រឿង​ភាគៈ "កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "ជប់លៀង​អ្នក​ផ្សារ​-​ជប់លៀង​​អ្នក​ស្រែ" (Town Party-Country Party )

នៅ​សាលារៀន នាង Laura តែង​តែ​លេង​ល្បែង​ផ្សេង​ៗ​ជា​មួយ​នឹង​កុមារី​ដទៃ​ទៀត រួម​ជាមួយ​នឹង​នាង Nellie កូន​ហ៊ា Oleson និង​ចែ Harriet ផង​ដែរ ទោះបី​​ជា​នាង Laura មិនសូវ​​ចូល​ចិត្ត​ចរិត​ឆ្មើង​ឆ្មៃ​របស់​នាង Nellie យ៉ាង​ណា​ក៏​ដោយ​។ ក៍​ប៉ុន្តែ នៅ​ក្នុង​ចំណោម​កុមារី​ទាំង​នោះ មាន​នាង​ម្នាក់​ឈ្មោះ Olga មិន​អាច​រត់​លេង​ជា​មួយ​នឹង​គេឯង​បាន​ឡើយ ដោយ​សារ​នា​ង​មាន​ជើង​ខ្លី​ម្ខាង​តាំង​ពី​កំណើត​។ នាង​ Olga តែង​តែ​អង្គុយ​មើល​គេ​លេង​យ៉ាង​ស្ញៀមស្ញាត់​តែ​ម្នាក់​ឯង​នៅ​នឹង​កាំ​ជណ្តើរ​សាលារៀន​។

 

នៅ​ពេល​ចេញ​ពី​សាលា​រៀន​មក​វិញ នាង Laura តែងតែ​ទៅ​មាត់​អូ Plum Creek នៅ​ត្រង់​កន្លែង​ដែល​មាន​ផ្ទាំង​ថ្ម​ពីរ​បី​ដុំ​​។ នៅ​ចន្លោះ​ផ្ទាំង​ថ្ម​ទាំង​នោះ មាន​សត្វ​ក្តាម​មួយ (crabfish) រស់​នៅ​ទី​នោះ ហើយ​នាង​ Laura តែង​តែ​ទៅ​លេង​ជាមួយ​នឹង​សត្វ​ក្តាម​នោះ​ជា​ដរាប ​នៅ​រាល់​ពេល​ដែល​នាង​មក​មាត់​អូ Plum Creek នេះ​។ មាន​ថ្ងៃ​មួយ នាង​ Laura បាន​លើក​យករឿង​​សត្វ​ក្តាម​នៅ​មាត់​អូ​ Plum Creek នេះ​ទៅ​និយាយ​​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​នៅ​ពេល​បាយ​ថ្ងៃ​ត្រង់​។ Charles ជា​ឪពុក​របស់​នាង​បាន​ហាម​នាង​មិន​ទៅ​ជិត​ក្តាម​នោះ ព្រោះ​ខ្លាច​ក្តាម​នោះ​កៀប​ដៃ​នាង​។ ព្រម​ពេល​ជាមួយ​គ្នា​នេះ​ដែរ Caroline ម្តាយ​នាង​ Laura ក៏​បាន​ប្រាប់ទៅសមាជិក​គ្រួសារ​ទាំង​អស់​ថា​ពួក​គេ​​ត្រូវ​បាន​គ្រួសារ​ហ៊ា Oleson ​អញ្ជើញ​​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ក្នុង​ពិធី​ជប់​លៀង​ថ្ងៃ​កំណើត​របស់​នាង Nellie នៅ​ឯផ្ទះ​របស់​នាង នៅ​ឯ​​ផ្សារស្រុក Walnut Grove នេះ​។ ចំពោះ Laura នាង​មិន​ចង់​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​របស់​នាង Nellie នោះ​ទេ​ ព្រោះ​ Nellie មាន​ចរិតមិន​ល្អ​សោះ (mean girl) ម៉្យាង​ទៀតគេ​គ្មាន​អ្វី​សម្រាប់​ជូន​ជា​អំណោយ​ឲ្យ​ដល់​ Nellie ទេ​។ តែ Caroline បាន​ប្រាប់​ទៅ​កូន​ស្រី​នាង​ទាំង​អស់​ថា បើ​ពូក​នាង​មិន​អាច​រក​អំណោយ​ធំ​ដុំ​បាន ពួក​នាង​អាច​បេះ​ផ្កា​ផ្សេង​ៗ​ដែល​ដុះ​នៅ​វាល​ស្មៅ​ខាង​មុខ​ផ្ទះ​យក​ទៅ​ជូន​នាង Nellie បាន​ គឺ​សំខាន់​ស្ថិត​នៅ​ទឹក​ចិត្ត​ស្រឡាញ់​រាប់អាន​គ្នា​តែ​ប៉ុណ្ណោះ​។

 

បើ​និយាយ​ពីនាង Olga កុមារី​ខើច​ជើង​ម្ខាង​ពី​កំណើត​នោះ​វិញ នាង​ក៏​ត្រូវ​បាន​គ្រួសារ​ហ៊ា Oleson ហៅ​​​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កំណើត​របស់​ Nellie ដែរ​។ ហើយ​ដើម្បី​ឲ្យ​មាន​សម្លៀក​បំពាក់​សមរម្យ​នឹង​គេ ជី​ដូន​របស់​នាង​បាន​ដេរ​ប៉ះ​សំពត់​វែង (robe) ​តែ​មួយ​របស់​​នាង​កុំ​ឲ្យ​មើល​ឃើញ​រហែក​។ នាង Olga កុមារី​អភ័ព្វ​នោះ​ រស់​នៅ​តែ​ជា​មួ​យ​នឹង​ឪពុក​និង​ជីដូន​របស់​នាង​តែ​ប៉ុណ្ណោះ ម្តាយ​នាង​បាន​ស្លាប់​ចោល​នាង​តាំង​តែ​ពី​នាង​នៅ​ពីតូច​មក​ម្លេះ​។ ម៉្យាង​ទៀត​​ ឪពុក​នាង Olga មិន​ចង់​ឲ្យកូន​ស្រី​គាត់​ទៅ​រៀន​សូត្រ​ឬ​ទៅ​ណា​ឡើយ ព្រោះ​គាត់​យល់​ឃើញ​នាង​ Olga នឹង​មិន​អាច​មាន​មិត្ត​ភ័ក្រ​បាន​ឡើយ​ ដោយ​សារ​តែ​ភាព​ពិការ​ជើង​របស់​នាង ហើយ​នាង Olga គួរ​តែ​សម្ងំ​នៅ​តែ​ផ្ទះ​ ដើម្បី​កុំ​ឲ្យ​មាន​ការឈឺ​ចិត្ត​នៅ​ពេល​ឃើញ​គេ​អាច​ធ្វើ​អ្វី​ៗ​បាន​ ហើយ​ខ្លួន​នាង​ធ្វើ​មិន​បាន​។ ក៏​ប៉ុន្តែ ជី​ដូន​​របស់​ Olga មិន​​យល់​ស្រប​នឹង​គំនិត​របស់​កូន​គាត់​ឡើយ​។

 

នៅ​ពេល​ដែល​ Laura និង Mary ទៅ​ដល់​ផ្ទះ​ហ៊ា Oleson គេ​ទាំងពីរ​នាក់​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​ឃើញ​ផ្ទះ​នោះ​ប្រកប​ដោយ​គ្រឿង​តុបតែង​ដ៏​ល្អ​ប្រណិត​ និង​ទំនើប​ៗ​ មាន​ដូច​ជា​នាឡិកា​ប៉ោល​ជា​ដើម​។ លើស​ពី​នេះ​ទៀត ដើម្បី​ជា​ការបង្អួត​គេ ចែ Harriet បាន​ប្រាប់​ទៅ​នាង Nellie ឲ្យ​យក​​កូន​ក្រមុំ​ជ័រ​ដ៏​មាន​តម្លៃ​របស់​នាង​មក​បង្ហាញ​កុមារ​ទាំង​អស់​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កំណើត​នេះ​។ ហើយ​ដោយ​ឃើញ​កូន​ក្រមុំ​ជ័រ​នោះ​ល្អ​ពេក នាង Laura ក៏​បាន​យក​ដៃ​ទៅ​ប៉ះ តែ​ត្រូវ​នាង Nellie ឆក់​កូន​ក្រមុំ​នោះ​ចេញ​ ដែល​បណ្តាល​ឲ្យ​រហែល​ជរ​សំពត់​កូន​ក្រមុំ​នេះ​​។ អាក្រក់​ជាងនេះទៅ​ទៀត នាង​ Nellie បាន​ច្រាន​នាង Laura ដួល​ផ្ញារ​ជើង​បណ្តាលឲ្យ​ឈឺ​​កជើង​។ ឃើញ​ដូច​នេះ ចែ Harriet ក៏​ដេញ​ក្មេង​ទាំងអស់​ឲ្យ​ទៅ​លេង​នៅ​ខាង​ក្រៅ​ផ្ទះ​។

 

នៅ​ថ្ងៃ​មួយ​ Charles និង Caroline ​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​ពិធី​ជប់លៀង​ជួប​ជុំ​គ្នា​មួយ​សម្រាប់​កូន​ស្រី​របស់​គេ​ទាំង​អស់​គ្នា​។ ហើយ​​នៅ​ពេល​នោះ កូនស្រី​ច្បង​របស់​គាត់​ទាំងពីរ​គឺ​នាង Laura និង​នាង Mary អាច​ហៅ​មិត្ត​ភ័ក្រ​របស់​នាង​ប៉ុន្មាន​នាក់​​មក​ចូល​រួម​ក៏​បាន​ដែរ​។ លើស​ពី​នេះ​ទៀត Caroline បាន​ប្រាប់​ទៅ​ Laura ឲ្យ​ហៅ​នាង Olga កុមារី​ខើច​ជើង​ម្ខាង​ ឲ្យ​មក​ចូល​រួម​កុំបី​ខាន​ឡើយ​។

 

មួយ​រយៈ​កន្លង​មក​ទៀត នៅ​ពេល​មួយ​​នោះ នាង​ Laura បាន​និយាយ​ប្រាប់​ឪពុក​នាង​ពី​ប្រការ​ដែល​នាង​បាន​ឃើញ​​នាង Olga ដើរ​ដោយ​យក​ជើង​ខ្លី​ម្ខាង​របស់​នាង​ជាន់​លើ​បន្ទះ​ក្តារ​​ដែល​មាន​កម្រាស់​សម​ល្មម ហើយ​នៅ​ពេល​នោះ​​ នាង​ Olga បាន​ដើរ​ដូច​មនុស្ស​ធម្មតា ដោយ​មិន​ដើរ​ប៉ាំង​ពាច​ឡើយ (limp) ។ រឿង​នេះ​បាន​ផ្តល់​ជា​គំនិត​ដល់​ Charles ឲ្យ​ចង់​ធ្វើ​ស្បែក​ជើង​មួយ​គូ​ដែល​មាន​កែង​ខ្ពស់​ម្ខាង​សម្រាប់​នាង Olga ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​នាង​អាច​ដើរ​បាន​ធម្មតា​ដូច​កុមារី​ដទៃ​ទៀត​។ Charles បាន​ទៅ​សួរ​យោបល់​ពី​ឪពុក​របស់​នាង​ Olga ពី​រឿង​ធ្វើស្បែក​ជើង​កែង​ខ្ពស់​ម្ខាង​នេះ តែ​ឪពុក​នាង Olga មិន​យល់​​ស្រប​ជា​មួយ​នឹង Charles ឡើយ​។ ក៏​ប៉ុន្តែ​ ជី​ដូន​របស់​នាង​ Olga បាន​យល់​ស្រប​នឹងគំនិត​របស់​ Charles ហើយ​បាន​លួចយក​​ស្បែក​ជើង​មួយ​គូ​ទៅ​​ឲ្យ​ Charles ដាក់​កែង​ខ្ពស់​ម្ខាង​សម្រាប់​ឲ្យ​ចៅ​ស្រី​ Olga របស់​គាត់​ពាក់​សាក​មើល​។ លុះ​ស្បែក​ជើង​បាន​ធ្វើ​រួច​ហើយ អ្វី​ៗ​គឺ​សម​ដូច​បំណង​មែន នាង​ Olga បាន​ពាក់​ស្បែក​ជើង​នោះ និង​អាច​ដើរ​និង​រត់​លេង​បាន​ដូច​ជា​កុមារី​​ដទៃ​ទៀត​ដែរ​។

 

លុះ​ដល់ថ្ងៃ​ជប់លៀង​មក​ដល់ កុមារី​ជា​ច្រើន​បាន​មក​លេង​ផ្ទះ​របស់​នាង Laura និង Mary ។ នៅ​ពេល​នោះ​ពួក​គេ​បាន​លេង​ល្បែង​ជា​ច្រើន ហើយ​នាង Nellie បាន​ចាញ់​គេ​រហូត ព្រោះ​នាង​រត់​មិន​បាន​លឿន​ដូច​គេ​។ ហើយ​ដោយ​ការ​ច្រណែននឹង​នាង Olga ដែល​អាច​រត់​បាន​លឿន​ជាង​គេ​នោះ​ នាង​ Nellie បាន​បបួល​កុមារី​ទាំង​អស់​ឲ្យ​ទៅ​លេង​នៅ​ក្នុង​ទឹក​ នៅ​​ក្នុង​អូ Plum Creek ដោយ​ដោះ​ស្បែក​ជើង​ចេញទាំងអស់​គ្នា​​។ នាង Laura ក៏​បាន​នាំ​កុមារី​ទាំង​អស់​ទៅ​កន្លែង​ដែល​មាន​សត្វ​ក្តាម​រស់​នៅ​ទី​នោះ​។ ហើយ​នាង Laura បាន​បោក​បញ្ឆោត​នាង Nellie ឲ្យ​ទៅ​ជិត​ក្តាម​នោះ​ដែល​បាន​ស្ទុះ​ចេញ​មក​រក​នាង​ Nellie ។ ប្រការ​នេះ​បណ្តាលឲ្យ​នាង Nellie ​រត់​ដួល​ក្នុង​ទឹក​​ និង​ប្រឡាក់​ភក់​ស្រម៉ក​។

 

ខាង​ក្រោម​នេះ​គឺ​ជា​ខ្សែ​វីដេអូ​រឿង "កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "ជប់លៀង​អ្នក​ផ្សារ-​ជប់លៀង​អ្នក​ស្រែ" ៖

 

"កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "ជប់លៀង​អ្នក​ផ្សារ-​ជប់លៀង​អ្នក​ស្រែ" (២)
 

"កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "ជប់លៀង​អ្នក​ផ្សារ-​ជប់លៀង​អ្នក​ស្រែ" (៣)
 

"កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "ជប់លៀង​អ្នក​ផ្សារ-​ជប់លៀង​អ្នក​ស្រែ" (៤)
 

"កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "ជប់លៀង​អ្នក​ផ្សារ-​ជប់លៀង​អ្នក​ស្រែ" (ត​ចប់)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: