អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន

ដោយៈ Nicholas Sparks

កែ​សម្រួល​ជា​ភាសា​​ខ្មែរដោយៈ ញញឹម​ស្រស់

awtr-book

បុព្វកថា

    ជីវិត​របស់​ខ្ញុំ​ត្រូវ​បាន​កែប្រែ​​តាំង​ពី​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ​មក​ម្លេះ​។
    ខ្ញុំ​ជឿ​ថា​មាន​មនុស្ស​ជា​ច្រើននឹង​​ចង់​ដឹង​ថា​ តើ​មក​ពី​មូល​ហេតុ​អ្វី​បាន​ជា​ខ្ញុំនិយាយ​បែប​នេះ​។ ពួក​គេ​​នឹង​សម្លឹង​មើល​មក​ខ្ញុំ​ប្រកប​ដោយ​​ក្តី​ចម្លែកចិត្ត និង​ចង់​ដឹង​ថា​តើមាន​រឿង​អ្វី​​ខ្លះ​ដែល​បាន​កើត​ឡើង​នៅ​ពេលដែល​​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ​នោះ ហើយ​ហេតុ​ដូច​ម្តេច​​បាន​ជា​ខ្ញុំ​មិន​​និយាយ​បា្រប់​ឲ្យ​ពួក​គេ​ដឹង​ពី​រឿង​នោះ​ផង​ទៅ​​។ ក៏ប៉ុន្តែ ដោយ​ហេតុ​ថា​ខ្ញុំ​​រស់​នៅ​ទី​នេះ​ស្ទើរ​តែ​មួ​យ​ជីវិត​​របស់​ខ្ញុំ​ទៅ​ហើយ ដូចនេះ​ខ្ញុំ​ជា​អ្នក​ស្រុក​នេះ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​មក​បង្ខំ​ខ្ញុំ​ឲ្យ​និយាយ​រឿង​អតីតកាល​របស់​ខ្ញុំ​បាន​ឡើយ គឺ​មាន​តែ​ខ្ញុំ​ខ្លួន​ឯង​គត់ដែល​ត្រូវ​​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​និយាយ​ឬ​មិន​ត្រូវ​និយាយនោះ​​​។ ហើយ​បើ​ខ្ញុំ​លើក​យក​រឿង​អតីតកាល​របស់​ខ្ញុំ​មក​និយាយ ខ្ញុំ​​នឹង​ត្រូវ​ការ​ពេល​យ៉ាង​យូរដើម្បី​និយាយ​រៀបរាប់​ពី​រឿង​ទាំងអស់​នោះ​ គឺ​​ហួស​ពី​ការ​គិត​ស្មាន​របស់​អ្នក​ផង​ទាំងពួង​។ ព្រោះ​រឿង​របស់​ខ្ញុំ​មិន​អាច​សង្ខេប​​មក​ឲ្យ​នៅ​តែ​ពីរ​ឬ​បី​ឃ្លា​បាន​​នោះ​ទេ ហើយ​វា​​ក៏​មិន​អាច​​សម្រួល​ឲ្យ​ទៅ​ជា​រឿង​ស្រួល​ស្តាប់​និង​ស្រួល​យល់​បាន​ដោយ​ងាយ​នោះ​ដែរ​។ ទោះ​បី​ជា​រយៈពេល​កន្លង​ទៅ​អស់​កាល ៤០​ ឆ្នាំ​ហើយ​ក្តី ក៏​មាន​ជន​មួយ​ចំនួន​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ ចាត់​ទុក​ថា​​ប្រការ​ដែល​ខ្ញុំ​មិន​ចង់​លើក​យក​រឿង​ពី​អតីត​របស់​ខ្ញុំ​មក​និយាយ​ គឺ​ជា​ការត្រឹមត្រូវ​​។​ មួយ​វិញ​ទៀត រឿង​របស់​ខ្ញុំ​ត្រូវ​បាន​អ្នក​ស្រុក​នៅ​ទី​នេះ​បាន​ដឹង​គ្រប់​ៗ​គ្នា ហើយ​នៅ​ពេល​ដែល​ពួកគេ​​គិត​ដល់​រឿង​​នោះ ពួក​គេ​ក៏មាន​​អារម្មណ៍​ដូច​ខ្ញុំ​ដែរ បាន​ន័យ​ថា​រឿង​នេះ​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​រឿង​របស់​របស់​ពួក​គេ​ដែរ​ទៅ​ហើយ​។ ក៏​ប៉ុន្តែ គឺ​មាន​តែ​ខ្ញុំ​ម្នាក់​ឯងគត់​​ដែល​ដឹង​រឿង​របស់​ខ្ញុំច្បាស់ជាង​គេ​ និង​ទទួល​អារម្មណ៍​ខ្លាំង​ជាង​គេ​​ នៅពេល​ដែល​គិតទៅ​ដល់​រឿង​នោះ​។
    បច្ចុប្បន្ន​នេះ ខ្ញុំ​មាន​អាយុ ៥៧ ឆ្នាំហើយ ក៏​ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ​យ៉ាង​ច្បាស់​ណាស់​នូវរឿង​រ៉ាវ​ទាំងឡាយ​ដែល​បាន​កើត​មាន​ឡើង​នៅ​​ក្នុង​កំឡុង​ពេលដែល​​ខ្ញុំមាន​អាយុ ១៧ ឆ្នាំ​។ ហើយ​ជា​ញឹកញយ ខ្ញុំ​តែង​យល់​​ថា​ រឿង​ទាំងអស់​នោះ​ហាក់​ដូច​ជា​នៅ​ថ្មី​ៗនៅ​ឡើយ និងនៅ​​ដក់​ជាប់​នៅ​ក្នុង​វិញ្ញាណ​របស់​ខ្ញុំ​ជា​និច្ច​។ ម៉្យាង​ទៀត នៅ​ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​ទាំង​នោះ ខ្ញុំ​តែង​តែ​ទទួល​​អារម្មណ៍​សោកសៅ​​លាយ​ឡំ​នឹង​​​ក្តី​អំណរ​និង​សុភមង្គល​ដែល​មិន​អាច​ប៉ាន់​ស្មាន​បាន​។ ហើយ​មាន​ពេល​ខ្លះ ខ្ញុំ​នឹក​​ចង់​ទាញ​ពេល​វេលា​ឲ្យ​ដើរ​​ថយ​ក្រោយ​ និង​នឹកចង់​​​បំបាត់​ឲ្យ​អស់​នូវ​ក្តី​ទុក្ខសោក​ទាំងឡាយ ដែល​មាន​នៅ​ក្នុង​ជិវិត​របស់​ខ្ញុំ​កន្លង​មក​នោះ​។ ក៏​ប៉ុន្តែ​ បើ​ខ្ញុំ​អាច​ធ្វើ​ដូច្នោះ​បាន​មែន ខ្ញុំ​យល់​ថា ក្តី​អំណរ​ដែល​​នៅ​លាយឡំ​ជាមួយ​នឹង​ក្តី​ទុក្ខ​សោយ​ទាំងនោះ​នឹង​ត្រូវ​រលាយ​បាត់​ទៅ​អស់​ដែរ​។ ដូច្នេះ បើ​ខ្ញុំ​ចង់​រក្សា​ទុក​នូវ​អនុស្សាវរីយ៍​ទាំងអស់​នោះ ខ្ញុំ​ត្រូវ​តែ​​រស់​ក្នុង​ក្តី​ទុក្ខព្រួយ​ ក្តី​អំណរ ក្តី​សង្ឍឹម ដែល​នៅ​លាយឡំ​គ្នា​ និង​​ដែល​កំពុង​តែ​​ដឹក​នាំ​ជីវិត​របស់​ខ្ញុំ​ឆ្ពោះ​ទៅរក​ទិស​ដៅ​ណា​មួយ​។
    នៅ​ថ្ងៃ​ទី ១២ ខែ មេសា មុន​ សហវត្សរ៍ (millennium) មួយ​ឆ្នាំ នៅ​ពេល​​ចេញ​ពី​ផ្ទះ ខ្ញុំ​​បាន​គយ​គន់​មើល​ទេសភាព​នៅ​​ជុំ​វិញ​ខ្លួន​។ នៅ​ពេល​នោះ មេឃ​មាន​ពពក​ខ្មៅ​មី​ដេរដាស តែ​នៅ​​តាម​ដង​វិថីនានា មាន​ផ្កា dogwoods ផ្កា azaleas រីក​ស្គុសស្គាយ​។ ខ្ញុំ​ត្រូវ​បិទ​រូត​អាវ​រងារ​របស់​ខ្ញុំ ព្រោះ​អាកាស​នៅ​ត្រជាក់​នៅ​ឡើយ ដោយសារ​រ​ដូវ​រងា​មិន​ទាន់​បញ្ចប់​​នៅ​ឡើយទេ​ គឺ​​នៅ​សល់​ប្រហែល​ជា​​ពីរ​ឬ​បី​អាទិត្យ​ទៀត​​។ ហើយ​នៅ​ពេល​ដែល​​​រដូវ​រងា​បញ្ចប់​ទៅ ទេសភាព​នៅ​រដ្ឋ North Carolina នឹង​រី​ក​ស្រស់​ត្រកាល​គួរ​ឲ្យ​គយគន់​ នៅ​ពេល​នោះ​ រដ្ឋ North Carolina នឹង​ក្លាយ​ទៅ​ជា​ដែន​ដី​មួយ​នៅ​ក្នុង​ចំណោម​ដែន​ដី​ដ៏ល្អ​​ស្រស់​លើស​គេ​នៅ​ក្នុង​លោកនេះ​​។
    មួយ​រំពេច​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​អ្វី​ៗ​គ្រប់​យ៉ាង​​​នៅ​ក្នុង​អតីតកាល​កំពុង​តែ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​​។ ខ្ញុំ​បិទភ្នែក​របស់​ខ្ញុំ​ទាំងពីរ ថ្ងៃ​ខែ​ឆ្នាំ​ចាប់​ផ្តើម​ដើរ​ថយ​ក្រោយ ដូច​ជា​ទ្រនិច​នាឡិកា​វិល​ថយ​ក្រោយ​។ ហើយ​ហាក់​ដូច​ជាស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​ដទៃ ខ្ញុំ​មើល​ឃើញ​ខ្លួន​​ខ្ញុំ​​កំពុង​តែ​​ក្មេង​ទៅ​ៗ ខ្ញុំ​មើល​ឃើញ​សក់​របស់​ខ្ញុំ​ប្រែ​ពណ៌​ពី​សទៅ​ជា​ពណ៌​ត្នោត ខ្ញុំ​មាន​អារម្មណ៍​ថា​ស្បែក​ជ្រីវជ្រួញ​នៅ​ជុំ​វិញ​​ភ្នែក​របស់​ខ្ញុំ​ ឡើង​តឹង​ឡើង​វិញ​ ដៃ​និង​ជើង​របស់​ខ្ញុំ​ចាប់​ផ្តើម​រឹង​ប៉ឹង​ឡើង​វិញ​។ ចំណេះ​ដឹង​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​រៀន​ឆ្លង​កាត់​អាយុកាល​កន្លង​មក ក្លាយ​ជា​ស្រពិចស្រពិល​ទៅ​ៗ និង​ភាព​ក្មេង​ស្អាត​ស្អំ​​​​ក៏​បាន​វិល​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ ដូច​ដែល​នៅ​សម័យកាល​ដែល​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ​។
    ដូច​ជា​រូប​ខ្ញុំ​ដែរ ពិភព​នៅ​ជុំ​វិញខ្លួន​ខ្ញុំ​ចាប់​ផ្តើម​ផ្លាស់​ប្តួរ​រូបរាង​របស់​វាៈ ផ្លូវ​ថ្នល់​ក្លាយ​ជា​តូច​ចង្អៀត​ និង​ត្រូវ​ក្រាល​ថ្មដា អាគារ​ធំ​ៗ​​ត្រូវ​ជំនួស​ដោយ​កសិដ្ឋាន មនុស្សប្រុស​​ត្រូវ​ពាក់​មួក មនុស្ស​ស្រី​ស្លៀកពាក់​​ខោអាវ​​វែង​ៗ​​។ នៅ​សាលា​ស្រុក សម្លេង​ជួង​បាន​បន្លឺ​ឡើង​…
    នៅ​ពេល​ដែល​ខ្ញុំ​បើក​ភ្នែក​​ឡើង​វិញ ខ្ញុំ​ឃើញ​ខ្លួន​​ខ្ញុំ​កំពុង​តែ​ឈរ​នៅ​ខាង​ក្រៅ​ព្រះ​វិហារ Baptist church ខ្ញុំ​សម្លឹង​ទៅ​ដំបូល​ព្រះ​វិហារ ពេល​នោះ​ខ្ញុំ​នឹក​ឃើញ​ថា​ខ្ញុំ​ជា​អ្នក​ណា​ហើយ​។ ឈ្មោះ​របស់​ខ្ញុំ​គឺ Landon Carter និង​ជា​យុវជន​​មាន​អាយុ ១៧ ឆ្នាំ​។
    តទៅ​ទៀត​នេះ​ គឺ​ជា​រឿង​រ៉ាវ​​​របស់​ខ្ញុំ ហើយ​ខ្ញុំ​សន្យា​ថា​នឹង​មិន​រំលង​កន្លែង​ណា​មួយ​ទេ។
    មុន​ដំបូង​អ្នក​នឹង​សើចសប្បាយ ហើយ​បន្ទាប់​ម​ក​​ទៀត អ្នក​នឹង​ស្រក់​ទឹក​ភ្នែក​។ ​នេះ​គ្រាន់​ជា​ការ​ជម្រាបអ្នក​ឲ្យ​បាន​ដឹង​មុន​។

Advertisements

Comments on: "រឿង “អនុស្សាវរីយ៍​គ្មាន​ថ្ងៃ​ភ្លេច”" (1)

  1. សូមលោកមេត្តាបន្តរឿង ‍អនុស្សាវរីយ៍មិនអាចបំភ្លេចបាន តទៅទៀត ព្រោះខ្ញុំរងចាំទស្សនាបន្តទៀត។​
    សូមអរគុណលោក។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: