង​មាន់​ពណ៌​ត្តោត​លក់​មិន​បាន​ថ្លៃ​ទេ ដូច​នេះ​ Caroline ត្រូវ​លក់​ថោក​ជាង​ពងមាន់​ពណ៌​ស​ចំនួន ៤ សេន ក្នុង​មួយ​ឡូ​។ ដោយ​មិនដឹង​​យក​ទៅ​លក់​នៅ​ឯណា​ Caroline ក៏​សុខ​ចិត្ត​លក់​តាម​តម្លៃ​នោះ​ឲ្យ​ទៅ​ចែ Harriet ។

 

នៅ​ថ្ងៃ​មួយ បន្ទាប់​ពី​យក​ពងមាន់​ទៅ​លក់​ឲ្យ​ចែ Harriet រួច​ហើយ Caroline នឹក​ចង់​ទិញ​ក្រណាត់​របស់​ចែ Harriet មក​កាត់​ដេរ​ធ្វើ​ជា​សម្លៀក​បំពាក់​របស់​នាង​។ តែ​នៅ​ពេល​នោះ ចែ​ Hariet បាន​មើល​ស្រាល​ដល់ Caroline ថា​នឹង​មិន​អាច​ទិញ​ក្រណាត់​ល្អ​ទៅ​កាត់​ដេរ​ធ្វើ​ជា​សម្លៀក​បំពាក់​បាន​ឡើយ ហើយ​ចែ​​ Harriet បាន​យក​កី​ក្រណាត់​ថោក​ជាង​គេ​មក​ឲ្យ Caroline មើល​វិញ​ដោយ​និយាយ​ថា "អ្នក​ស្រែ​" (country folks) គួរ​តែ​គិត​គូរ​ពី​ការប្រើ​ប្រាស់​ជាប់​បាន​យូរ​វិញ​ទើប​សម​ជាង​។ ក៏​ប៉ុន្តែ ពាក្យ​ថា "អ្នក​ស្រែ" (country folks) ពីរ​ម៉ាត់នេះ បាន​ធ្វើ​ឲ្យ​ Caroline ខឹង​ជា​​ខ្លាំង នាង​ក៍​សម្រេច​ចិត្ត​ទិញ​ក្រណាត់​ដែ​ល​ល្អ​ជាង​គេ​បំផុត​នៅ​ក្នុង​ផ្ទះ​លក់ចាប់ហួយ​របស់​ចែ Harriet មក​ប្រើ​។ តែ​នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ Caroline មាន​ការសោក​ស្តាយ​ជា​ខ្លាំង ព្រោះ​នាង​បាន​ចំណាយ​បា្រក់​ជា​ច្រើន​ដើម្បី​ទិញ​ក្រណាត់​ដ៏​ថ្លៃ ដោយ​សារ​តែ​នាង​ចង់​ឈ្នះ​ចែ Harriet ។ ផ្ទុយទៅ​វិញ ​ចំពោះ Charles, Mary, Laura ពួក​គេ​ពេញ​ចិត្ត​នឹង​ការ​សម្រច​ចិត្ត​របស់​ Caroline នេះ​ណាស់ ព្រោះ​ពួក​គេ​យល់​ថា​ Caroline នឹង​មាន​សម្លៀក​បំពាក់​ថ្មី​សម​រម្យនឹង​គេ​​នៅ​ពេលអនាគត​​ខាង​មុខ​នេះ​។

 

ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​ Mary និង Laura បាន​បន្សាំង​ខ្លួន​ទៅ​នឹង​សាលារៀន​។ ហើយ​នៅ​ថ្ងៃ​មួយ អ្នក​គ្រូ​ Beadle បាន​សម្រេច​ចិត្ត​ផ្តល់​ពេល​វេលា​ចំនួន​មួយ​អាទិត្យ​ឲ្យ​ទៅ​សិស្ស​ទាំងអស់សម្រាប់​​សរសេរ​តែងសេចក្តី​ (essay) ម្នាក់​មួយ​ ៗ និង​និយាយ​ពី​អ្វី​ក៏​​បាន​ដែរ​។ ហើយ​នៅ​ពេល​​ដែល​តែង​សេចក្តី​ទាំង​នោះ​ត្រូវ​បាន​សរសេរ​រូច អ្នក​គ្រូ Beadle នឹង​អញ្ជើញ​មាតា​បិតា​សិស្ស​ទាំង​អស់​ឲ្យ​មក​ចូល​រួម​ស្តាប់​ការអាន​តែង​សេចក្តី​របស់សិស្ស​​គ្រប់​ៗ​​គ្នា​។ ចំពោះ Mary នាង​បាន​រៀប​ចំ​ការសរសេរ​តែង​សេចក្តី​អំពី​ការមក​នៅ​ស្រុក Walnut Grove របស់​គ្រួសារ​នាង និង​ការសង់​កូន​ផ្ទះ​នៅ​កណ្តាល​វាល​ស្រែ​របស់​ឪពុក​នាង​។ ចំណែក Laura វិញ​ នាង​បាន​ប្រាប់​គេ​ឯង​ថា​ នាង​មិន​ទាន់​ចង់​ឲ្យ​អ្នក​ណា​ដឹង​ពី​តែង​សេចក្តី​របស់​នាង​ឡើយ ព្រោះ​នាង​នឹង​អាន​តែង​សេចក្តី​នោះ​ឲ្យ​មាតាបិតា​សិស្ស​ទាំងអស់​ស្តាប់​នៅ​ថ្ងៃ​កំណត់​​។

 

លុះ​ថ្ងៃ​កំណត់​បាន​មក​ដល់ សិស្ស​ទាំង​អស់​ត្រូវ​អាន​តែង​សេចក្តី​របស់​គេ​ម្នាក់​ៗឲ្យ​មាតាបិតា​សិស្ស​ទាំងអស់​ស្តាប់​។ នាង Nellie កូន​ស្រី​ហ៊ា Oleson និង​ចែ​ Harriet បានអាន​តែង​សេចក្តី​​ដែល​និយាយ​អួត​ពី​ទ្រព្រ​សម្បត្តិ​របស់​ឪពុក​ម្តាយ​នាង​​ឲ្យ​គេ​ស្តាប់​។ តែ​ចំពោះនាង Laura ​នាង​បាន​អាន​តែង​សេចក្តី​ដែល​និយាយ​ពី​ការ​ខិតខំ​ចិញ្ចឹម​បី​បាច់​ និង​ការស្រឡាញ់​ថ្នាក់ថ្នម​កូន​របស់​ម្តាយ​នាង​ឲ្យ​គេ​ស្តាប់​។ តែង​សេច​ក្តី​របស់ Laura បាន​ធ្វើ​មាតា​បិតា​សិស្ស​ទាំងអស់​មាន​ក្តី​រំភើប​ជា​ខ្លាំង​។ ក៏ប៉ុន្តែ តាម​ពិត អត្ថបទ​តែង​សេចក្តី​របស់ Laura មាន​តែ​ពាក្យ​ពី​រ​បី​ម៉ាត់​តែ​ប៉ុណ្ណោះ អ្វី​ៗ​ដែល Laura បាន​អាន​ទាំង​ប៉ុន្មាន​ គឺ​ជា​ពាក្យ​ដែល​នាង​បាន​ប្រឌិត​ចេញ​ពី​គំនិត​ផ្ទាល់​របស់​នាង​ទាំងអស់ ព្រោះ​នាង​មិន​ទាន់​ចេះ​សរសេរ​អក្សរ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយទេ​​។

 

ខាង​ក្រោម​នេះ គឺ​ជា​ខ្សែ​វីដេអូ​រឿង "កូនផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "កូន​អ្នក​ស្រែ​" ៖

 

"កូនផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "កូន​អ្នក​ស្រែ​" (២)

"កូនផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "កូន​អ្នក​ស្រែ​" (៣)

"កូនផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "កូន​អ្នក​ស្រែ​" (៤)

"កូនផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "កូន​អ្នក​ស្រែ​" (ត​ចប់)

Advertisements

Comments on: "រឿង​ភាគៈ "កូន​អ្នក​ស្រែ"" (4)

  1. ពិតជា ល្អមើល និងមានន័យអប់រំខ្ពស់ មែន!
    ជាពិសេស សូមសរសើរ ការប្រែសំរួល សាច់រឿង ជាភាសាខ្មែរ ពីសំណាក់ម្ចាស់ប្លក ដើម្បីចែករំលែកពត៌មាន សំរាប់ការស្វែងយល់ របស់កូនខ្មែរ!

    • សូម​អរគុណ​ចំពោះការគាំ​ទ្ររបស់​លោក​។ ខ្ញុំ​បាទ​សង្ឍឹម​ថា​រឿង​ភាគ​នេះ​អាច​ជួយ​កំដរ​អារម្មណ៍​របស់​លោក និង​អាច​ផ្តល់​ជា​គំនិត​ខ្លះ​ពី​សង្គម​កសិករ​អាមេរិកកាំង​​នៅ​សតវត្សរ៍​ទី ១៩ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​​សង្គម​ខ្មែរ​បច្ចុប្បន្ន​។

  2. មែនពិតជារឿងភាគដ៏ល្អមែន!ខ្ញុំចូលចិត្តសំដីដែលក្មេងស្រីច្បងទាំង២នាក់នោះនិយាយណាស់​ជាពិសេសក្នុងវគ្គទី៣​​ពួកគេឆ្លាតហើយស្មោះត្រង់។

  3. ច្រលំគឺវគ្គទី២ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: