រឿង “សៀវភៅ​ប្រវត្តិ​ស្នេហ៍” (The Notebook)

នៅ​ក្នុង​មជ្ឍមណ្ឌល​មនុស្ស​ចាស់និង​ជន​ពិការ​​មួយ​កន្លែង (nursing home) មាន​បុរស​វ័យ​ចំណាស់​ម្នាក់​មាន​ឈ្មោះ​ថា Duke បាន​អាន​សៀវភៅ​កំណត់​ហេតុ​មួយ​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ស្តាប់។ ហើយ​រឿង​រ៉ាវ​​ដែល​មាន​នៅ​ក្នុងសៀវភៅ​​កំណត់​ហេតុ​នោះ​គឺមាន​​ដូច​តទៅ​៖

 

នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា ឆ្នាំ ១៩៤០ គឺ​ជាថ្ងៃ​ដ៏​មហោឡារិក​នៃ​ពិធី​បុណ្យ​ carnival នៅ​ក្នុងស្រុក​ Seabrook Island ​នៃ​រដ្ឋ South Carolina ។ នៅ​ពេល​នោះ​ មាន​យុវជន​ម្នាក់​មាន​ឈ្មោះ​ថា Noah Calhoun បាន​ជាប់ចិត្ត​ប្រតិព័ទ្ធ​នឹង​យុវតី​ម្នាក់​មាន​ឈ្មោះ​ថា Allie Hamilton ។ នៅ​គ្រា​​នោះ យុវជន Noah បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ទាក់​ទាញ​ចិត្ត​របស់​នាង Allie ដ៏​ស្រស់​ប្រិមប្រិយមួយ​រូប​នោះ​ មាន​ដូច​ជា​ចង់​ទម្លាក់​​ខ្លួន​ពី​លើ​ទោង​វិល​ជា​ដើម​ បើ​​នាង​ Allie មិន​ព្រម​ឆ្លើយ​ថា​យល់​ព្រម​ដើរ​លេង​ជា​មួយ​គេ​នោះ​ទេ​។ លើស​ពី​នេះ​ទៀត បន្ទាប់​ពី​ថ្ងៃ​បុណ្យ carnival នោះ​មក យុវជន​ Noah បាន​ស្កាត់​ជួប​កញ្ញា Allie នៅ​តាម​ផ្លូវ​ ក្នុង​គោល​បំណង​បបួល​នាងទៅ​​ដើរ​លេង ដោយ​និយាយ​ថា​គេ​អាច​រៀបចំ​ឫកពារ​ឲ្យ​ទៅ​ជា​មនុស្ស​ប្រភេទ​ក៏​បាន​ដែរ អាស្រ័យ​ទៅ​ការចង់​បាន​របស់​ Allie ។ ក៏​ប៉ុន្តែ​នាង​ Allie មិន​បាន​ឆ្លើយ​ថា​អ្វី​ទេ នាង​គ្រាន់​តែ​និយាយ​ថា​ Noah គឺ​​ជា​មនុស្ស​ភ្លើ​ម្នាក់ គួរ​តែ​ទៅ​ដាំ​ចេកទៅ​វិញ​​ចុះ​​ប្រសើរ​ជាង​។ ជា​ចៃដន្យ​ល្អ ថ្ងៃ​មួយ​ កម្លោះ​ Noah បាន​ជួប​នឹង​​កញ្ញា Allie ម្តង​ទៀត​នៅ​ក្នុង​រោង​កុន​​នៅ​កណ្តាល​ទី​ប្រជុំ​ជន​​។ ហើយ​នៅ​ពេល​ចេញ​ពី​រោង​កុននោះ​​មក​វិញ Noah និង Allie បាន​ដើរ​ជជែក​គ្នា​នៅ​តាម​ដង​វិថី​នានា​នៅ​កណ្តាល​ទី​ក្រុង​។ ហើយ​ដើម្បី​សម្តែង​នូវ​សេចក្តី​ក្លាហាន​ឲ្យ​នាង​ Allie ឃើញ កម្លោះ Noah បាន​ទៅ​ដេក​នៅ​កណ្តាល​ថ្នល់​ និង​បាន​ហៅ​កញ្ញា Allie សាកល្បង​ធ្វើ​ដូច​គេ​លមើល​។ កញ្ញា​ Allie ក៏​បាន​សាក​ល្បង​ដេក​នៅ​កណ្តាល​ថ្នល់​ដូច​​កម្លោះ Noah ដែរ​។ មិន​ត្រឹម​តែ​ដេក​នៅ​កណ្តាល​ថ្នល់​ប៉ុណ្ណោះ​ទេ គេ​ទាំងពីរ​នាក់​ថែម​ទាំង​បាន​រាំ​លេង​កំសាន្ត​នៅ​កណ្តាល​ថ្នល់​បាន​យ៉ាង​សប្បាយ​ទៀត​ផង​។ ចាប់​តាំង​ពី​រាត្រី​នោះ​មក កម្លោះ Noah និងកញ្ញា Allie បាន​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​យ៉ាង​ជ្រៅ​ ដែល​គ្មាន​​អ្វីនឹង​​អាច​យក​មក​វាស់​​ស្ទង់​បាន​ឡើយ​​​។ ហើយ​គេ​ទាំងពីរ​នាក់​បាន​កសាង​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​ៗ​ជា​ច្រើន​ជា​មួយ​គ្នា​។

 

នា​រាត្រី​មួយ​​ នៅ​ពេល​ខែ​ពេញ​បូរមី Noah បាន​នាំ​នាង​ Allie ទៅ​មើល​ផ្ទះ​បុរាណ​ត្រូវ​គេ​បោះបង់​ចោលមួយ ​​ដែល​ស្ថិត​​នៅ​ក្បែ​មាត់​អូ​។ នៅ​ពេល​នោះ Noah ​បាន​ប្រាប់​នាង Allie ​ថា​គេ​នឹង​ទិញ​ផ្ទះ​បុរាណ​នោះ យក​មក​ជួសជុល​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ​​។ តែ​ចំពោះ​នាង​ Allie វិញ នាង​បាន​និយាយ​ថា​បើ​ Noah ជួស​ជុល​ផ្ទះ​នោះ​ឡើង​វិញ នាង​សុំ​ឲ្យ Noah ​លាប​ផ្ទះ​នោះ​ពណ៌​ស ​ដាក់​វាំងនន​បង្អួច​ពណ៌​ខៀវ សង់​រានហាល​នៅ​ជុំ​វិញ​ផ្ទះ និង​សង់​បន្ទប់​មួយ​បែរ​មុខ​ទៅ​រក​មាត់​អូ​ ទុក​សម្រាប់ឲ្យ​​នាង​គូរ​ផ្ទាំង​រូប​ទេស​ភាព​នៅ​ពេល​ទំនេរ​។ ក៏​ប៉ុន្តែ​នៅ​រាត្រី​នោះ ដោយ​បាត់​នាង Allie យូរ​ពេក ឪពុក​ម្តាយ​នាង​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលីស​​ ឲ្យ​ជួ​យ​រក​នាង​។ លុះ​មក​ដល់​ផ្ទះ​វិញ ម្តាយ​នាង Allie បាន​ស្តី​បន្ទោសឲ្យ​​នាង​ Allie ជា​ខ្លាំង ហើយ​ថែម​ទាំង​ហាម​នាង​ឲ្យ​ឈប់ទាក់ទង​នឹង​ Noah តទៅ​ទៀត ព្រោះ​​ Noah ជា​កូន​អ្នក​ក្រ​គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទាំង​អស់ គឺ​មិន​ស័ក្តិសម​នឹងគ្រួសារ​របស់​គេ​ដែល​ជា​អ្នក​មានទ្រព្យ​សម្បត្តិ​ដ៏​​ស្តុកស្តម្ភ​នោះ​ឡើយ​។ លើស​ពី​នេះ​ទៀត ម្តាយ​នាង​ Allie បាន​ប្រៀប​ធៀប​ Noah ទៅ​នឹង​សម្រាម​ (trash) ។ Noah បាន​ស្តាប់​ឮ​ទាំងអស់​នូវ​រឿង​រ៉ាវ​ដែល​ម្តាយ​នាង Allie បាន​និយាយ​ទាំង​ប៉ុន្មាន​។ ដូច​នេះ​ Noah ក៍​សម្រេច​ដកខ្លួន​ចេញ​ពី​នាង Allie ព្រោះ​គេ​យល់​ថា​ខ្លូន​គេ​ពិត​ជា​ក្រ​មែន គេ​នឹង​គ្មាន​អ្វី​ៗ​គ្រប់​យ៉ាង​សម្រាប់​នាង Allie ទេ​។ ហើយ​ទោះ​ជា​នាង​ Allie អង្វករ​ Noah យ៉ាង​ណា ក៏​ Noah មិន​ព្រម​ស្តាប់​ដែរ​។

 

ស្អែក​ឡើង នៅ​ពេល​ព្រឹក​ព្រហាម នាង Allie មាន​ការភ្ញាក់​ផ្អើល​ជាខ្លាំង ព្រោះ​នាង​បាន​ឃើញ​ម្តាយ​នាង​បាន​ប្រាប់​ឲ្យ​អ្នក​បម្រើ​រៀបចំ​ឥវ៉ាន់​ទុក​ឲ្យ​នាងរួច​​ជា​ស្រេច​ សម្រាប់​ធ្វើ​ដំណើរ​ទៅ​រៀន​នៅ​ទី​ក្រុង​ New York ។ ហើយ​ទោះ​ជា​នាង​​អង្វរ​ម្តាយ​នាង​សុំ​​ពន្យា​ពេល​មួយ​អាទិត្យ​យ៉ាង​ណា​ក៏​ដោយ ក៏​ម្តាយ​នាង​មិន​ព្រម​ដែរ​។ នាង​ Allie ធ្វើ​ដូច​នេះ ព្រោះ​នាង​ចង់​មាន​ពេល​វេលា​ខ្លះ​ដើម្បី​ផ្សះផ្សារ​ជាមួយ​នឹង​ Noah ឡើង​វិញ​។ តែ​អ្វី​ៗ​ប្រហែល​ជា​នឹង​បញ្ចប់​ទៅ​ដោយ​ភាព​សោកសៅ​ជាទី​បំផុត​។ ក៏​ប៉ុន្តែ មុន​នឹង​ឃ្លាត​ឆ្ញាយ​ពី​ Naoh នាង Allie បាន​ទៅ​កន្លែង​ធ្វើការ​របស់ Noah ហើយ​បាន​ផ្តាំ​នឹង​មិត្ត​របស់ Noah ម្នាក់ថា​ នាង​នៅ​តែ​ស្រឡាញ់ Noah ជានិច្ច​ ទោះ​ជា​ Noah សម្រេច​ចិត្ត​បែបណា​ក៏​ដោយ​។ នៅ​ពេល​ដែល​ Noah បាន​ជ្រាប​ពី​រឿង​នេះ គេ​បាន​រត់​ទៅ​រក​នាង Allie ដើម្បី​សុំ​ទោស​នាង តែ​នៅ​ពេល​គេ​ទៅ​ដល់​ផ្ទះ​នាង Allie អ្វី​ៗ​គឺ​ត្រូវ​ចប់​ទាំងអស់ ព្រោះ​នាង​ Allie បានចេញ​ទៅ​បាត់​ហើយ​​។ ក៏​ប៉ុន្តែ Noah មិន​ទាន់​អស់​សង្ឍឹម​នៅ​ឡើយ​ទេ គេ​នៅ​តែ​ព្យាយាម​សរសេរ​សំបុត្រ​ផ្ញើរ​ទៅ​នាង Allie រាល់​ថ្ងៃ​ ទោះ​ជា​គេ​មិន​បាន​ទទួល​ចម្លើយ​ពី​នាង​ Allie យ៉ាង​ណា​ក៏​ដោយ​។ អស់​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​មក ដោយ​មិន​បាន​ទទួល​ការឆ្លើយ​តប​ពី​នាង Allie វិញ Noah ក៏​សម្រេច​ចិត្ត​បំភ្លេច​នាង Allie ដោយ​ការសោក​ស្តាយ​ជា​ទី​បំផុត​។

 

មិន​យូរ​ប៉ុន្មាន សង្គ្រាម​លោក​លើក​ទី ២ ក៏​បាន​ផ្ទុះ​ឡើង ដូចនេះ​​​យុវជន​អាមេរិក​កាំង​ទាំងអស់​ ក៏​ត្រូវ​បាន​កែន​ឲ្យ​ចូល​បម្រើ​កងទ័ព​ច្បាំង​នឹង​ពួក Nazi ហ៊ីត្លែ នៅ​ទ្វីប​អឺរុប​។ នៅ​ពេល​នោះ Noah ក៏​ត្រូវ​បាន​ជាប់​កំណែន​នឹង​គេ​ដែរ​ ហើយ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ច្បាំង​នៅ​តំបន់​អាហ្រិក​បែក​ខាង​ជើង​និង​នៅ​អឺរុប​។ មិត្ត​សម្លាញ់​​នៅ​ស្រុក​ជា​មួយ​គ្នា​របស់ Noah ឈ្មោះ Fin បានបាត់​បង់​ជីវិត​នៅ​ទី​លាន​ប្រយុទ្ធ​​។ ឯ​ចំណែក​នាង Allie វិញ នៅ​ពេល​នោះ​នាង​ជា​និសិត្ស​ឆ្នាំ​ទី​ ៣ តែ​នាង​បាន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ជា​ពេទ្យ​ (nurse) ជួ​យ​ព្យាបាល​របួស​ឲ្យ​យុទ្ធជន​​ទាំងឡាយ​ដែល​ត្រូវ​បាន​បញ្ជូនមក​​ពី​សមរភូមិ​មុខ​។ នៅ​ពេល​នោះ នាង​ Allie បាន​ជួប​នឹង​យុទ្ធជន​របួស​ដ៏​មាន​រូបរាង​​សង្ហារ​ម្នាក់ ដែល​ក្រោយមក​​​បាន​ក្លាយ​ទៅ​ជា​គូ​ដណ្តឹង​របស់​នាង​។ យុវជន​ទី​ពីរ​ដែល​នាង Allie ស្រឡាញ់​នោះ មិន​ត្រឹម​តែ​មាន​រូបរាង​សង្ហារ​ប៉ុណ្ណោះ​ទេ គេ​ក៏​ជា​កូន​អ្នក​មាន​ម្នាក់​ និង​ចំណេះ​វិជ្ជា​ដ៏​ខ្ពង់​ខ្ពស់​ផង​ដែរ ព្រោះ​គេ​គឺ​ជា​អ្នក​ច្បាប់​ម្នាក់ (lawer) ។

 

លុះ​ដល់​សង្គ្រាម​លោក​លើក​ទី​ ២​ ត្រូវ​បាន​បញ្ចប់​ Noah បាន​ត្រឡប់​មក​ភូមិ​កំណើត​របស់​គេ​វិញ​។ ក៏​ប៉ុន្តែ​នៅ​ពេល​មក​ដល់​ផ្ទះរបស់​គេភ្លាម ឪពុក​គេ​បាន​ប្រាប់​ថា​គាត់​បាន​លក់​ផ្ទះ​នេះរួច​​ហើយ  ព្រោះ​គាត់​ចង់​ប្រមូល​ប្រាក់​ឲ្យ Noah ទៅ​ទិញ​ផ្ទះ​បុរាណ​នៅ​ក្បែ​មាត់​អូ​ដែល​ Noah ចង់​ទិញ​តាំង​ពី​យូរ​មក​ហើយ​នោះ​។ ដូចនេះ​ Noah គ្មាន​ជម្រើស​ណា​ក្រៅ​ពី​ទិញ​ផ្ទះ​បុរាណ​នោះ​មក​ជួសជុល​សារជា​ថ្មី​ឡើង​វិញ​តែ​​ប៉ុណ្ណោះ​។ ​នៅ​ថ្ងៃ​មួយ Noah បាន​ប្រទះ​ឃើញ​នាង Allie នៅ​ជាមួយ​នឹង​​គូដណ្តឹង​របស់នាង ដូចនេះ​សម្រាប់​ Noah មាន​តែ​ការសោកស្តាយ​តែ​ប៉ុណ្ណោះ​។

 

នៅ​ពេល​ដែល​ផ្ទះ​បុរាណ​បាន​ជួស​ជុល​រួច​​ហើយ ឪពុក​របស់​ Noah បាន​លា​ចាក​លោក​នេះ​​ទៅ ដោយ​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​ដែល​ជា​ផ្ទះ​បុរាណ​ដ៏​ធំ​ស្កឹមស្កៃ​នោះ​សម្រាប់​ Noah ។ Noah បាន​ដាក់​លក់​ផ្ទះ​នោះ តែ​នៅ​ពេល​ដែល​មាន​គេ​មក​ទិញ Noah បែរ​ជា​មិន​ចង់​លក់​ទៅ​វិញ​។

 

ថ្ងៃ​មង្គលការ​របស់​នាង Allie នឹង​ឈាន​ចូល​មក​ដល់ ដួច្នេះ​នាង​ Allie បាន​ទិញ​សម្លៀក​បំពាក់​អាពាពិពារហ៍​មក​ល​សាក​មើល​។ តែ​ជាការ​​ចៃដន្យ​ នាង Allie បាន​ប្រទះ​ឃើញ​រូប Noah នៅ​លើ​ទំព័រ​សារព័ត៌មាន​មួយ​។ នាង​ក៏​បាន​ដួល​សន្លប់​បាត់​ស្មារតី​ភ្លាម​ទៅ​នៅ​ពេល​នោះ​។ នៅ​ពេល​ដែល​នាង​ដឹង​ខ្លួន​ឡើង​វិញ Allie ក៏​បាន​ទៅ​សុំ​គូដណ្តឹង​របស់​នាង​ទៅ​លំហែកាយ​នៅ​ស្រុក Seabrook ​ដែល​ជា​ស្រុក​ភូមិ​របស់ Noah ។ នៅ​ពេល​ទៅ​ដល់​ផ្ទះ​របស់ Noah គេ​ទាំង​ពីរ​នាក់​បាន​រំលឹក​រឿង​ស្នេហ៍​ពី​អតីត​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ផ្អែម​ល្ហែម ដូច​ជា​ជិវិត​ស្ថិ​ត​នៅ​ក្នុង​ពិភព​សុបិន្ត​សូគ៌ា​។ ហើយ Noah បានអញ្ញើញ កញ្ញា Allie ឲ្យ​មក​ម្តង​ទៀត​នៅ​ថ្ងៃ​ស្អែក ព្រោះ​គេ​មាន​រឿង​មួយ​ចំនួន​ដែល​ត្រូវ​បា្រប់​នាង​។

 

ស្អែក​ឡើង នាង Allie បានមក​​ជួប​នឹង​ Noah តាម​ពាក្យ​​សន្យា​។ ហើយ Noah ​ក៏​បាន​អុំ​ទូក​នាំ​នាង Allie លេង​កំសាន្ត​តាម​ដង​អូ កាត់​ព្រៃ​ព្រឹក្សា​ គយ​គន់​មើល​សត្វ​បក្សាបក្សី​ទាំងឡាយ​ហែលត្រសង​ប្រឡែង​លេង​ជាមួយ​នឹង​គង្គារ​។ ព្រម​​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​ភ្លៀង​មួយ​មេ​យ៉ាង​​ធំ​បាន​បង្អុរ​ចុះ​មក​ប្រោះព្រំ​អតីត​គូ​ស្នេហ៍​ទាំង​ទ្វេរ​ ឲ្យ​មាន​អារម្មណ៍​ត្រជាក់​ដូច​ទឹក​អម្រឹត​។ ដោយ​មិនអាច​​ទ្រាំ​តទៅ​ទៀត​បាន នាង​ Allie បាន​ប្រាប់ Noah ថា​នាង​បាន​រង់​ចាំ​ទទួល​លិខិត​របស់ Noah អស់​រយៈពេល ៧ ឆ្នាំគត់ តែ​គ្មាន​ឃើញ​ Noah សរសេរ​លិខិត​ណា​មួយ​​ផ្ញើ​ទៅ​នាង​សោះ។ តែ​ Noah បាន​ប្រាប់​​នាង Allie វិញ​ថា ​ខ្លួន​គេ​បាន​សរសេរ​សំបុត្រ​រាល់​ថ្ងៃ​ផ្ញើ​ទៅ​នាង​អស់​រយៈពេល​មួយ​ឆ្នាំ​គត់ តែ​មិន​ឃើញ​នាង​តប​មក​វិញ​​ឡើយ​។ ភ្លើង​ស្នេហ៍​អតីតកាល​ក៏​បាន​ឆាបឆេះ​ឡើង គេ​ទាំងពីរ​ក៏​ស្ទុះ​អោប​គ្នា ហើយ​ Noah បាន​និយាយ​ថា​ ស្នេហា​របស់​គេទាំង​ពីរ​នៅ​មិន​ទាន់​ចប់នៅ​ឡើយ​ទេ​។ លុះ​ដល់​ពេល​ព្រឹក​ឡើង នាង​ Allie បាន​ដើរ​តាម​សញ្ញា​ព្រូញ​ដែល Noah បាន​គូស​​ នាង​ក៍​បាន​ឃើញ​បន្ទប់​មួយ​បែ​មុខ​ទៅ​រក​មាត់​អូ ដែល​​ជា​កន្លែង​សម្រាប់​​ទុក​ឲ្យ​នាង​គូរ​រូប​​។ បាន​ន័យ​ថា Noah បាន​ធ្វើ​អ្វី​ៗ​ទាំងអស់​ទៅ​តាម​បំណង​ប្រាថ្នា​របស់​នាង​ដូច​កាលពី​ពេល​មុនមែន​​។

 

ដោយ​បាត់​នាង Allie យូរ ​ម្តាយ​នាង​ក៏​បាន​មក​តាម​រក​នាង​ដល់​ផ្ទះ​របស់ Noah ព្រម​ទាំង​ប្រាប់​នាង​ថា គូ​ដណ្តឹង​របស់​នាង​នឹង​មក​ទី​នេះ​ដែរ​។ តែ​នាង Allie មិន​ខ្វល់ពី​រឿង​អ្វី​ឡើយ ផ្ទុយ​ទៅវិញ នាង​បាន​ចោទ​សួរ​ម្តាយ​នាង​ពី​រឿង​​សំបុត្រ​​របស់ Noah ម្តាយ​នាង​បាន​សារភាព​ថា​គឺ​ពិត​ជា​ដូច្នោះ​មែន​។ លើស​ពី​នេះ​ទៀត ម្តាយ​នាង Allie បាន​និយាយ​ប្រាប់​ពី​ប្រវត្តិ​ស្នេហ៍​របស់​គាត់​ដល់​នាង Allie និង​បាន​នាំ​នាង​ Allie ទៅ​លួច​មើល​បុរស​ដែល​គាត់​​ស្រឡាញ់​​នោះ នៅ​ក្នុង​ការដ្ឋាន​មួយ​​​។ ហើយ​នៅ​ពេល​ជូន​នាង Allie ត្រឡប់​មក​ផ្ទះ​វិញ ម្តាយ​នាង Allie ក៏​បាន​ប្រគល់​សំបុត្រ​របស់​ Noah ទាំងប៉ុន្មាន​ដែល​គាត់​បាន​លាក់​ទុក​ ឲ្យ​ទៅ​នាង Allie ​វិញ​ទាំងអស់ ហើយ​បាន​ប្រាប់​នាង Allie ឲ្យ​ធ្វើការ​ជ្រើសរើស​​ឲ្យ​បាន​ត្រឹម​ត្រូវ​​​។

 

បន្ទាប់​ពី​នោះ​មក គឺ​ជា​ការសម្រេច​ចិត្ត​របស់​នាង Allie ថា​តើ​ត្រូវ​ជ្រើសរើស​អ្នកណា​​ នៅ​ក្នុង​ចំណោម​ Noah និង​គូ​ដណ្តឹង​របស់​នាង​។ តែ​ចំពោះ​គូ​ដណ្តឹង​​របស់​នាង Allie វិញ គេ​គឺ​​ជា​មនុស្ស​ល្អ​ណាស់ គេ​បាន​សុខ​ចិត្ត​លះ​បង់​រូប​នាង​ឲ្យ​ទៅ Noah ទោះ​បី​ជា​គេ​ស្រឡាញ់​នាង​ Allie យ៉ាង​ណា​ក៏​ដោយ​ ព្រោះ​គេ​យល់​ថា បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​បង្ខំ​បាន​ឡើយ​។ ដូចនេះ នាង​ Allie ក៏​បាន​មក​រួម​រស់​ជាមួយ​នឹង​ Noah នៅ​ក្នុង​ក្តី​សុខ​ក្សេនក្សាន​តរៀង​រហូត​មក។

 

ជា​ទី​បញ្ចប់ បុរស​វ័យ​ចំណាស់​ដែល​អាន​សៀវភៅ​កំណត់​ហេតុ​រឿង​ស្នេហា​​ឲ្យ​ស្រ្តី​វ័យ​ចំណាស់​ម្នាក់​នោះ​ស្តាប់​ គឺ​ជា​ Noah ផ្ទាល់​តែ​ម្តង​ នៅ​ពេល​ដែល​គេ​មាន​វ័យ​ចាស់​ជរា និង​ស្រ្តី​ដែល​អង្គុយ​ស្តាប់​នោះ គឺ​ជា​នាង Allie ស្ថិត​នៅ​ក្នុង​វ័យ​ចំណាស់​ដូច​គ្នា​។ តែ​គួ​ឲ្យ​អនិច្ចា នាង Allie បាន​បាត់​បង់​នូវ​ក្តី​ចងចាំ​ទាំង​អស់ ហើយ​នាង​មើល​មិន​ស្គាល់​ថា​ Noah ជា​នរណា​ឡើយ​។ ​តែ​មាន​ពេល​ខ្លះ​ Allie បាន​នឹក​ឃើញ​វិញ​ម្តង​ៗ ហើយ​នៅ​ពេល​ដែល​ស្ត្រី​វ័យ​ចំណាស់ Allie នឹក​ឃើញរឿង​អតីតកាល នាង​តែង​តែ​នឹងក​ឃើញ​ដល់​ Noah ជានិច្ច​។ ជា​ទី​​បញ្ចប់​នៃ​ជីវិត​គេ​ទាំង​ពីរ​នាក់ គេ​បាន​ដេក​ស្លាប់​ជាមួយ​គ្នា​នៅ​ក្នុង​គ្រែ​តែ​មួយ នៅ​ក្នុង​មជ្ឈមណ្ឌល​មនុស្ស​ចាស់​និង​ជន​ពិការ​។ ហើយ​យើង​សង្ឃឹម​ថា ព្រលឹង​របស់​គេ​ទាំងពីរ​នឹង​បាន​ទៅ​ចាប់​ជាតិ​ជា​ថ្មី​ និង​រួម​រស់​ជា​មួយ​គ្នា​​សារជា​ថ្មី​ម្តង​ទៀត​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: