រឿង "ព្រះ​អង្គ​ម្ចាស់ និង​នាង​ខ្ញុំ” (The Prince and Me)

មាន​កម្លោះ​កូន​អ្នក​មាន​​ម្នាក់​​​រស់​នៅ​ប្រទេស​ដាណឺម៉ាក​​ បាន​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្តាយ​របស់​គេ​ទៅរៀន​នៅ​សាកលវិទ្យា​ល័យ​មួយ​នៃ​រដ្ឋ Wisconsin ។ កម្លោះ​នោះ​មាន​បំណង​ចង់​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក ដោយសារ​គេ​បាន​មើល​ទូរទស្សន៍​ឃើញ​មាន​កម្មវិធី “Girls Gone Wild” នៃ​​នារី​ៗ​នៅ​រដ្ឋ​ Wisconsin ។

 

មិន​យូរ​ប៉ុន្មាន កម្លោះ​នោះ​បាន​ចុះ​ឈ្មោះ​រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​រដ្ឋ​ Wisconsin ហើយ​បាន​មក​រៀន​នៅ​ទី​នោះ​ដោយ​មាន​​អង្គរក្ស​ម្នាក់​មក​ជាមួយ​ផង​​។ នៅ​ពេល​មក​​ដល់​សាកលវិទ្យាល័យ កម្លោះ​រូប​សង្ហារ​នោះ​បាន​ហាម​មិន​ឲ្យ​អង្គរក្ស​របស់​គេ​ហៅ​ខ្លួន​ថា “ទ្រង់” (The Prince) ឬ​ “ព្រះ​អង្គ” (your royal highness) ឡើយ គឺ​ត្រូវ​ហៅ​គេ​ថា Eddie ។ នៅ​ក្នុង​សាកលវិទ្យាល័យ នៅ​កន្លែង​លក់ម្ហូប​អាហារ​ កម្លោះ​រូប​​សង្ហារ​បាន​សម្លឹង​ទៅ​នារី​ដ៏​ស្រស់​ប្រិមប្រិយម្នាក់​​ដែល​ជា​អ្នក​លក់​នៅ​ទី​នោះ ​ដោយ​មិន​ដាក់​ភ្នែក​។ គេ​បាន​ទៅ​ជិត​នាង​ និង​ទិញ​ភេសជ្ជៈ​មួយ​កែវ ហើយ​សុំ​នាង​នោះ​ឲ្យ​ធ្វើ​ដូច​នៅ​ក្នុង​កម្មវិធី Girls Gone Wild (“take the top off for me”) ព្រោះ​គេ​គិត​ថា​នារី​នៅ​រដ្ឋ Wisconsin សុទ្ធ​តែ​អាច​ធ្វើ​ដូច​នេះ​បាន​ទាំង​អស់​។ ក៍​ប៉ុន្តែ​ កម្លោះ​រូប​សង្ហារ​នោះត្រូវ​កញ្ញា​អ្នក​លក់​​​បាញ់​ទឹក​​ដាក់មុខ និង​ត្រូវ​​គេ​ចាប់​អូស​ចេញពី​នោះ ព្រោះ​វា​ជា​ការ​មើល​ងាយ​ដល់​នារី​ភេទ​។

 

នៅ​ពេល​ចូល​រៀន កម្លោះ​រូប​សង្ហារ​នោះ​ត្រូវ​ធ្វើ​ជា​ដៃ​គូ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ជា​មួយ​នឹង​កញ្ញា​លក់​ម្ហូប​អាហារ​នោះ (នាង​មាន​ឈ្មោះ​ថា Paige) ​សម្រាប់​​រយៈ​ពេញ​មួយ​ឆ្នាំ​។​ ម៉្យាង​ទៀត អង្គរក្ស​របស់​កម្លោះ​រូប​សង្ហារ​ក៏​ចង់​ចូល​អង្គុយ​ជា​មួយ​នឹង​​កម្លោះ​​នោះ​​ដែរ តែ​ត្រូវ​លោក​សាស្ត្រាចារ្យ​នៃ​មន្ទីរ​ពិសោធន៍​ឲ្យ​នៅ​ខាង​ក្រៅ​។ នៅ​ពេល​ចេញ​ពី​មន្ទីរ​ពិសោធន៍​វិញ នាង Paige បាន​​ប្រាប់​ដល់​កម្លោះ​រូប​សង្ហារ​ដែល​មាន​ឈ្មោះ​ថា Eddie នោះ​ឲ្យ​យក​ចិត្ត​ទុក​ក្នុង​ការ​សិក្សា​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ ព្រោះ​នាង​មិន​អាច​ទទួល​យក​​ការបរាជ័យ​នៅ​ពេល​ប្រឡងបាន​​ឡើយ​។ កម្លោះ Eddie បានសុំ​​ទោស​នាង​ Paige ដោយ​សម្តែង​កាយវិកា​របស់​រាជវង្ស ដែល​បាន​ធ្វើ​ឲ្យ​នាង Paige ឆ្ងល់​ និង​​សួរ​ថា​តើ កម្លោះ​ Eddie កំពុង​តែ​ស្រវឹង​ ឬ​យ៉ាង​ណា​។

 

នៅ​ថ្ងៃ​មួយ ដោយ​មិន​ឃើញ​កម្លោះ Eddie មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ ហើយ​ដោយ​នាង Paige ចាំ​បាច់​ត្រូវ​តែ​មាន​គ្នា​ពីរ​នាក់ នាង Paige ក៍​បាន​មក​តាម​ហៅ​កម្លោះ Eddie មក​ដល់​ក្នង​បន្ទប់​របស់​គេ​។ នៅ​ពេល​នោះ​ នាង​បាន​ឃើញ​អង្គរក្ស​របស់​​កម្លោះ Eddie កំពុង​ចំអិន​អាហារ​ពេល​ព្រឹក​ និងយក​ទៅ​ឲ្យ​កម្លោះ​ Eddie ដល់​លើ​គ្រែ​។ ឃើញ​ដូច​នេះ នាង​ Paige បាន​និយាយ​ថា នាង​មិន​អាច​ធ្វើ​ដូច​ជា​ Eddie បាន​ទេ នាង​ត្រូវ​រស់​ដោយ​កម្លាំង​ញើស​ឈាម​របស់​នាង ហើយ​​នៅ​សហរដ្ឋ​អាមេរិក ជន​គ្រប់​រូប​មាន​ឬ​ក្រ​ គឺ​អាស្រ័យ​ដោយ​ការខិត​ខំ​ធ្វើការ​របស់​គេ​មា្នក់​ៗ​។

ដោយ​ការចំណាយ​ច្រើន​ពេក កម្លោះ Eddie ​បាន​ជួប​នឹង​បញ្ហា​ខ្វះ​ប្រាក់​កាស​។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​កម្លោះ​ Eddie ទៅ​សុំ​ការងារ​ធ្វើ​នៅ​ហាង​លក់​ម្ហូប​អាហារ​​នៅ​ក្នុង​សាកលវិទ្យាល័យនោះ​​។ ពី​ដំបូង​មេ​ការ​ហាង​មិន​ចង់​ទទួល​យក Eddie ឲ្យ​ធ្វើការ​ទេ ទោះ​ជា​​កម្លោះ​នោះ​ចេះ​និយាយ​ជា​ច្រើន​ភាសា​យ៉ាង​ណា​ក៍​ដោយ​។ តែ​ដោយ​​កម្លោះ Eddie បាន​ប្រាប់​មេការ​ថា​ គឺ​នាង​​ Paige ដែល​ជា​អ្នក​បញ្ជូន​គេ​ឲ្យ​មក ដូច​នេះ​មេការ​ក៍​សុខ​ចិត្ត​ទទួល​យក Eddie ធ្វើការ​ទៅ​។ នៅ​ពេល​ធ្វើ​ការ​ជា​លើក​ដំបួង​ កម្លោះ​ Eddie គ្មាន​ចេះ​អ្វី​ទាំង​អស់ ហើយ​ត្រូវ​នាង Paige បង្រៀន​គ្រប់​បែបយ៉ាង​។

 

មួយ​រយៈ​កន្លង​មក កញ្ញា​ Paige ចាប់​ផ្តើម​មាន​អារម្មណ៍​យល់​ថា​កម្លោះ​ Eddie ជា​មនុស្ស​ឧស្សាព្យាយាម និង​និយាយ​ស្តី​ដឹង​ខុស​ត្រូវ​ និង​ប្រកប​ដោយ​ពាក្យ​ពេជន៍​ដ៏ថ្ងៃ​ថ្នូរ​​។ ដូច​នេះ នៅ​ថ្ងៃ​មួយ​នាង​ Paige ក៏​បាន​សុំ​ឲ្យ​កម្លោះ Eddie ជួយ​ពន្យល់​នាង​ពី​ឃ្លា​កំណាព្យ​នៅ​ក្នុង​រឿង​ល្ខោន​ “Romeo and Juliet” របស់​ Shakespeare ព្រោះ​នាង​​ Paige ធ្លាប់​ឮ​ Eddie និយាយ​ពី​រឿង​ Romeo and Juliet នេះ​។ ទន្ទឹម​គ្នា​នេះ កម្លោះ Eddie ក៏មាន​សំណូម​ពរ​មួយ​ដែរ គឺ​ចង់​ឲ្យ​នាង Paige ជួយ​បង្រៀន​គេ​ពី​ការប្រើប្រាស់​ម៉ាស៊ីន​បោក​ខោអាវ​​។ នៅ​កន្លែង​បោក​ខោអាវ កញ្ញា Paige បាន​បង្រៀន​​កម្លោះ Eddie ដោយ​ចេះ​បោក​ខោអាវ ហើយ​ចំណែក​កម្លោះ​ Eddie វិញ ​បាន​ជួយ​ពន្យល់​កញ្ញា​ Paige ពី​ឃ្លា​កំណាព្យ​របស់​ Shakespeare ដោយបាន​​គូស​បញ្ជាក់​ពី​អត្ថន័យ​នៃ​សេចក្តី​ស្នេហា​ដែល​តែង​តែ​ធ្វើ​ឲ្យ​​ជន​ទាំងពួង​មើល​លែង​ឃើញ​អ្វី​ទាំងអស់​​ក្រៅ​ពី​សេចក្តី​ស្នេហារបស់​គេ​។

 

មួយ​រយៈកាល​កន្លង​មក បុណ្យ Thaksginving នឹង​​​ឈាន​ចូល​មក​ដល់ កញ្ញា Paige បាន​ហៅ​កម្លោះ Eddie ឲ្យ​ទៅ​ធ្វើ​​បុណ្យ​ Thanksgiving នៅ​ឯ​ស្រុកកំណើត​​​របស់​នាង​ដែល​ស្ថិត​នៅ​ឯ​ជន​បទ​។ នៅ​ពេល​ដែល​ Eddie ទៅ​ដល់​ស្រុក​កំណើត​របស់​កញ្ញា Paige គ្រួសារ​របស់​នាង បាន​ទទួល​កម្លោះ​ Eddie យ៉ាង​រាក់ទាក់​ជាទី​បំផុត​។ លើស​ពី​នេះ​ទៀត​ ក្រុម​គ្រួសារ​របស់​នាង​ Paige បាន​សរសើរ​កម្លោះ Eddie នៅ​នឹង​មុខ​ថា​មាន​រូប​រាង​សង្ហារ​គួរ​ឲ្យ​គយគន់ (good looking) ។ នៅ​ថ្ងៃ​បុណ្យ Thanksgiving កម្លោះ Eddie និង​កញ្ញា​ Paige បាន​ដើរ​លេង​ជាមួយ​គ្នា​​យ៉ាង​សប្បាយ​រីក​រាយ ហើយ​មិន​យូរ​ប៉ុន្មាន​គេ​ក៏​បាន​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​​យ៉ាង​ជ្រៅ​​ជាទី​បំផុត​។

 

តាំង​តែ​ពី​ថ្ងៃ​បុណ្យ​ Thanksgiving នោះ​មក កម្លោះ​ Eddie និង​កញ្ញា Paige មិន​អាច​ឃ្លាត​គ្នា​បាន​ឡើយ​​។ ហើយ​ទោះ​បី​ជា​នៅ​កន្លែង​ណា​ក៏​ដោយ ក៏​គេ​ទាំងពីរ​ប្រាណ​​កៀក​ដៃ​គ្នា​ជាប់​ជានិច្ច​​។ តែ​មាន​ថ្ងៃ​មួយ មាន​អ្នក​លួច​ថត​រូប​ជា​ច្រើន​បាន​មក​ថត​យក​រូប​កម្លោះ Eddie និង​កញ្ញា Paige ដែល​កំពុង​លង់​ខ្លួន​ក្នុង​ភ្លើង​ស្នេហ៍​ដ៍​សន្ធោរសន្ធៅ​មួយ​ នៅ​ក្នុង​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​។ នៅ​ពេល​នោះ គេ​ទាំងពីរ​នាក់​បាន​រត់​គេច​ខ្លួន​ពី​អ្នក​ថត​រូប​ទាំង​នោះ តែ​កញ្ញា Paige បាន​​ឮ​អ្នក​ថត​រូប​ទាំង​នោះ​ហៅ​កម្លោះ Eddie ថា “Prince Edward” និង “your Highness” ។ បន្ទាប់​មក​ នាង​ Paige ក៏​បាន​ដឹង​ថា​ក​ម្លោះ Eddie គឺ​ជា​កូន​ស្តេច​នៃ​ប្រទេស​ដាណឺម៉ាក​។ នាង​ Paige មាន​ការខក​ចិត្ត​ជា​ខ្លាំង ព្រោះ​នាង​យល់ថា​​រូប​ថត​នាង និង​ព្រះ​អង្គ​ម្ចាស់ Edward នឹង​ត្រូវ​គេ​យក​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ទស្សនាវដ្ដី​នានា​​​។ លើស​ពី​នេះ​ទៀត ​នាង Paige មានកំហឹង​​​ជា​ខ្លាំង​ ព្រោះ​នាង​​​យល់់​ថា​នាង​កំពុង​តែ​​ចាញ់​បោក​ព្រះ​អង្គ​ម្ចាស់​ Edward ដែល​បាន​ដើរ​តួ​ធ្វើ​ជា​ស្រឡាញ់​នាង​។

 

រឿង​ហេតុ​ដែល​បាន​កើត​ឡើងទាំង​ប៉ុន្មាន​​ជា​មួយ​នឹង​អ្នក​លួច​ថត​រូប បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​ម្ចាស់ Edward វិល​ត្រឡប់​ទៅ​ប្រទេស​ដាណឺម៉ាក​វិញ​។ កត្តា​នេះ​បាន​ញ៉ាំង​ឲ្យ​នាង​ Paige មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​បាត់​របស់​អ្វី​ម៉្យាង ដែល​ជា​ប្រការ​មិន​អាច​ឲ្យ​នាង​នៅ​ស្ញៀម​បាន​ឡើយ​។ អាស្រ័យ​ហេតុ​នេះ នាង Paige ក៏​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដាណឺម៉ាក​ ក្នុង​គោលបំណង​ទៅ​ជួប​នឹង​ព្រះ​អង្គ​ម្ចាស់​ Edward នៅ​ទី​នោះ​។ ដោយ​មាន​ការជួយ​ឧបត្ថម្ភ​ពី​មិត្ត​ស្រី​ទាំងឡាយ​របស់​នាង កញ្ញា Paige ក៍​មាន​សមត្ថភាព​អាច​ទិញ​សំបុត្រ​យន្តហោះ​ជិះ​ទៅ​​កាន់​ប្រទេស​ដាណឺម៉ាក​។ ​

 

នៅ​ក្នុង​ព្រះរាជ​វាំង​នៃ​ប្រទេស​ដាណឺម៉ាក នាង Paige ត្រូវបាន​​ទទួល​យ៉ាង​រាក់​ទាក់​ជា​ទី​បំផុត​ពី​សំណាក់​គ្រួសារ​ព្រះ​រាជវង្ស​ទាំង​អស់​​។ ហើយ​នៅ​ពេល​នោះ ព្រះ​អង្គ​ម្ចាស់ Edward បាន​សុំ​នាង​ Paige រៀប​អភិសេក កញ្ញា Paige ក៏​បាន​យល់​ព្រម​​។ ម៉្យាង​ទៀត ព្រះ​អង្គ​ម្ចាស់ Edward បាន​ប្រាប់​នាង​ថា ទ្រង់​នឹង​ឡើង​គ្រង​រាជ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

 

ជី​វិត​នៅ​ក្នុង​ព្រះ​រាជ​វាំង​របស់​កញ្ញា Paige មាន​លក្ខណៈ​ខ្ពង់​ខ្ពស់​ណាស់ ព្រោះ​នាង​ត្រូវ​ដេក​នៅ​ក្នុង​បន្ទប់​ដ៏​ល្អ​ប្រណិត និង​មាន​ភិលៀង​ឆ្វេង​ស្តាំ​បម្រើ​ទឹក​ក្តៅ​ត្រជាក់​គ្រប់​ពេល​វេលា​ បរិភោគ​អាហារ​សុទ្ធ​តែ​ឆ្ងាញ់​ៗ​ផុត​លេខ​។ ក៏​ប៉ុន្តែ នាង Paige ដែល​ជា​អនាគត​ព្រះ​មហេសី​របស់​ស្តេច​នៃ​ប្រទេស​ដាណឺម៉ាក ត្រូវ​ធ្វើ​អ្វី​ៗ​តាម​កាល​វិភាគ​ដែល​ត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ​គ្រួសារ​ព្រះ​រាជវង្ស​។ មួយ​វិញ​ទៀត នាង​ Paige មិន​ដែល​រស់​នៅ​តាម​បែបបទ​ព្រះ​រាជ​វង្ស​ម្តង​ណា​ឡើង ដូចនេះ​មាន​ពេល​ខ្លះ​នាង​បាន​ធ្វើ​សកម្មភាព​​ដែល​ឆ្គាំ​ឆ្គង ហើយ​ត្រូវ​បាន​កាសែត​បរិហារកេរិ៍្ត​ និង​​ត្រូវ​ទទួល​ការ​ស្តី​បន្តោស​ខ្លះ​ៗ​ពី​ព្រះ​មាតា​របស់​ព្រះ​អង្គ​ម្ចាស់ Edward ។ ផ្ទុយ​ទៅ​វិញ ជីវិត​នៅ​ក្នុង​ព្រះរាជ​វាំង​ មិន​មែន​សុទ្ធ​តែ​នាំ​មក​នូវ​​សភមង្គល​គ្រប់​យ៉ាង​នោះ​ទេ ហើយ​មាន​ថ្ងៃ​មួយ​ នាង Paige មាន​ការនឿយ​ណាយ​នឹង​ជីវិត​រស់​នៅ​ក្នុង​ទ្រុង​មាស​នៃ​ព្រះរាជ​វាំង​នេះ​ណាស់​។ ដូចនេះ នាង​ក៏​បាន​សុំ​ព្រះ​អង្គ​ម្ចាស់ Edward វិល​ត្រឡប់​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​វិជ្ជសាស្ត្រ​របស់​នាង​ នៅ​សហរដ្ឋ​អាមេរិក​វិញ​។

 

មួយ​រយៈពេល​ក្រោយ​មក នាង​ Paige បាន​បញ្ចប់​ការសិក្សា​របស់​នាង ហើយ​នាង​បាន​ក្លាយ​ខ្លួន​ទៅ​ជា​វជ្ជបណ្ឌិត​មួយ​រូប​។ នៅ​ថ្ងៃ​ទទួល​សញ្ញា​ប័ត្រ​បញ្ចប់​ការសិក្សា​ ម្តាយ​ឪពុក​របស់​នាង Paige ក៏​បាន​មក​ចូល​រួម​នៅ​ក្នុង​ពិធី​​នោះ​ដែរ​។ តែ​នៅ​ពេល​នោះ​នាង​បាន​ឮ​សម្លេង​របស់​ជន​ម្នាក់​ដែល​នាង​ស្គាល់​យ៉ាង​ច្បាស់​។ ហើយ​នៅ​ពេល​ដែល​នាង​ងាក​ទៅ​រក​ម្ចាស់​សម្លេង​នោះ គឺ​​ជា​ព្រះ​អង្គ​ម្ចាស់ Edward ។

ខាង​ក្រោម​នេះ គឺ​ជា​ខ្សែ​វីដេអូ​រឿងៈ “ព្រះ​អង្គ​ម្ចាស់​ និង​នាង​ខ្ញុំ” ៖

 

ព្រះ​អង្គ​ម្ចាស់ និង​នាង​ខ្ញុំ (២)
 

ព្រះអង្គម្ចាស់ និង​នាងខ្ញុំ (៣)
 

ព្រះអង្គម្ចាស់ និង​នាងខ្ញុំ (៤)

ព្រះអង្គម្ចាស់ និង​នាងខ្ញុំ (៥)

ព្រះអង្គម្ចាស់ និង​នាងខ្ញុំ (តចប់)

Advertisements

Comments on: "រឿងៈ “ព្រះ​អង្គ​ម្ចាស់ និង​នាង​ខ្ញុំ”" (1)

  1. មើលរួចហើយ ជាភាសាសឆែក កាលពីមុន..ល្អមើលតើ កាលីបត្រង់ម្ចាស់ក្សត្រីនាំទៅរើសខ្សែក ខំតែភ័យ..ហាហាហាហហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: