Archive for the ‘គ្មាន ចំណាត់ក្រុម’ Category

រូប​គ្មាន​ព្រលឹង

រូប​គ្មាន​ព្រលឹង (Avatar) គឺ​ជា​ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ប្រឌិត ផលិត​ឡើង​នៅ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​កំឡុង​ឆ្នាំ ២០០៩ ។​ ខ្សែភាពយន្ត​នេះ​ ទទួល​​បានការគាំទ្រ​និង​ការស្ងើច​​​សរសើរ​​ពី​​ទស្សនិក​ជន​ជាច្រើន​រយ​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​​។

ខ្សែ​ភាពយន្ត​នេះ និយាយ​រៀបរាប់​ពី​​ហេតុការណ៍​ដែល​អាចកើត​មាន​ឡើង​នៅ​ក្នុង​​អនាគតកាល គឺ​នៅ​ក្នុង​​ឆ្នាំ ២១៥៤ ។ គឺ​ថា បើ​តាម​ការស្រមើស្រមៃ​របស់​អ្នក​និពន្ធ នៅ​ពេល​នោះ​ប្រហែល​ជា​មាន​​ក្រុមហ៊ុន​ជីក​យក​រ៉ែ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា RDA នឹង​ទៅ​ជីក​យក​រ៉ែ​ពិសេស​ម៉្យាង នៅ​ក្នុង​ភព​មួយ​ ដែល​​​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​ភព​ផែន​ដី​យើង​នេះ​។ ភព​នោះ​មាន​ឈ្មោះ​ថា Pandora ហើយ​រ៉ែ​ពិសេស​ដែល​ត្រូវ​ជីក​យក​នោះ​ គឺ​ជា​អង្គធាតុ​ unobtanium ដែល​ជា​អង្គធាតុ​នៃ​ការស្រមើស្រមៃ​រប​ស់​អ្នក​និពន្ធ​ ហើយ​ដែល​អ្នក​និពន្ធ​ចាត់ទុក​ថា​ ជា​អង្គធាតុ​ដ៏​មាន​តម្លៃ​ជាទី​បំផុត​។

ក៏​ប៉ុន្តែ នៅ​ក្នុង​ភព Pandora នោះ មាន​សភាវៈ​ម៉្យាង​ ដែល​មាន​លក្ខណៈ​ពាក់​កណ្តាល​សត្វ និង​ពាក់​កណ្តាល​មនុស្ស​​រស់​នៅ​ទីនោះ​។ សភាវៈ​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រជារាស្ត្រ​​ប្រចាំ​ភព Pandora និង​​​ជា​កុល​សម្ព័ន្ធ​ Na’vi ។ កុល​សម្ព័ន្ធ​នេះ​រស់​នៅ​តាម​បែប​ធម្មជាតិ​សុទ្ធសាធ ដោយ​មិន​ពឹង​ពាក់​ទៅ​លើ​​​​ចំណេះ​ដឹង​​វិទ្យាសាស្ត្រ​-បច្ចេកទេស ដូច​ពួក​មនុស្ស​យើង​នៅ​លើ​ភព​ផែនដី​​នេះ​ឡើយ​។

ហើយ​ដើម្បី​​ឲ្យ​បាន​ស្គាល់ច្បាស់​ពី​ជីវិត​​សត្វ​និង​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​​ភព Pandora  ក្រុម​អ្នក​ប្រាជ្ញ​មួយ​ក្រុម​នៃ​ភព​ផែនដី ​បាន​បង្កើត​ជា​សំបក​រូប​កាយ​គ្មាន​ព្រលឹង​ម៉្យាង ដែល​​មាន​ភិនភាគ​និង​លក្ខណៈ​ជីវសាស្ត្រ​​ដូច​គ្នា​បេះបិទ​ទៅ​​នឹង​រូបកាយ​របស់​​ប្រជារាស្ត្រ​​នៃ​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព​នោះ​។ រូបកាយ​គ្មាន​ព្រលឹង​នោះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Avatar ដែលមាន​ប្រព័ន្ធ​ខួរក្បាល​អាច​ត្រូវ​តភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរក្បាល​របស់​មនុស្ស​នៃ​ភព​ផែន​ដី​។ ដូចនេះ​ នៅ​ពេល​​ដែល​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​រូប Avatar នោះ​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​របស់​អ្នកណា​ម្នាក់​នៃ​ភព​ផែនដី រូប​ Avatar នោះ​នឹង​ក្លាយ​ទៅ​ជារូបកាយ​​ទីពីរ​របស់​​មនុស្ស​នៃ​ភព​ផែន​ដី​ ពីព្រោះ​​បើ​មនុស្ស​នៃ​ភព​ផែនដី​គិត​និង​ឬ​ធ្វើ​សកម្មភាព​​យ៉ាង​ម៉េច រូប​​ Avatar នោះ​ក៏​គិត​និង​ឬ​ធ្វើ​សកម្មភាព​យ៉ាង​នោះ​ដែរ​។ យើង​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា ការតភ្ជាប់​ប្រព័ន្ធខួរ​ក្បាល​​តាម​របៀប​នេះ គឺ​ជា​ការបញ្ចូល​ព្រលឹង​របស់​មនុស្ស​ទៅ​ក្នុង​​រូប​​ Avatar នោះ​។

ទន្ទឹម​នឹង​ការប្រើប្រាស់​រូប​ Avatar នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ភព​ផែន​ដី ក៏​បាន​បង្កើត​ផង​ដែរ​នូវរូប​មនុស្ស​យន្ត​មួយ​ប្រភេទ​ទៀត ដែល​អាចត្រូវ​បញ្ជា​ដោយ​ផ្ទាល់ ដោយ​ការចូល​ខ្លួន​ទៅ​ក្នុងរូប​មនុស្ស​យន្ត​នោះ ដោយ​ផ្ទាល់​តែ​ម្តង​​។

ការបង្កើត​រូប​ Avatar និង​រូប​មនុស្ស​យន្ត​ទាំងនោះ គឺ​ជា​សេចក្តី​ត្រូវ​យ៉ាង​ចាំបាច់​សម្រាប់​មនុស្ស​នៃ​ភព​ផែន​ដី ​ដើម្បី​អាច​រស់​នៅ​ និង​អាច​ដើរហើរ​នៅ​ក្នុង​ភព Pandora នោះ​បាន​តាម​រយៈ​រូប​ទាំងនោះ​​។ ពីព្រោះ​នៅ​ក្នុង​ភព​នោះ គ្មាន​ខ្យល់​សម្រាប់​ដក​ដង្ហើម​​ទេ។ ក៏​ប៉ុន្តែ ​នៅ​មាន​មធ្យោបាយ​មួយ​ទៀត​សម្រាប់​ពួក​គេ គឺ​ថា​​​បើ​ពួក​គេពិត​ជា​​ចង់​ចេញ​ដើរ​ហើរ​នៅ​ក្នុង​ភព​នោះ​ដោយ​ប្រើប្រាស់​រូប​កាយ​របស់​ពួក​គេ​​ផ្ទាល់​តែ​ម្តង ពួក​គេ​ចាំចាច់​ត្រូវ​ពាក់​ឧបករណ៍​បាំង​មុខ​ម៉្យាង ​​សម្រាប់​​កែ​ឧស្ម័ន​នៅ​ទី​នោះ ឲ្យ​មក​ជា​​ខ្យល់​ដក​ដង្ហើម​ធម្មតា​​​។ តែ​​បើ​របាំង​មុខ​របស់​ពួក​គេ​លែង​​ដំណើរការ ឬ​ត្រូវ​ខូចខាត​ដោយ​ប្រការ​ណា​មួយ ពួក​គេ​នឹងត្រូវ​​ដាច់​ខ្យល់​ស្លាប់​​មួយ​រំពេច​ ដោយ​ការខ្វះ​ខ្យល់​ដក​ដង្ហើម​។

បើ​និយាយ​ពី​ពួក​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព Pandora នោះ​វិញ​ម្តង ពួក​គេ​មិន​ទទួល​ស្វាគមន៍​ពួក​មនុស្ស​នៃ​ភព​ផែនដី​ឡើយ​។ ហើយ​ពួក​គេបាន​ចាត់​ទុក​​ការលុកលុយ​នៅ​ក្នុង​ភព​របស់​ពួក​គេ គឺ​ជា​ការរំលោភ​ឈ្លានពាន​ទៅ​លើ​អធិបតេយ្យភាព​របស់​ពួក​គេ​។ លើស​ពី​នេះ​ទៀត ពួក​គេតែងតែ​កាន់​អាវុធ​ប្រយុទ្ធ​ប្រឆាំង​​ជានិច្ចកាល នៅ​ពេល​ពួក​គេ​ជួប​នឹង​មនុស្ស​ភព​ផែនដី​ម្តង​ៗ​។ មួយវិញទៀត ថ្វីត្បិត​តែ​ពួក​កុលសម្ព័ន្ធ Na’vi គ្មាន​ចំណេះ​ដឹង​​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​-បច្ចេកទេស​ដូច​មនុស្ស​នៅ​ភព​ផែនដីយើង​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គេ​អាច​តភ្ជាប់​វិញ្ញាណ​របស់​ពួក​គេ​ទៅ​នឹង​វិញ្ញាណ​របស់​សត្វ​ផ្សេង​ៗបាន តាម​រយៈ​ចុង​សក់​របស់​ពួក​គេ​។ ហើយ​នៅ​ពេល​ដែល​​វិញ្ញាណ​របស់​ពួក​គេ​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​វិញ្ញាណ​របស់សត្វ​​ផ្សេង​ៗ​រួច​​ហើយ ពួក​គេ​​នឹង​​អាច​ត្រួតត្រា​ចិត្ត​គំនិត​របស់​សត្វ​ទាំងនោះ​បាន តាម​រយៈការគិត​របស់​ពួក​គេ​។

ដោយឡែក ​នៅ​ក្នុង​​ក្រុម​មនុស្ស​​នៃ​ភព​ផែនដី ដែល​ជា​​អ្នក​ឯកទេស​​ខាង​​ប្រើប្រាស់​រូប​ Avatar មាន​កម្លោះ​ខ្វិន​ជើង​ម្នាក់​ បាន​តភ្ជាប់​ប្រព័ន្ធ​ខួរ​ក្បាល​​របស់​គេ​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​​រូប​ Avatar ​ដែល​ជា​កម្លោះ​ដ៏​សង្ហារ​ម្នាក់​។ រួច​ហើយ កម្លោះ​ខ្វិន​ជើង​នោះ បាន​ប្រើប្រាស់​រូប Avatar ​ របស់​ខ្លួន​ ដើរ​ស្រាវជ្រាវ​រុករក​នៅ​ពាស​ពេញ​ព្រៃ​នៃ​ភព​ Pandora ជាមួយ​នឹង​រូប​ Avatar មួយ​ចំនួន​ទៀត​។ ចៃដន្យ​អាក្រក់ កម្លោះ​ខ្វិន​ជើង​បាន​ជួប​នឹង​សត្វ​សាហាវ​ប្រចាំ​ភព Pandora ដែល​បាន​ដេញ​តាម​យាយី​រូប ​Avatar របស់​គេ រហូតដល់​​​ធ្លាក់​ក្នុង​ជ្រោះ​​​មួយ​យ៉ាង​ជ្រៅ​។ ក៏​ប៉ុន្តែ ជា​ភ័ព្វ​សំណាង​ល្អ កម្លោះ​ខ្វិន​ជើង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​យុវតី​នៃ​​កុល​សម្ព័ន្ធ Na’vi ​​ដ៏​ស្រស់ស្អាត​ម្នាក់​។​ ចាប់​តាំង​ពីពេល​​នោះ​មក ពន្លក​ស្នេហ៍​ក៏​បាន​​បដិសណ្ធិ​ឡើង រវាង​រូប​គេ​និង​យុវតី​ដ៏​ស្រស់​ស្អាត​នោះ​។

តើ​បន្ទាប់​ពី​នោះ​មក ខ្សែ​ជីវិត​​នៃ​រូប​ Avatar របស់​កម្លោះ​ខ្វិន​ជើង​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ដែរ​?
តើ​ការទន្ទ្រាន​ជីក​យក​រ៉ែ unobtanium របស់​មនុស្ស​ភព​ផែនដី​បាន​សម្រេច​ដែរ​ឬ​ទេ?

បើ​ចង់​ដឹង​ច្បាស់ សូម​អស់​លោក​អ្នក​នាង​កញ្ញា​ទស្សនា​ខ្សែ​ភាពយន្ត​ខាង​ក្រោម​នេះ​៖

http://www.youtube.com/view_play_list?p=55581E1739B93085

ម៉ាស៊ីន​ស្រូវ​ប្រើ​ថាមពល​អង្កាម

តាំង​តែ​ពី​ដើម​រៀង​មក ប្រភព​ថាមពល​ដ៏​សំខាន់​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង គឺ​ប្រេង​ឥន្ទនៈ​។ ក៏​ប៉ុន្តែ​ នៅ​ពេល​ថ្មី​ៗ​នេះ របក​គំហើញវិទ្យាសាស្ត្រ​​នៃ​ការប្រើប្រាស់​កាកសំណល់​ផលិតផល​កសិកម្ម​ឬ​រុក្ខជាតិ ដើម្បី​ផលិត​ចេញ​​ជា​ឧស្ម័ន​ផ្សេង​ៗ​ (bio-mass) ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ងាក​ទៅ​​ប្រើប្រាស់​អង្កាម​ និង​ឬ​ ដើម​កន្ធុមថេត​ជា​ប្រភព​សម្រាប់​បង្កើត​ឧស្ម័ន​ ដែល​អាច​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ជា​ប្រភព​ថាមពល​ដើម្បី​ដំណើរ​ការ​គ្រឿង​ចក្រ​​ផ្សេង​ៗ ជា​ពិសេស​ម៉ាស៊ីន​កិន​ស្រូវ​។
អាន​បន្ត>>

Django

 Django គឺ​ជា​អ្នក​ដេញ​ហ្គីតា​ដ៏​ល្បី​ល្បាញ​ម្នាក់ ហើយ​បើ​អស់​លោក​អ្នក​បាន​ស្តាប់​គាត់​ហើយ​ពិត​ជា​មិន​ស្តាយ​ក្រោយ​ឡើយ​…

Django9

អនុស្សាវរីយ៍

robert-buffalo នឹក​ឃើញ​អនុស្សាវរីយ៍​កាល​ពី​នៅ​កុមារ​ធ្លាប់ជិះ​ក្របី​នៅ​​ស្រុក​ក្រគរ នៅ​ក្រោម​ដំណក់​ភ្លៀង​រលឹម​នា​ខែ​កញ្ញា។ នឹក​ឃើញ​គ្រា​ធ្លាប់ជិះ​លើ​ខ្នង​ក្របី​​ផ្លុំ​ខ្លុយ​ដ៏​លន្លុង​លន្លោច​ឆ្លង​កាត់​​អាកាស​វេហាស៍ បំពេរ​អារម្មណ៍​ឲ្យ​លង់​លក់​នៅ​ក្នុង​ក្តី​ស្រមី​ពី​ពិភព​ដ៍​រុងរឿង​មួយ​ ​ដែល​​​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​​​​មាន​វាសនា​បាន​មក​ផ្លុំ​អាម៉ូ​នី​កា​​បទភ្លេង​មហោរី​ខ្មែរ​ដ៏​ពិរោះ​ៗ​។ នឹក​ឃើញ​ពី​ព្រះភិរុន​​នា​ខែ​កញ្ញា​ ដែល​​តែង​តែ​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ ព្រោះ​បាន​រត់​លេង​ជាមួយ​​មិត្ត​សម្លាញ់​ទាំងឡាយ ដោយ​គ្មាន​សម្លៀក​បំពាក់ និង​ពោរពេញ​ទៅ​ដោយ​​ក្តី​រីករាយ​ក្រៃ​លែង​ ទៅ​តាម​សភាព​ដ៏​ស្មោះត្រង់​នៃ​វ័យ​កេ្មង​ខ្ចី​របស់​យើង​។ ស្នូរ​ផ្គរ​​រន្ទះ​ និង​ដំណក់​ទឹក​ភ្លៀង តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ស្រក់​ទឹក​​​ភ្នែក​​ នឹក​ចង់​​និយាយ​ប្រាប់​គេ​ឯង​ឲ្យ​ដឹងទាំងអស់​គ្នា​​ពី​ប្រវត្តិ​នៃ​ជីវិត​របស់​ខ្ញុំ​។ តើ​នៅ​ថ្ងៃ​ណា​ទៅ​​​ទើប​ខ្ញុំ​បាន​ជួប​ប្រទះ​សុភមង្គលពិត​ប្រាកដ?

 

ត្រូវ​លាង​ដៃមុន​ញ៉ាំ​បាយ

មើល​ទូរទស្សន៍​លើ​ Internet

ចំពោះ​អស់​លោក​អ្នក​ដែល​មានបណ្តាញ​ Internet មាន​​ល្បឿន​លឿន អស់លោក​អ្នក​អាច​ទស្សនា​ទូរទស្សន៍​ប៉ុស្តិ៍ ទទក និង​ប៉ុស្តិ៍​លេខ ៥ នៅ​លើ​គេហ​ទំព័រ http://khiptv.net/default.aspx ។ នៅ​លើ​គេហទំព័រ​នោះ​ក៏​មាន​ប៉ុស្តិ៍​ផ្សេង​ៗ​ទៀតផង​​ដែរ តែ​យើង​ត្រូវ​បង់​លុយ​​ទើ​ប​អាច​មើល​បាន​ បើ​ពុំ​នោះ​សោត​ទេ គឺ​យើង​អាច​មើល​តែ​អ្វី​ដែល​ម្ចាស់​គេហទំព័រ​បាន​​ថត​ទុក​ឲ្យ​យើង​មើល​តែ​ប៉ុណ្ណោះ​។ ម៉្យាង​ទៀត​ យើង​មិន​ដឹង​​ថា តើ​​ម្ចាស់​គេហទំព័រ​នោះ​​​នឹង​អនុញ្ញាតឲ្យ​យើង​ទស្សនា​ប៉ុស្តិ៍​ទាំង​​​នោះ​បាន​យូរ​ប៉ុន្មាន​​ដែរ​ទេ​ តែ​នៅ​ពេល​នេះ​ យើង​អាច​ទស្សនា​ប៉ុស្តិ៍​ទាំងពីរ​នេះ​ ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ លើស​ពី​នេះ​ទៀត​ យើង​ក៏​អាច​ស្តាប់​វទ្យុ​ក្នុង​ស្រុក​​​ចំនួន​ ៣ ​ផង​ដែរ​នៅ​ទី​នោះ​។

 

ទទក

ប៉ុស្តិ៍លេខ ៥

រឿង “អនុស្សាវរីយ៍​គ្មាន​ថ្ងៃ​ភ្លេច” (១)

អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន

ដោយៈ Nicholas Sparks

កែសម្រួល​ជា​ភាសា​ខ្មែរ​ដោយៈ ញញឹម​ស្រស់

Jamie

ជំពូក ១

  1. នៅ​ឆ្នាំ ១៩៥៨ ស្រុក Beaufort គឺ​​​ជា​ស្រុក​មួយ​​ស្ថិត​នៅ​តាមបណ្តោយ​​ឆ្នេរ​សមុទ្រ​ក្បែរ​ទីក្រុង Morehead City ។ Beaufort នៅ​សម័យ​នោះ​ គឺ​ជា​ទីកន្លែង​មួយ​ដែល​មាន​លក្ខណៈ​​ដូច​ជា​ទីក្រុង​តូចៗ​ដទៃ​​ទៀត​នៅ​ប៉ែក​ខាង​ត្បូង​ដែរ​។ វា​គឺ​ជា​ទីកន្លែង​មួយ​ដែល​​មាន​អាកាស​ធាតុ​​ក្តៅ​ហើយ​សើម​នៅ​រដូវ​ក្តៅ ដែល​អាច​ធ្វើ​ឲ្យ​យើង​ហូរ​ញើស​ជោក​ដូច​ទឹក​ បើ​សិន​ជា​យើង​សាក​ល្បង​ដើរ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់នៅ​ក្នុង​តំបន់​នោះ​។ ​ម៉្យាង​ទៀត ចាប់​ពី​ខែ មេសា ​​ទៅ​ទល់​នឹង​ខែ តុលា គេ​ច្រើន​ឃើញ​កុមារ​ទាំងឡាយ​រត់​លេងប្រលែង​គ្នា​​ ដោយ​ជើង​ទទេ នៅ​ក្បែរ​ដើម​ oak និង​យក​​ដើម Spanish moss មក​ស្លៀករុំ​ខ្លួន​​រត់​លេង​​យ៉ាង​សប្បាយរីករាយ​​ក្រៃលែង​។ ជាទូទៅ អ្នក​ស្រុក​ Beaufort គ្រប់​រូប​​តែង​តែ​លើក​ដៃ​បក់​ជា​សញ្ញា​ស្វាគមន៍​ពី​ក្នុង​រថយន្ត​របស់​គេ​ នៅ​ពេល​ដែល​គេ​ឃើញ​មនុស្ស​ម្នា​ទាំងឡាយ​​ដើរ​តាម​ដង​វិថីនានា​​ ទោះ​​បី​ជា​គេ​ស្គាល់​​ឬ​មិន​​ស្គាល់​អ្នក​ដំណើរ​ទាំងនោះ​ក៏​ដោយ​​។ មួយ​វិញ​ទៀត ខ្យល់​អាកាស​នៅ​ស្រុក​ Beaufort បក់​នាំ​មក​នូវ​ក្លិន​ដើម​​​ស្រល់ ក្លិន​អំបិល និង​ក្លិន​​ទឹក​សមុទ្រ ដែល​​ជា​ក្លិន​ពិសេស​ដាច់​ដោយ​ឡែក​ប្រចាំ​រដ្ឋ​​ Carolina ​។  ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ និយម​​ប្រកប​របរ​នេសាទ​ត្រី​នៅ​ក្នុង​ឆក​សមុទ្រ Pamlico Sound ឬ​ក៏​រក​​ក្តាម​នៅ​ក្នុង​ទន្លេ Neuse River ។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ស្រុក​នោះទាំងមូល​ មាន​ទូរទស្សន៍​តែ​បី​ប៉ុស្តិ៍​ប៉ុណ្ណោះ ដូច​នេះ​ បាន​ន័យ​ថា​អ្នក​ស្រុក Beaufort មិន​សូវ​​​ចូល​ចិត្ត​មើល​ទូរទស្សន៍​ប៉ុន្មាន​ទេ​​​។ ក៏​ប៉ុន្តែ​ អ្នក​ស្រុក​​ Beaufort មាន​ជំនឿ​សាសនា​យ៉ាង​មុត​មាំជា​ទី​​បំផុត ព្រោះ​អី​នៅ​ក្នុង​ស្រុក​នោះ​តែ​មួយ មាន​វិហារ​សាសនា​រហូត​ដល់​ទៅ ១៨ ឯណោះ​។ ព្រះ​វិហារ​សាសនា​ទាំង​នោះ​មាន​ឈ្មោះ​ខុស​ៗ​គ្នា ដូច​ជា​៖ Fellowship Hall Christian Church, Church of Forgiven People, Church of Sunday Atonement និង​ព្រះ​វិហារ​សាសនា​​ Baptist ជា​ច្រើន​ទៀត​។ ​កាល​ពី​ខ្ញុំ​នៅ​តូច គឺ​ព្រះ​វិហារ​សាសនា Baptist ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​នៅ​ក្នុង​ចំណោម​ព្រះ​វិហារ​សាសនា​ទាំងអស់ ប្រការ​នេះ​​បាន​ធ្វើ​ឲ្យ​ព្រះ​វិហារ​សាសនា Baptist ជា​ច្រើន​ត្រូវ​បាន​សង់​នៅ​ស្ទើរ​តែ​គ្រប់​ផ្លូវ​កែង​ទាំង​អស់​នៅ​ក្នុង​ស្រុក Beaufort ។ ព្រះ​វិហារ​សាសនា​ Baptist ត្រូវ​បាន​ចែក​ចេញ​ជា​ច្រើន​និកាយ​តទៅ​ទៀត មាន​ដូច​ជា​៖ Freewill Baptist, Southern Baptist, Congregational Baptist, Missionary Baptist, Independent Baptist…ជា​ដើម​។ល។ និង​ ។ល។
  2.     នៅ​សម័យ​​នោះ ពិធី​បុណ្យ​ដ៏​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ​ គឺ​ជា​ពិធី​បុណ្យ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ព្រះ​វិហារសាសនា​ Baptist មួយ​ដែល​ស្ថិត​នៅ​កណ្តាលទី​​ក្រុង ដោយ​រួម​សហការ​ជាមួយ​នឹង​សាលារៀន​​មួយទៀត​​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ជាមួយ​គ្នា​​នោះ​ដែរ​។ ហើយ​ជារៀងរាល់​ឆ្នាំ ដើម្បី​ប្រារព្វ​ពីធី​បុណ្យ​នោះ គេ​តែង​តែ​សម្តែង​ទស្សនីយភាព​ផ្សេង​ៗ​​​នៅ​ក្នុង​រោង​ល្ខោន​ឈ្មោះ Beaufort Playhouse ។ ​​ទស្សនីយភាព​ដែល​ត្រូវ​យក​ទៅ​សម្តែង​នៅ​ក្នុង​រោង​ល្ខោន​​នោះ ​​គឺ​ជា​រឿង​ល្ខោន​ដែល​ត្រូវ​បាន​និពន្ធ​​ឡើង​ដោយ​​លោក​អាចារ្យ Hegbert Sullivan ដែលបាន​បួស​ធ្វើ​​ជា​អាចារ្យ​តាំង​ពី​សម័យកាល​មុន​គ្រឹស្ត​សករាជ​មក​ម្លេះ​។ ​បើ​​មិនដល់​​ថ្នាក់​មុន​គ្រឹស្ត​សករាជ ក៏​យើង​អាច​និយាយ​បាន​ថា​គាត់​ធ្វើ​ជា​អាចារ្យ​ប្រចាំ​ព្រះវិហារ​ Baptist នោះ​ តាំង​ពី​យូរ​ណាស់​មក​ហើយដែរ ព្រោះ​ឥឡូវ​នេះ ស្បែក​គាត់​ឡើង​ជ្រីងជ្រួញ​អស់​ហើយ​។ មួយ​វិញ​ទៀត លោក​អាចរ្យ Hegbert មានបាត​​ដៃ​ត្រជាក់​ស្រេប​ដូច​ទឹកកក និង​ស្បែក​ជ្រួញ​​របស់​គាត់​បង្ហាញ​នូវ​​សសៃ​ឈាម​យ៉ាង​រវីម​រវាម​​ ហើយ​សក់​ស្កូវ​របស់​គាត់​មាន​ពណ៌​ស​ក្បុស​ដូច​​ជា​រោម​របស់​សត្វ​ទន្សាយ​ស​ដែល​គេ​តែង​តែ​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​​។
  3.     រឿង​ល្ខោន​របស់​លោក​អាចារ្យ Hegbert មាន​ឈ្មោះ​ថា “ទេវតា​ឆ្នាំ​ថ្មី” (The Christmas Angel) ។​ គាត់​បាន​និពន្ធ​រឿង​នេះ​ឡើង ព្រោះ​គាត់​មិន​ចង់​យក​រឿង​ល្ខោន​ចាស់​​របស់​លោក Charles Dickens ឈ្មោះ “A Christmas Carol” មក​សម្តែង​ជា​ដដែល​ៗជា​រៀង​រាល់​ឆ្នាំ​​នោះ​ទេ​​។ ក្រៅ​ពី​ការសរសេរ​រឿង​ល្ខោន លោក​អាចារ្យ Hegbert ក៍​បាន​សរសេរ​រៀបចំ​ធម៌​ទេស​នា​ដោយ​ខ្លួន​គាត់​ផ្ទាល់​​ដែរ ហើយ​​ក្នុង​ចំណោម​ធម៌​ទេសនា​ទាំង​នោះ មាន​ធម៌​ទេសនា​ខ្លះ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​ធម៌​ទេសនា​ទាំងឡាយ​ណា​ដែល​និយាយ​ពី​​កំហឹង​របស់​​ព្រះ​​ចំពោះ​​ជន​ទាំងឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​មុន​ពេល​រៀបការ ឬ​ទុំ​មុន​ស្រគាល​ (fornicator) ។ ហើយ​​គាត់​តែងតែ​តម្លើង​សម្លេង និង​តម្លើង​សសៃ​ក​​ធំ​ប៉ុន​ណាណី​ នៅ​ពេល​ដែល​គាត់​​ទេសនា​ពី​រឿង​​​ទុំ​មុន​ស្រគាល​នេះម្តង​ៗ ព្រោះ​ប្រធាន​បទ​នេះ​​គឺ​ជា​ប្រធាន​បទ​ដ៏​សំខាន់​បំផុត​សម្រាប់​គាត់​។
  4.     កាល​ពី​ពួក​យើង​នៅ​ក្មេង​​ៗ នៅ​ថ្ងៃ​មួយ​ នៅ​ពេលដែល​​ឃើញ​លោក​អាចារ្យ Hegbert ដើរ​មក​ ពួកម៉ាក​​ខ្ញុំ និង​​ខ្ញុំ​ បាន​រត់​ទៅ​ពួន​នៅ​ខាង​ក្រោយ​ដើម​ឈើ​ហើយបាន​​ស្រែក​ថា​ “​អាចារ្យ Hegbert ទុំ​មុន​ស្រគាល​” ហើយ​បន្ទាប់​មក​ ពួក​យើង​បាន​នាំ​គ្នា​សើច​កាច់កកាច់​ស្រង់​ ដូច​មនុស្ស​ឆ្កួត ​គឺ​ធ្វើ​ហាក់​ដូច​ជា​ពួក​យើង​ជា​​​​មនុស្ស​​ដែល​សម្បូរ​រឿង​សើចច្រើន​​ជាង​គេ​បំផុត​នៅ​ក្នុង​លោក​នេះ​។
  5.     ហើយ​នៅ​ពេល​ដែល​លោក​អាចារ្យ Hegbert បាន​ឮ​ពួក​យើង​ហៅ​គាត់​ដូច្នេះ គាត់​បាន​​ឈប់​ងក់​នៅ​មួយ​កន្លែង ស្លឹក​ត្រចៀក​របស់​គាត់​បាន​បះ​ឡើង​លើ (ខ្ញុំ​ហ៊ាន​ស្បថ​នៅ​ចំពោះ​​មុខ​ព្រះ​ថា​ ស្លឹក​ត្រចៀក​គាត់​ពិត​ជា​បាន​បះ​ឡើង​លើ​មែន) និងបាន​​ប្រែ​ទៅ​ជា​ពណ៌​ក្រហមមួយ​រំពេច ហាក់​ដូច​ជា​​គាត់​ទើប​តែ​នឹងបាន​​ផឹក​សាំង​រួចហើយ ​សសៃ​ក​របស់​គាត់ទាំង​ប៉ុន្មាន​​បាន​ឡើង​ប៉ោង​ធំ​និង​លេច​ចេញ​រវីមរវាម​ ប្រៀប​បាន​ទៅ​នឹង​រូប​ទន្លេ​​នៅ​លើ​ផែនទី​នៃ​​ព្រៃ​ Amazon ។ គាត់​បាន​ដើរ​ចំហៀងខ្លួន​ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ​​រក​មើល​​ពួក​យើង​​​ មួយ​រំពេច​នោះ​ស្រាប់​តែ​ស្បែក​របស់​គាត់​ប្រែ​ទៅ​ជា​​ស្លាំង​ដូច​ធម្មតា​វិញ គឺ​​មាន​​សណ្ឋាន​ជា​ស្បែក​ត្រី​ ដែល​ជា​រឿង​មួយ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​​ជា​ទី​បំផុត​។
  6.     ពួក​យើង​បាន​ពួន​នៅ​ពី​ក្រោយ​ដើម​​ឈើ តែ​លោក​​អាចារ្យ Hegbert គាត់​មិន​ព្រម​ទៅ​ណា​ទេ គឺ​គាត់​ចង់​រង់​ចាំ​នៅ​ទី​នោះ​រហូត​ដល់​ពួក​យើង​ចេញ​មក​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ចាប់​ ព្រោះ​គាត់​គិត​ថា​ពួក​យើង​ជា​កូន​ក្មេង​គឺ​​ល្ងង់​ដូច្នោះ​ឯង​។ ផ្ទុយ​ទៅ​វិញ ពួក​យើង​បាន​យក​ដៃ​ខ្ទប់​មាត់​សើច​។ តែ គាត់​ក៍​បានដើរ​រក​ពួក​យើង​នៅ​គ្រប់​ជ្រុង​ទាំង​អស់ ហើយមួយ​​រំពេច​នោះ​​គាត់​បាន​ឈប់​​នឹង​មួយ​កន្លែង ភ្នែក​ដ៏​មូល​ក្រឡង់​របស់​គាត់​ទាំងពីរ​បាន​សម្លឹង​មក​រក​យើង​កាត់​តាម​មែក​ឈើ​ទាំងឡាយ​​​ គាត់​បាន​និយាយ​ថា “អញ​ដឹង​ថា​អ្នក​ណា​ហើយ​ គឺ Landon Carter ហើយ​ព្រះ​ជា​ម្ចាស់​​ក៏​ទ្រង់​ជ្រាប​​ដែរ​។” គាត់​បាន​​នៅ​ស្ងាត់​ស្ងៀម​មួយ​ស្របក់​ រួច​ក៏​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។
  7.     នៅ​ថ្ងៃ​ដដែល​នោះ​ នៅ​ឯ​ព្រះ​វិហារ លោក​អាចារ្យ Hegbert បាន​ទេសនា​បណ្តើរ និង​​​​សម្លឹង​មើល​ពួក​យើង​បណ្តើរ ព្រម​ទាំង​បាន​និយាយ​ពាក្យ​ពេច៍ន​មួយ​ចំនួន​ដែល​មាន​ន័យ​ថា “ព្រះ​ជា​ម្ចាស់​ទ្រង់​មាន​ក្តី​សណ្តោស​ប្រោស​ប្រណី​ដល់​កុមារទាំងពួង តែ​កុមារ​ទាំង​នោះ​​ត្រូវ​តែ​មាន​ឬកពារ​​សម​រម្យ​​ទៅ​នឹង​សេចក្តី​សណ្តោស​ប្រោស​ប្រណីរបស់​ព្រះ​ជាម្ចាស់​។” នៅ​ពេល​ឮ​ដូច្នេះ ពួក​យើង​បាន​សម្រូត​ខ្លួន​ចុះ​ទាប​ពី​​លើ​កៅ​អី​ដើម្បី​លាក់​ខ្លួន តែ​មិន​មែន​មក​ពី​​រអៀស​ខ្លួន​នោះ​ទេ គឺ​ដើម្បី​លួច​សើច​ជា​ថ្មី​ម្តង​ទៀត​។ លោក​អាចារ្យ Hegbert គាត់​ពិត​ជា​មិនអាច​​យល់​ពី​ពួក​យើង​ដែល​ជា​ក្មេង​​ខុស​គេនោះ​បាន​ទេ​​​ ទោះ​បី​ជាគាត់​មាន​កូន​ម្នាក់​នឹង​គេដែរ​ក៏​ដោយ ព្រោះ​កូន​របស់​គាត់​ជា​កូន​ស្រី​។ យើង​នឹង​ដឹង​​ពី​រឿង​នាង​​ស្រី​​​នោះ​នៅ​ពេល​ក្រោយ​ទៀត​។
  8.     តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដូច​ខ្ញុំ​ធ្លាប់​បាន​និយាយ​រួច​មក​ហើយ​ថា គឺ​​លោក​អាចារ្យ​ Hegbert ដែល​ជា​អ្នក​​និពន្ធ​រឿង​លោ្ខន “ទេវតា​ឆ្នាំ​ថ្មី” (The Christmas Angel) សម្រាប់​យក​ទៅ​សម្តែង​នៅ​ក្នុង​រោង​ល្ខោន Beaufort Playhouse​ ជំនួសឲ្យ​​រឿង​ល្ខោន​​ចាស់​មួយ​រឿង​ទៀតនោះ​។ ហើយ​បើ​គ្មាន​គាត់​ទេ រឿង​ល្ខោន​ចាស់​ដដែល​ៗ​នោះ នឹង​ត្រូវ​យក​ទៅ​សម្តែង​នៅ​ក្នុង​រោង​ល្ខោន​ Beaufort Playhouse ជា​រៀង​រាល់​ឆ្នាំ​។ រឿង​ល្ខោន​របស់​លោក​អាចារ្យ Hegbert ​ល្អ​មើល​គួរ​សម ​នៅ​ពេល​សម្តែង​នៅ​ឆ្នាំ​ដំបូង អ្នក​ផង​ទាំងឡាយ​មាន​ការចាប់​អារម្មណ៍​ជា​ខ្លាំង​។ ដំណើរ​រឿង​គឺ​និយាយ​អំពី​បុរស​ម្នាក់​ដែល​បាន​បាត់បង់​ប្រពន្ធ​របស់​ខ្លួនតាំង​ពី​​ប្រហែល​ជា​​​ពីរបី​ឆ្នាំ​មក​ហើយ​។ បុរស​នោះ​មាន​ឈ្មោះ​ថា Tom Thornton ធ្លាប់​ជា​មនុស្ស​កាន់​ធម៌អាថ៌​ដ៏​ខ្ជាប់​ខ្ជួន​​ម្នាក់ ក៏​ប៉ុន្តែ​ បន្ទាប់មក បុរស​នោះ​​លែង​​សូវ​ជឿ​ទៅ​លើ​ធម៌​អាថ៌ នៅ​ពេល​ដែល​ប្រពន្ធ​​របស់​គាត់​បាន​ស្លាប់​​នៅ​ពេល​សម្រាល​កូន​។ ហើយ​ក្រោយ​មក ​បុរស​នោះ​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​បី​បាច់​ថែរក្សា​កូន​ស្រីរបស់​​គាត់​តែ​ម្នាក់​ឯង​គត់​។ ក៏​ប៉ុន្តែ ​ប្រការ​នេះ​មិន​មែន​មាន​ន័យ​ថា ​គាត់​​​​ជា​ឪពុក​ដ៏​ល្អ​​ផ្តាច់​គេ​នៅ​ក្នុង​លោក​នេះ​​ទេ ​ម៉្យាង​ទៀត​ គ្រាន់​តែ​បំណង​ប្រាថ្នា​ដ៏​តូច​មួយ​របស់​កូន​ស្រី​​គាត់ ក៏​គាត់​​មិន​អាច​បំពេញបាន​ផង​​។ ​បំណង​ប្រាថ្នា​របស់​កូន​ស្រី​គាត់ ​គឺ​​ចង់​បាន​កូន​ប្រអប់​ភ្លេង​ដ៏​តូច​មួយ​ដែល​មាន​រូប​ទេវតា​នៅ​លើ​នោះ​ សម្រាប់​ជា​​អំណោយ​នៅ​ពេល​បុណ្យ​ Christmas ។ កូន​ស្រី​គាត់​ចង់​បាន​របស់​នេះ ព្រោះ​នាង​បាន​ឃើញ​និង​កាត់​យក​​រូប​ប្រអប់​នោះ​ពី​​ក្នុង​សៀវភៅ​កាតាឡុក​ដ៏​​ចាស់​មួយ​។ បុរស​នោះ​បាន​ដើរ​រក​ទិញកូន​​ប្រអប់​ដែល​កូន​ស្រី​គាត់​ចង់​បាន​​ នៅ​គ្រប់​ទិសទី​ទាំងអស់ តែ​នៅ​តែ​រក​មិន​បាន​​សោះ​។ ហើយ​នៅ​​មុន​ពេល​បុណ្យ​ Christmas មួយ​ថ្ងៃ បុរស​នោះ​នៅ​តែព្យាយាម​​ដើរ​រក​មើល​ទិញ​កូន​ប្រអប់នោះ​​នៅ​គ្រប់​ហាង​ទាំងអស់​​។ តែ​គាប់​ជួនពេល​នោះ គាត់​បាន​ជួប​នឹង​ស្រ្តី​ដ៏​ចម្លែក​ម្នាក់​ដែល​គាត់​មិន​ធ្លាប់​​​ឃើញ​ទាល់​តែ​សោះ​។ ស្ត្រី​នោះ​បាន​សន្យា​នឹ​ង​គាត់​ថា​នឹង​ជួយ​ដើរ​រក​ទិញ​អំណោយ​សម្រាប់​កូន​ស្រី​គាត់​​។ ហើយ​នៅ​​ពេល​ដើរ​រក​ទិញ​អំណោយ ពួក​គេ​ទាំងពីរ​នាក់​បាន​ដាក់​​ទាន​ដល់​ជន​អនា​ថា​ និង​ឈាង​ចូល​មជ្ឍមណ្ឌល​កុមារ​កំព្រា​ដើម្បី​សួរ​សុខទុក្ខ​កុមារ​មួយ​ចំនួននៅ​ទី​នោះ និង​បានចូល​​សួរ​សុខទុក្ខ​ស្រ្តី​ចំណាស់​ម្នាក់​ដែល​នៅ​តែ​ម្នាក់​ឯង​ ​នៅ​មុន​ថ្ងៃ​​បុណ្យ Christmas មួយ​ថ្ងៃ (Christmas Eve) ។ នៅ​ពេល​នោះ ស្រ្តី​​ចម្លែក​​ក៏​​សួរ​ទៅ Tom Thornton ថា​​តើ​គាត់​ចង់​បាន​អ្វី​ដែរ​សម្រាប់​បុណ្យ​ Christmas, Tom Thornton ​ឆ្លើយ​ថា​គាត់​ចង់​ឲ្យ​ប្រពន្ធ​របស់​គាត់​រស់​ឡើង​វិញ​។ ស្ត្រី​ចម្លែក​នោះ​ក៏​​​នាំ​ Tom ទៅ​កាន់​កន្លែងមាន​​រូប​ចម្លាក់​បាញ់​ទឹក (fountain) នៅ​កណ្តាល​ទីក្រុង ហើយ​​ប្រាប់​ Tom ឲ្យ​សម្លឹង​មើល​ទៅ​ក្នុង​ទឹក​​នោះ បើ​សិន​ជា Tom ចង់​​ឃើញ​អ្វី​ដែល​គាត់​ចង់​បាន​។​ នៅ​ពេល​នោះ Tom ក៏​​សម្លឹង​មើល​ទៅ​ក្នុង​ទឹក គាត់​បាន​ឃើញ​មុខ​កូន​ស្រី​គាត់​នៅ​ក្នុង​ទឹក​នោះ គាត់​ក៏​​ស្រែក​ទ្រហោ​យំ​។ នៅ​ពេល​នោះ​ ស្រ្តី​ចម្លែក​ក៏រលាយ​​បាត់​ខ្លួន​មិន​ដឹង​ជា​ទៅ​ទី​ណា ទោះ​ជា​ Tom ប្រឹង​រក​យ៉ាង​ណា​ក៏​ដោយ​។ Tom ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ចងចាំ​នូវ​រឿង​រ៉ាវ​ទាំង​ឡាយ​​ដែល​បាន​កើត​មាន​​ឡើង​ជាមួយ​នឹង​ស្រ្តី​ចម្លែក​នោះ​។ មក​ដល់​ផ្ទះវិញ Tom ​ចូល​ទៅ​មើល​កូន​ស្រី​គាត់​ដែល​កំពុង​តែ​គេង​​ក្នុង​បន្ទប់​របស់​នា​ង​។ វង់ភ័ក្រ​ដ៏​ស្រស់​ប្រឹមប្រិយ​របស់​នាង​ បាន​ធ្វើ​ឲ្យ​ Tom នឹក​គិត​ទៅ​ដល់​ប្រពន្ធ​របស់​គាត់ ហើយ​គឺ​​វង់ភ័ក្រ​ដ៏​ស្រស់​ប្រឹមប្រិយ​នេះ​ហើយ​ដែល​ជា​កេរ្តិ៍​មរតក​ដែល​​ប្រពន្ធរបស់​​គាត់​បាន​បន្សល់​ទុក​ឲ្យ​​។ នឹក​ដល់​រឿង​នេះ Tom ក៏​សម្រក់​ទឹក​ភ្នែក​ម្តង​ទៀត ព្រោះ​គាត់​​គិត​ថា​​ គាត់​មិន​បាន​បំពេញ​តួនាទី​ជា​ឪពុក​ដ៏​ល្អ​ចំពោះ​កូន​ស្រី​​គាត់​​ឡើយ​​ ព្រោះ​សូម្បី​តែ​កូន​ប្រអប់​ដ៏​តូច​មួយ​ ក៏​គាត់​រក​មិន​បាន​ផង​។ ក៏​ប៉ុន្តែ នៅ​ពេល​ព្រឹក​ថ្ងៃ​បន្ទាប់​មក Tom មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង ព្រោះ​គាត់​បាន​ប្រទះ​ឃើញកូន​​ប្រអប់​ភ្លេង​ដែល​កូន​ស្រី​គាត់​ចង់​បាន​​នោះ ស្ថិត​នៅ​ក្រោម​ដើម​ស្រល់ Christmas ហើយ​រូប​​ទេវតា​នៅ​លើ​ប្រអប់​នោះ​មាន​មុខមាត់​ដូច​បេះបិទ​ទៅ​នឹង​​មុខមាត់​របស់​ស្រ្តី​ចម្លែក​ដែល​គាត់​បាន​ជួប​កាល​ពី​ម្សិល​មិញ​។
  9.     សរុបសេចក្តី​​មក រឿង​ល្ខោន​របស់​លោក​អាចារ្យ Hegbert មិន​អន់​ប៉ុន្មានឡើយ​​​ ហើយ​នៅ​ពេល​សម្តែង​ម្តង​ៗ​ មាន​ទស្សនិកជន​​ជា​ច្រើន​យំ​សម្រក់​ទឹក​ភ្នែក​​នឹក​អាណិត​តួអង្គ​។​ ជា​រៀង​រាល់​ឆ្នាំ សំបុត្រចូល​ទស្សនា​​លក់​ដាច់​​អស់​មុន​ពេល​កំណត់ (sold out) ។ ​មុនដំបូង រឿង​ល្ខោន​នេះ​ត្រូវ​​បាន​សម្តែង​តែ​​នៅ​ក្នុង​ព្រះ​វិហារ​​ដ៏​តូច​មួយ​តែ​ប៉ុណ្ណោះ តែ​​ដោយ​សារតែ​​​រឿង​ល្ខោន​នេះ​មាន​​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ឡើង​ៗ ដូចនេះ​​លោក​អាចារ្យ Hegbert ក៏​សម្រេច​ចិត្ត​យកវា​​ទៅ​សម្តែង​នៅ​ក្នុង​រោង​ល្ខោន Beaufort Playhouse ព្រោះ​​នៅ​ទី​នោះ​មាន​កៅអី​ច្រើន​ជាង​។ នៅ​ពេល​នោះ ខ្ញុំ​ជា​សិស្សរៀន​នៅ​​​​​​វិទ្យាល័យ​​​ថ្នាក់​ធំជាង​គេ (senior in high school) ហើយ​​​ការជ្រើសរើស​តួ​​សម្តែង​ ត្រូវ​ធ្វើ​ឡើង​​ពីរ​ដង​​​មុន​នឹង​សម្រេច​ថា​តើ​អ្នក​ណា​ខ្លះ​ត្រូវ​សម្តែង​តួ​នៅ​ក្នុង​រឿង​ល្ខោន​នោះ​​​​។ 
  10.     លោក​អាចារ្យ Hegbert បាន​​ជ្រើសរើស​យកតែ​​​​ក្មេង​ៗប៉ុណ្ណោះ ​ទៅ​សម្តែង​រឿង​ល្ខោន​របស់​គាត់​ ពោល​គឺ​ពួក​ក្មេង​ធំៗ​​រៀន​នៅ​វិទ្យាល័យ ​គឺ​គាត់​គ្មាន​បំណង​នឹង​ជ្រើសរើស​យក​​​អ្នក​លេង​ល្ខោន​មែនទែន​ឲ្យ​មក​សម្តែង​រឿង​ល្ខោន​របស់​គាត់នោះ​​​​ទេ​។ ខ្ញុំ​យល់​ថា​គាត់​​ធ្វើ​ដូច្នេះ​ មក​ពី​គាត់​​គិត​ថា​ ការសម្តែង​រឿង​​ល្ខោន​នេះ វា​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់ពួក​​ក្មេង​​ធំ​ៗ​​​ដែល​នឹងត្រូវ​​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ​ហើយ​ដែល​នឹង​ត្រូវ​​ប្រឈម​មុខ​​​នឹង​ពួក​ទុំ​មុន​ស្រគាល​ (fornicator) ដែល​គ្មាន​ធម៌​អាថ៌​ក្នុង​ខ្លួន​ជា​ច្រើន​រូបទៀត​​​​។ គាត់​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ចង់​ជួយ​ពួក​យើង​ឲ្យ​ជៀស​វាងនូវ​​ការ​ប្រព្រឹត្ត​អំពើ​បាបកម្ម​​ គាត់​ចង់​ឲ្យ​ពួក​យើង​យល់​​ថា ព្រះ​ជា​ម្ចាស់​តាម​ថែរក្សា​យើង​ជា​និច្ច ទោះ​ជា​យើង​នៅ​ទី​ណា​ក៏​ដោយ​ ទោះ​ជា​យើង​នៅ​ឆ្ងាយ​ពី​ផ្ទះ​យ៉ាង​ណា​ក៏​ដោយ​។ ហើយ​បើ​យើង​ជឿ​ទុក​ចិត្ត​លើ​ព្រះ​ជា​ម្ចាស់ នៅ​ទី​បញ្ចប់​​ យើង​នឹង​បាន​រួច​ផុត​ពី​គ្រប់​ទុក្ខ​ទោស​គ្រប់​បែប​យ៉ាង​​​។​ ទាំង​អស់​នេះ​គឺ​ជា​មេរៀន​ជីវិត​ដែល​ខ្ញុំ​គួរ​តែត្រូវ​​​ដឹង​តាំងតែ​នៅ​​​ពី​​តូច​មក​ម្លេះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​​​អ្នក​ដែ​ល​បាន​បង្រៀន​មេ​រៀនជីវិត​ទាំង​នេះ​ដល់​ខ្ញុំ គឺ​មិន​មែន​លោក​អចារ្យ Hegbert ទេ​។
  11. ​    ដូច​ខ្ញុំ​ធ្លាប់​បាន​និយាយ​រួច​មក​ហើយ​ថា​ស្រុក Beaufort ​​មាន​លក្ខណៈ​ដូច​ជា​ទីក្រុង​​ផ្សេង​ៗ​ទៀត​ស្ថិត​នៅ​ប៉ែក​ខាង​កើត​​។ ដូច្នេះ ស្រុក​នេះ​ក៏​មាន​ប្រវត្តិដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ជា​ទីក្រុង​ទាំងនោះ​ដែរ​​។ គឺ​ថា​មេ​ចោរ​សមុទ្រ​ឈ្មោះ Blackbeard ធ្លាប់​មាន​ផ្ទះ​មួយ​នៅ​ក្នុង​ស្រុក​នេះ ហើយ​សំពៅ​ឈ្មោះ Queen Anne’s Revenge របស់​មេ​ចោរនោះ ​ក៏​ត្រូវ​បាន​កប់​នៅ​កន្លែង​ណា​មួយ​នៅ​លើ​ឆ្នេរ​សមុទ្រ​ក្នុង​ស្រុក​នេះ​ដែរ​។ ថ្មី​ៗ​នេះ មាន​ពួក​​អ្នក​សិក្សា​ខាង​បុរាណ​វិទ្យា​មួយ​ចំនួន​ បាន​និយាយ​​ថា​គេ​បាន​រក​ឃើញ​សំពៅ​នោះ​ហើយ តែ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​អះអាង​ថា​ជា​ការពិត​​ប្រាកដ​ ១០០% នោះ​​ឡើយ​​។ ម៉្យាង​ទៀត​ សំពៅ​នោះ​ត្រូវ​បាន​កប់​ចោល​តាំង​ពី ២៥០​ ឆ្នាំ​មុន​ម្លេះ ដូចនេះ​គ្មាន​អ្នក​ណាម្នាក់​​អាច​​ចូល​ទៅ​ក្នុង​ឃ្លុប​សំពៅ​នោះ ដើម្បី​ស្វែង​រក​ភស្តុតាង​ពិត​ប្រាកដ​បាន​ឡើយ​​។ មួយវិញ​ទៀត ស្រុក​ Beaufort ត្រូវ​បាន​អភិវឌ្ឍន​​ចាប់​តាំង​ពី​ឆ្នាំ ១៩៥០​ មកម្លេះ តែ​មក​ដល់​ពេល​នេះ Beaufort នៅ​តែ​មិន​ទាន់​ក្លាយ​​ជា​ទីក្រុង​ដ៏​ធំ​មួយ​នៅ​ឡើយទេ​​។ ហើយ​ជានិច្ចកាល Beaufort នៅ​តែ​ស្ថិតនៅ​​​ជា​ទី​ក្រុង​ដ៏​តូច​មួយ​​ជា​ដរាប​​​។ នៅ​ពេល​ដែល​ខ្ញុំ​ធំឡើង​​នៅ​ទី​​នោះ Beaufort គឺ​ជា​ស្រុក​ដ៏​តូច​មួយ​ ដែល​ស្ទើរ​តែ​​គ្មាន​នៅ​លើ​​​ផែន​ទី​ផង​​។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ជាង​នេះ​ទៀតគឺ​ថា ​​តំបន់​សភា​ដែល​មាន​ស្រុក Beaufort នៅ​ក្នុង​នោះ​ គឺ​ស្ថិត​នៅ​ប៉ែក​ខាង​កើត​នៃ​រដ្ឋ North Carolina មាន​ផ្ទៃដី​ប្រមាណ​ជា​ម្ភៃពាន់​ម៉ាល​ការេ និង​នៅ​ក្នុង​ទី​ក្រុង​នីមួយ មាន​ប្រជាពលរដ្ឋ​​​មិន​លើស​ពី​ម្ភៃ​ប្រាំ​ពាន់​នាក់​ឡើយ​។ បើ​ប្រៀប​ធៀប​នៅ​នឹង​ទីក្រុង​​ផ្សេង​ៗ​ទៀត Beaufort ត្រូវ​ចាត់​ទុក​ថា​ជា​ទីក្រុង​ដែល​​មាន​ទំហំ​តូច​ជាង​គេ​បំផុត​។ ម៉្យាងទៀត ចាប់ពី​​ប៉ែក​ខាង​កើត​នៃ​ស្រុក Raleigh និង​​ប៉ែក​ខាង​ជើង​នៃ​ស្រុក Wilmington រហូតមក​ដល់​ព្រំ​ប្រទល់​នៃ​រដ្ឋ​ Virginia គឺ​ជា​ដែន​ដី​ដែលមាន​​ឪពុក​​ខ្ញុំ​ជា​តំណាង​រាស្រ្ត​​​នៅ​ទី​នោះ​។
  12.     ខ្ញុំ​គិត​ថា ​អស់​លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ស្គាល់​គាត់​ហើយ​មើល​ទៅ ព្រោះ​​រហូត​មក​ដល់​សព្វថ្ងៃ​នេះ គាត់​នៅ​តែ​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ដដែល​។ ឈ្មោះ​របស់​គាត់​គឺ  Worth Carter ហើយ​គាត់​ធ្វើ​​ជា​តំណាង​រាស្ត្រ​​​ជិត ៣០ ឆ្នាំ​ហើយ​។ នៅ​ពេល​បោះ​ឆ្នោត​ម្តង​ៗ គាត់​តែង​​តែ​សរសេរ​បដា​ដាក់​ថា “Worth Carter តំណាង​ឲ្យប្រជាពលរដ្ឋ______” រូច​ហើយ​គឺ​ជា​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុកភូមិ​​និមួយ​ៗ ដែល​ត្រូវ​សរសេរ​ឈ្មោះ​ស្រុក​​​ភូមិ​របស់គេ​បំពេញ​​ក្នុង​បដា​​នោះ​។ ខ្ញុំ​នៅ​ចាំ​បាន​ថា មាន​ម្តង​នោះ​​ ម្តាយ​ខ្ញុំ និង​​ខ្ញុំ​បាន​បើក​ឡាន​ទៅ​ជួប​ជុំ​​និង​នៅ​ជាមួយ​នឹង​គាត់​​ ដើម្បី​​បង្ហាញ​​ប្រជាពលរដ្ឋ​ថា​ គាត់​ជា​មនុស្ស​ដែល​​​យក​ចិត្ត​ទុក​ដាក់​និង​សឡាញ់​​ក្រុម​គ្រួសារ​។ នៅ​ពេល​នោះ​ ពួក​យើង​បានឃើញ​​ក្បាល​ឡាន​របស់​គាត់​មាន​​បិទ​ផ្លាក​ជា​ច្រើន​ដែល​មាន​ឈ្មោះ​មួយ​ចំនួន​នៅ​លើ​នោះ​ ដូច​ជា​៖ Otway, Chocawinity និង​ Seven Springs ជាដើម​។ សព្វថ្ងៃ​នេះ ការបិទ​ផ្លាកនៅ​នឹង​ក្បាល​ឡាន​​ដូច្នេះ គឺ​ជា​រឿង​ធម្មតា​បំផុត គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ តែ​នៅ​សម័យ​នោះ ការធ្វើ​ដូច្នោះ គឺ​ជា​ការផ្សាយ​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​មួយ​​។ ខ្ញុំ​គិត​ថា នៅ​ពេល​សព្វថ្ងៃ​នេះ បើ​សិន​ជា​គាត់​សាកល្បង​បិទ​ផ្លាក​នៅ​នឹង​ក្បាល​ឡាន​​​ដូច​នៅ​ពេល​​មុន​​ទៀតនោះ ក្រុម​អ្នក​ប្រឆាំង​នឹង​គាត់​ នឹងនាំគ្នា​​​សរសេរ​នៅ​លើ​ផ្លាក​នោះ​នូវ​ពាក្យ​អសុរស​ទាំងឡាយ​ទៅ​តាម​គំនិត​របស់​ពួក​គេ​។​ ក៏​ប៉ុន្តែ​នៅ​ពេល​នោះ ពួក​អ្នក​ប្រឆាំង​មិន​បាន​ធ្វើ​ដូច្នោះ​ឡើយ​ គឺ​មានតែ​​ម្នាក់​ប៉ុណ្ណោះ​ គាត់​គឺ​ជា​កសិករ​នៅ​ស្រុក Duplin ហើយ​គាត់​បាន​សរសេរ​ពាក្យ​ថា “អាចម៍” (shit) នៅ​លើ​ផ្លាក​នៅលើ​ក្បាល​ឡាន​របស់​ឪពុក​ខ្ញុំ​។ ​នៅ​ពេល​ដែល​ម្តាយ​ខ្ញុំ​បាន​ឃើញ​ពាក្យ​នោះ គាត់​បាន​យក​ដៃ​មក​បិទ​ភ្នែក​ខ្ញុំ និង​​បាន​បន់​សុំ​​ព្រះ​​ឲ្យ​អភ័យទោស​ដល់​​​មនុស្ស​ចំកួត (bastard) គ្មាន​ដឹង​អី​​​នោះ​ផង​។ ម្តាយ​ខ្ញុំ​មិន​បាន​ប្រាប់​ខ្ញុំ​ពី​ពាក្យ​នោះ​ទេ តែ​ខ្ញុំ​អាច​សន្និដ្ឋាន​ថា​គឺ​ជា​ពាក្យ​នោះឯង​​។
  13.     សរុប​មក ឪពុក​របស់​ខ្ញុំ​ដែល​ជា​តំណាង​រាស្ត្រ​នោះ គឺ​​ជា​លោក​ធំ​ម្នាក់​ដែល​មនុស្ស​គ្រប់​រួប​បាន​​ស្គាល់​គ្រប់​គ្នា រួម​ទាំង​លោក​តា Hegbert ផង​ដែរ​។ ក៏​ប៉ុន្តែ​​ នៅ​ពេលនោះ ឪពុក​ខ្ញុំ និង​លោក​អាចារ្យ Hegbert មិនសូវ​​ត្រូវ​គ្នា​ទេ ទោះបី​ជា​ឪពុក​ខ្ញុំ​ទៅ​ស្តាប់​គាត់​ទេសនា​ នៅ​រាល់​លើក​ដែល​ឪពុក​ខ្ញុំ​មក​លេង​ផ្ទះ​ក៏​ដោយ​។ ហើយ​​តាម​​ការពិត ឪពុក​ខ្ញុំ​គាត់​មិន​សូវ​នៅ​ផ្ទះ​ប៉ុន្មាន​ទេ​។ ចំពោះ​លោក​អាចារ្យ Hegbert ក្រៅ​ពី​គាត់​ជឿ​ថា ពួក​ទុំ​មុន​ស្រគាល​ (fornicator) នឹង​ចុះ​​ទៅ​លាង​បង្គន់​នៅ​ស្ថាន​នរក​នៅ​ពេល​ស្លាប់​ទៅ គាត់​ក៏​ជឿង​ផង​ដែរ​ថា លទ្ធិ​ communism “គឺ​ជា​រោគ​រាតត្បាត​​ចង្រៃ​ដែល​តាម​ផ្តន្ទា​មនុស្ស​លោក​ឲ្យ​ក្លាយ​ទៅ​ជា​ទមិឡ​អត់​សាសនា​”​ (heathenhood)។ ទោះ​ជា​ពាក្យ heathenhood មិន​មែន​ជា​ពាក្យ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​សម្គាល់​លទ្ធិ communist យ៉ាង​ណា​ក៏​ដោយ ក៏គ្រឹស្ត​បរិស័ទ​ទាំងឡាយ​យល់​ពី​​អ្វី​ដែល​គាត់​ចង់​និយាយ​ដែរ​។ គ្រឹស្ត​បរិស័ទ​ទាំងឡាយ​ក៏​យល់​ផង​ដែរ​ថា លោក​អាចារ្យ​ Hegbert ពោល​​ពាក្យ​ទាំងអស់​នោះ គឺ​ចង់​ឲ្យ​ឪពុក​ខ្ញុំ​ឮ តែ​ឪពុក​ខ្ញុំ​គាត់​តែង​តែ​បិទ​ភ្នែក​និង​ធ្វើ​ហាក់ដូច​ជា​មិន​ឮ​ នៅ​ពេល​ដែល​លោក​អាចារ្យ Hegbert ពោល​​ពាក្យ​ពេចន៍​ទាំងអស់​នោះ​​ម្តង​ៗ​។ គឺ​ថា ឪពុក​របស់​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​គណៈកម្មការ​ត្រួត​ពិនិត្យ​ “ឥទ្ធិពល​ក្រហម” (Red influence) ដែល​អាច​ជ្រៀត​ចូល​មក​ក្នុង​ប្រទេស​តាម​គ្រប់​វិស័យ​ទាំងអស់​ មាន​ដូច​ជា​ វិស័យ​​ការពារ​ជាតិ វស័យ​ឧត្តម​សិក្សា ឬ​អាចជ្រៀត​ចូល​តាម​រយៈ​​វិស័យ​​កសិកម្ម​ថ្នាំ​ជក់ ក៏​អាច​ថា​បាន​ដែរ​។ អស់​លោក​អ្នក​ត្រូវ​តែ​ចាំ​ថា នៅ​ពេល​នោះ​គឺ​ជា​សង្រ្គាម​ត្រជាក់ ភាព​តានតឹង​បានកើត​​​មាន​ឡើង​​យ៉ាង​ស្រួចស្រាវ​បំផុត ហើយ​អ្នក​​រស់នៅក្នុង​​រដ្ឋ North Carolina គ្រប់​រូប​ចាំបាច់​​ត្រូវ​តែ​ចូល​រួម​ដោះស្រាយ​បញ្ហា​នោះ​​។ ចំពោះ​ឪពុក​របស់​ខ្ញុំ​ គាត់​បាន​វិភាគ​យ៉ាង​ម៉ត់ចត់​ និង​ប្រកប​ដោយ​ភាព​សង្វាក់​គ្នា​បំផុត​ទៅ​លើ​បញ្ហានេះ គឺ​​ខុស​ពី​ការស្មាន​​របស់​លោក​អាចារ្យ​ Hegbert ។ 
  14.     ក្រោយ​មក​ទៀត នៅ​ថ្ងៃ​មួយ នៅ​ពេល​ដែល​ឪពុក​ខ្ញុំ​ត្រឡប់​ពី​ព្រះវិហារ​មក​វិញ គាត់​បាន​ប្រាប់​ខ្ញុំ​​​​​ថា “ថ្ងៃ​នេះ លោក​តេជគុណ (Reverend) Sullivan មាន​ការក្តៅ​ក្រហាយ​ខ្លាំង​ណាស់។ អញ​យល់​ថា ឯង​ប្រហែល​ជា​ធ្លាប់​ឮ​ពី​ធម៌ព្រះ​ដែល​និយាយ​អំពី​អ្នក​ក្រ​ហើយ​មើល​ទៅ… ”
  15. “បាទ​ប៉ា ខ្ញុំ​ពិត​ជា​ធ្លាប់​ឮ​មែន…”
  16.     ឪពុក​របស់​ខ្ញុំ​គាត់​ចូលចិត្ត​និយាយ​ទាញ​មក​រក​ល្អ​វិញ​នូវ​​រឿង​អាក្រក់​ទាំងឡាយ​ណា​ដែល​គាត់​បាន​ជួប​ប្រទះ​។ ឧទាហរណ៍​ ដូចជា​នៅ​ពេល​ដែលគាត់​​បាន​ជួបនឹង​ទារក​ម្នាក់​ដែល​មាន​ក្បាល​ធំ​ប៉ុនណាណី គាត់​បែ​ជា​និយាយ​ថា “វា​ជា​ក្មេង​ស្លូត​​ណាស់” ទៅ​វិញ​ ហើយ​បើ​គាត់​បាន​ជួប​នឹង​ទារិកា​ដែល​កើត​មក​មាន​សម្លាក​ពេញ​មុខវិញ គាត់​នឹង​និយាយ​ថា “នាង​គឺ​ជា​ក្មេង​ស្រី​គួរ​ឲ្យ​ស្រឡាញ់​​បំផុត​នៅ​ក្នុង​លោក​នេះ”​។ មាន​ម្តង​នោះ មាន​ស្រ្តី​ម្នាក់​បាន​នាំ​កូន​ប្រុស​​គាត់​មក​ជួប​នឹង​ឪពុក​ខ្ញុំ កូន​ប្រុសរបស់​​គាត់គឺ​​ជា​ជនពិការ​ដែល​ស្ថិត​នៅ​ក្នុង​រទេះ​រុញ​មួយ​។ នៅ​ពេល​ដែល​ឪពុក​ខ្ញុំ​ឃើញ​កុមារ​នោះ គាត់​បាន​និយាយ​ថា “ខ្ញុំ​ហ៊ាន​ភ្នាល់​​ ១០០ ស៊ី​តែ​មួយ​រៀល​ទេថា ឯង​ពិត​ជា​ក្មេង​ឆ្លាត​ជាង​គេ​​នៅ​ក្នុង​ថ្នាក់រៀន​”​។ ហើយ​គឺ​ពិត​ដូច្នេះ​មែន កុមារនោះ​ពិត​ជា​ក្មេង​ឆ្លាត​ជាង​គេ​នៅ​ក្នុង​ថ្នាក់​រៀន​មែន​។ ឪពុក​ខ្ញុំ​គាត់​ពូកែ​ណាស់​ក្នុង​រឿង​អញ្ចឹង​ៗ គឺ​គាត់​អាច​កែឆ្នៃ​​រឿង​អាក្រក់​មក​ល្អ​បាន​យ៉ាង​លឿន​ជាទី​បំផុត ឬ​ក៏​អាច​រុញ​រឿង​អាក្រក់​ទាំងអស់​នោះ​ទម្លាក់​ទឹក​ក៏​បាន​ដែរ​ បើ​សិន​ជា​គាត់​ចង់​។ តែ​គាត់​មិន​មែន​ជា​អាក្រក់​ដល់​ថ្នាក់​នោះ​ទេ​ ជាក់ស្តែង​គាត់​មិន​ដែល​វាយ​ខ្ញុំ​មួយ​រំពាត់​ម្តង​ណា​ឡើយ​។
  17.     ក៏​ប៉ុន្តែ​ ឪពុក​របស់​ខ្ញុំ​មិន​បាន​នៅ​ក្បែ​​ខ្ញុំរហូត​​ទេ នៅ​ពេល​ដែល​ខ្ញុំ​ធំ​ឡើង​នៅ​ទី​នោះ​។ ខ្ញុំ​ស្អប់​មិន​ចង់​យក​រឿង​នេះមក​និយាយ​ទេ ពីព្រោះ​សព្វថ្ងៃ​នេះ​មាន​ជន​មួយ​ចំនួន​បាន​​យក​រឿង​នេះ​មក​ធ្វើ​ជា​លេស​ថា ​​ពួក​គេ​ជា​ក្លាយ​ជា​មនុស្ស​ខូច​ ដោយ​សារ​តែ​គ្មាន​​ឪពុក​ម្តាយ​ណា​​នៅ​ក្បែ​ដើម្បី​ប្រៀន​ប្រដៅ​ពួក​គេ​ ឬ​ក៏​​ឪពុក​ម្តាយ​របស់​ពួក​គេ​មិន​ស្រឡាញ់​ពួក​គេ​​ដូច​ជា​ឪពុក​ម្តាយ​ដទៃ​ទៀត​​។ មាន​ដូចពាក្យ​ថា៖ “ខ្ញុំ​បាន​ក្លាយខ្លួន​​ទៅ​ជា​អ្នក​រាំ​ស្រាត ដោយ​សារ​តែ​ឪពុក​ម្តាយ​របស់​ខ្ញុំ​មិន​បាន​ស្រឡាញ់​ខ្ញុំ​…” ជា​ដើម​។ ចំពោះ​រូប​ខ្ញុំ​វិញ ខ្ញុំ​មិន​​ប្រើប្រាស់​រឿង​ទាំងអស់​នេះ​ថា​ជា​ហេតុ​ដែលបាន​​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ទៅ​មនុស្ស​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​ ខ្ញុំ​គ្រាន់​តែ​លើក​រឿង​នេះ​មក​និយាយ​ដោយ​ចាត់​ទុក​ថា​វាគ្រាន់​តែ​​ជា​ហេតុ​ការណ៍​​មួយ​តែ​ប៉ុណ្ណោះ​។ ក្នុ​ង​រយៈពេល ៩ ខែ​ក្នុង​មួយ​ឆ្នាំ​ ឪពុក​របស់​ខ្ញុំ​គាត់​មិន​នៅ​ផ្ទះ​ទេ គឺ​​គាត់​ត្រូវ​ទៅ​នៅ​រដ្ឋធានី Washington D.C ដែល​មាន​ចម្ងាយ ៣០០​ ម៉ាល​ពី​ផ្ទះ​។ ម្តាយ​របស់​ខ្ញុំ​គាត់​មិន​បាន​ទៅ​នៅ​ជាមួយ​នឹង​ឪពុក​របស់​ខ្ញុំ​នៅ​ទី​នោះ​ទេ ពីព្រោះ​គាត់​ទាំងពីរ​ចង់​ឲ្យ​ខ្ញុំ​ធំ​ឡើង​ក្លាយ​ទៅ​ជា​​មនុស្ស​ដូច​ពួក​គាត់​។
  18.     ផ្ទុយ​ទៅ​វិញ ជីតា​របស់ខ្ញុំ​​ធ្លាប់​នាំ​ឪពុក​ខ្ញុំ​ដើរ​បរបាញ់​សត្វ ដើរ​ស្ទូច​ត្រី ​បង្រៀន​ឪពុក​ខ្ញុំ​ឲ្យ​ចេះ​លេង​បាល់ និង​​តែងតែ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កំណើត​របស់​ឪពុក​ខ្ញុំ​ជានិច្ចកាល​​។ ហើយ​គឺ​ជា​រឿង​តូច​តាច​​ទាំងអស់​នេះហើយ​ដែល​​ជួយ​តម្រែតម្រង់​ជីវិត​​វ័យ​ជំទង់​​។ ចំពោះ​​ឪពុក​របស់ខ្ញុំ​​វិញ គាត់​ជា​មនុស្ស​ចម្លែកណាស់​ ​ខ្ញុំ​បាន​ស្គាល់​មិន​សូវ​​ច្បាស់​ទេ​។ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ ៥ ឆ្នាំ ខ្ញុំ​​​បាន​គិត​​ថា​គ្រប់​ឪពុក​​ទាំងអស់​សុទ្ធ​តែត្រូវ​​​រស់​​នៅ​ទី​កន្លែង​ណា​មួយ​ផ្សេងដោយ​ឡែក​​​។ តែ​នៅ​ថ្ងៃ​មួយ មាន​ពួកម៉ាក​ជិតដិត​របស់​ម្នាក់​ឈ្មោះ Eric Hunter បាន​សួរ​ខ្ញុំ​នៅ​ក្នុង​សាលាមតេយ្យ​ថា តើ​អ្នក​ណា​គេ​ដែល​បាន​ចូល​ផ្ទះ​ខ្ញុំ​នៅ​ពេល​យប់ម្សិល​មិញ​។ នៅ​ពេល​នោះ​ខ្ញុំ​ចាប់​ផ្តើម​​ដឹង​ថា​ អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​នោះ​ គឺ​មិន​ត្រូវ​ទេ​។
  19. “គាត់​ជា​ឪពុក​របស់​ខ្ញុំ” ខ្ញុំ​ឆ្លើយ​យ៉ាង​ក្រអឺត​ក្រទម​​។
  20. “អូ” Eric និយាយ​ព្រម​ទាំង​លូកដៃរាវ​​​រក​មើល​ស្ករគ្រាប់​សូកូឡា Milky Way នៅ​ក្នុង​ប្រអប់​ដាក់​ម្ហូប​អាហារ​របស់​ខ្ញុំ​ “ខ្ញុំ​អត់​បាន​ដឹង​ថា​ ឯង​មាន​ឪពុក​ម្នាក់​នឹង​គេ​ដែរ​សោះ​។”
  21.     ដូច្នេះ បាន​ន័យ​ថា ខ្ញុំ​បាន​ធំពេញ​វ័យ​នៅ​ក្រោម​ការចញ្ចឹម​បីបាច់​ថែរក្សា​របស់​ម្តាយ​ខ្ញុំ​ ដែល​​ជា​ស្រ្តី​​ដ៏​ល្អ​ម្នាក់​ប្រកប​ដោយសេចក្តី​ថ្លៃថ្នូរ​ និង​គួរ​ឲ្យ​គោរពស្រឡាញ់ ពោល​គឺ​ជា​ម្តាយ​ម្នាក់​ដែល​ជា​ក្តី​ស្រម័យចង់​បាន​​របស់​ជន​គ្រប់រូប​។ ក៏​ប៉ុន្តែ​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​គាត់​មិន​បាន​ ហើយ​ក៏​មិន​អាចនឹង​​ជះ​ឥទ្ធិពល​បុរស​ណា​មួយ​មក​លើ​ខ្ញុំ​បាន​ឡើយ​។​ ប្រការ​នេះ​រួម​ផ្សំ​នឹង​ការ​យល់​ដឹង​ពី​ស្ថានភាព​របស់​ឪពុក​ខ្ញុំ​កាន់តែ​ច្បាស់​ឡើង​ៗ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ទៅ​ជា​មនុស្ស​មាន​ចិត្ត​​មានៈ​ ថ្វីត្បិត​តែ​ខ្ញុំ​នៅ​ក្មេង​យ៉ាង​ណា​ក៏​ដោយ​។ តែ​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​បាន​ក្លាយខ្លួន​​​ទៅ​ជា​ក្មេង​ពាល​​នោះ​ទេ គឺ​​ថា​ខ្ញុំ​និង​​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មួយ​ចំនួន​ទៀត អាច​លួច​ចេញ​ពី​ផ្ទះ​នៅ​ពេល​យប់​ទៅ​លាង​ឡាន​នៅ​កន្លែង​ណា​មួយ ឬ​ក៏​អាច​ទៅលួច​​ស្ញោរ​សណ្តែក​ដី​ញ៉ាំ​នៅ​​ផ្តុំ​ចេតិយ​នៅ​ខាង​ក្រោយ​ព្រះ​វិហារ​​ ដែល​​សុទ្ធសឹង​ជាសកម្មភាព​​​ដែល​អាច​ធ្វើ​ឲ្យ​​ចាស់​ៗ​នៅ​ទសវត្សរ៍​ទី ៥០ ក្រ​វីក្បាល​និង​ខ្សឹប​ប្រាប់​កូន​ៗ​របស់​គាត់​ថា “ឯង​មិន​ត្រូវ​ធ្វើ​តាម​អា Carter នោះ​ទេ។ វា​នឹង​ចូល​គុក​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​” តើ​​អាច​ចាត់​ទុក​ថា​ខ្ញុំ​ជា​ក្មេង​ពាល​បាន​ដែរ​ឬ​ទេ បើ​ខ្ញុំ​គ្រាន់​តែ​ទៅ​លួច​ស្ញោរ​សណ្តែក​ដី​ញ៉ាំ​នៅ​​ផ្តុំ​ចេតិយ​តែ​ប៉ុណ្ណឹង​។
  22.     យ៉ាង​ណា​មិញ ឪពុក​របស់​ខ្ញុំ​ និង​លោក​អាចារ្យ Hegbert មិន​ត្រូវគ្នាទេ ហើយ​ក៏​​មិន​មែន​មក​ពី​រឿង​នយោបាយ​តែ​មួយ​មុខ​នោះ​ដែរ​​។ ក៏​ប៉ុន្តែ ឪពុក​ខ្ញុំ និង​លោក​អាចរ្យ​ Hegbert ហាក់​ដូច​ជា​​ស្គាល់​គ្នា​តាំង​ពី​យូរ​យា​ណាស់​មក​ហើយ​​។ លោក​អាចារ្យ Hegbert មាន​អាយុ​ចាស់​ជាង​ឪពុក​ខ្ញុំ​ ប្រហែល​ជា ២០ ឆ្នាំ​ ហើយ​​មុន​ពេល​ដែល​​គាត់​បាន​បួស​ធ្វើ​ជា​អាចារ្យ គាត់​ធ្លាប់​​ធ្វើការ​ឲ្យ​ជីតា​ខាង​ឪពុក​ខ្ញុំ​។ ជីតា​របស់​ខ្ញុំ ទោះ​ជា​គាត់​ជា​មនុស្ស​ដែល​ចេះ​ស្រឡាញ់​ចូនចៅ​យ៉ាង​ណា​​ក៏​ដោយ ក៏​គាត់នៅ​តែ​ជា​មនុស្ស​ដ៏​​ក្រឡិចក្រឡុច​​ម្នាក់​ដែល​គ្មាន​អ្នកណា​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ​។ ហើយ​គឺជា​​ជីតារបស់​ខ្ញុំ​​ដែល​ជា​អ្នក​បាន​ធ្វើ​ឲ្យ​គ្រួសារ​បស់​ខ្ញុំ​ក្លាយ​ទៅ​ជា​គ្រួសារ​អ្នកមាន​​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​​នៅ​ក្នុង​ស្រុក​នេះ​​។ តែ​សូម​អស់​លោក​អ្នក​​កុំ​គិត​ថា​គាត់​ជា​មនុស្ស​ម្នាក់​​ដែល​បាន​ចំណាយ​អស់​កម្លាំង​កាយចិត្ត​នៅ​ក្នុង​មុខ​របរ​រកស៊ី​ដ៏​សុច្ចរិត និង​ព្យាយាម​ពង្រីក​មុខ​របរ​នោះ​ឲ្យ​កាន់​តែ​ធំ​ទៅ​ៗ​ឲ្យ​សោះ​​។​ ជីតា​របស់​ខ្ញុំ​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​លឿន​ជាង​នេះ ហើយ​មធ្យោបាយ​រក​ប្រាក់​របស់​គាត់​គឺ​សាមញ្ញ​បំផុត គឺ​គាត់​បាន​លួច​លក់​គ្រឿង​ស្រវឹង​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​ និយាយ​ឲ្យ​ចំ ​គឺ​គាត់​បាន​​លួច​នាំ​ចូល​ស្រា rum ពី​ប្រទេស​គុយបា​មក​លក់​នៅ​ក្នុង​ស្រុក​នេះ​។ បន្ទាប់​មក​ទៀត គឺ​គាត់​ចាប់​ផ្តើម​ទិញ​​ដី​ជា​ច្រើន​កន្លែង និង​ជួល​​អ្នកធ្វើ​​​ចំការ​​ឲ្យ​ដាំ​ដំណាំ​ផ្សេង​ៗ​នៅ​លើ​ដី​នោះ​។ គាត់​បាន​​​ដក​យក ៩០% នៃ​ប្រាក់​បាន​មក​ពី​ការលក់​ភោគផល​​ថ្នាំ​ជក់​ដែល​​​អ្នក​ចំការ​ទាំងនោះបាន​ដាំ​ ហើយ​បាន​ចង​ការប្រាក់​​ឲ្យ​ទៅ​អ្នក​ចំការ​ទាំងនោះ​វិញ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ ដោយ​យក​ការប្រាក់​ខ្ពស់​​គួរ​ឲ្យ​អស់​សំណើច​។ មួយ​វិញ​ទៀត វា​ជា​ការពិតណាស់​ដែល​​ថា​ គាត់​មិនសូវ​គិត​គូរ​ពី​រឿង​​ទារ​បា្រក់​​ដែល​គេ​ជំពាក់គាត់​​ប៉ុន្មាន​ទេ គឺ​គាត់​គិតគូរ​ពី​​រឿង​អូស​យក​ដី​​ឬ​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​ទៀត​របស់​អ្នក​ជំពាក់​ប្រាក់​គាត់​ទាំងនោះ​វិញទេ​​។ ហើយ​បន្ទាប់​មក​ទៀត​ នៅឱកាស​មួយ​នោះ​ ដែល​ជា​ឱកាស​មាស​សម្រាប់​គាត់ គាត់​បាន​បើក​​ធនាគារ​​មួយ​​មាន​ឈ្មោះ​ថា Carter Banking and Loan ។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ធនាគារ​មួយ​ទៀ​ត​ដែល​​អាច​បម្រើ​សេវា​ឲ្យ​ដល់​ស្រុក​ពីរ​ផ្សេង​គ្នា ត្រូវ​បាន​គេ​លួច​ដុត​យ៉ាង​អាថ៌កំបាំង​ជាទី​បំផុត​ ហើយដោយ​​នៅ​ពេល​នោះ​គឺ​ជា​ការចាប់​ផ្តើម​នៃ​មហាវិបត្តិ​សេដ្ឋកិច្ច (Depression) ដូច​នេះ​ ធនាគារ​នោះ​គ្មាន​សមត្ថភាព​នឹង​សង់​និង​បើក​ឡើង​វិញបាន​ឡើយ​​។ ក៏​ប៉ុន្តែ​ គេ​ទាំងអស់​គ្នា​​បាន​ដឹងរឿង​​យ៉ាង​ច្បាស់​ណាស់​​ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ហើប​មាត់​ឡើយ ព្រោះ​ខ្លាច​​ត្រូវ​​​គេសម្លាប់​បំបិទ​មាត់​​។ តែ​​សេចក្តី​ភ័យខ្លាច​របស់​ពួក​គេ​ គឺ​មាន​​មូលហេតុ​ត្រឹមត្រូវ ពីព្រោះ​មិនមែនមាន​​តែ​ធនាគារ​នោះ​មួយ​ទេ​ដែល​ត្រូវ​បានគេ​លួច​​ដុត​យ៉ាង​អាថ៌កំបាំងនោះ​​​។​
  23.     ការប្រាក់​របស់​ជីតា​ខ្ញុំ​គឺ​ខ្ពស់​ហួស​ព្រំ​ដែន ដូចនេះ​​បន្តិច​ម្តង​ៗ​ គាត់​ប្រមូល​បាន​ដី​និងទ្រព្យ​សម្បត្តិ​​កាន់​តែ​ច្រើន​ឡើង​ៗ ដោយ​មក​ពី​អ្នក​ខ្ចី​ប្រាក់គាត់​​គ្មាន​លុយ​សង​។ ហើយ​នៅ​ពេល​ដែល​មហាវិបត្តិ​សេដ្ឋកិច្ច (Depression) ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ជីតា​ខ្ញុំ​​បាន​រឹបអូស​​​យក​​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បាន​ជាច្រើនរាប់​មិន​អស់​ នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​។ តែ​គាត់​បាន​​រក្សា​ទុក​ម្ចាស់​ក្រុម​ហ៊ុន​ឲ្យ​នៅ​បន្ត​ការរក​ស៊ី​ដដែល​ ដោយ​​ទទួល​ប្រាក់​បៀវត្ស​ពី​គាត់​។ តែប្រាក់​បៀវត្ស​នោះ​មិន​ជា​ច្រើនណាស់​ណា​​ទេ គឺ​ត្រឹម​តែ​អាច​ឲ្យ​អ្នក​កាន់កាប់​ក្រុម​ហ៊ុនទាំងនោះអាច​​​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គេ​​តែ​ប៉ុណ្ណោះ​​។ ម៉្យាង​ទៀត ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​​មិន​អាច​ទៅ​កន្លែង​ណា​បាន​ទៀត​ឡើយ ដូចនេះ​ពួក​គេ​គ្មាន​ជម្រើសណា​​ផ្សេង​ក្រៅ​ពី​ធ្វើ​ការឲ្យ​ជីតា​ខ្ញុំ​ទេ​។​ មួយ​វិញ​ទៀត ជីតា​ខ្ញុំ​បាន​ប្រាប់​ទៅ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​ថា គាត់​នឹង​ប្រគល់​ក្រុមហ៊ុន​ឲ្យ​ទៅ​ពួក​គេ​វិញ នៅ​ពេល​ណា​ដែល​សេដ្ឋកិច្ច​ជាតិ​ងើប​ឡើង​វិញ ​ហើយ​ពួក​គេ​​​បាន​ជឿ​ទៅលើ​គាត់​ទាំងស្រុង​​។ ផ្ទុយ​ទៅ​វិញ ជីតា​របស់​ខ្ញុំ​គាត់​មិន​ដែល​គោរព​ពាក្យ​សន្យា​ម្តង​ណា​ឡើយ​ ដូចនេះ​នៅ​ទី​បញ្ចប់​​ សេដ្ឋកិច្ច​ជាតិ​​មួយ​ផ្នែក​ធំ​បាន​ធ្លាក់​មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់​។ ហើយ​គាត់​បាន​ប្រើបា្រល់​ឥទ្ធិពល​របស់​គាត់​យ៉ាង​រំលោភ​​បំពាន​បំផុត​ បើ​គាត់​អាច​ធ្វើ​ទៅ​បាន​។
  24.     ខ្ញុំ​ពេញ​ចិត្ត​នឹង​ប្រាប់​អស់​លោក​អ្នក​ថា គាត់​វិះ​នឹង​ស្លាប់​តៃហោង​​​នៅ​ពេល​ណា​មួយ​នោះ តែ​មិន​ដឹង​ជា​យ៉ាងម៉េច​​បាន​ជា​គាត់​គេច​រួច​ពី​សេចក្តី​ស្លាប់​ទៅ​វិញ​​​នៅ​ពេល​នោះ​។ នៅ​ទី​បញ្ចប់​ គាត់​បាន​​ស្លាប់​ដោយ​ចាស់​ជរា នៅ​ក្នុង​ទូក​ក្តោង​មួយ នៅ​ពេល​កំពុង​តែ​ដេក​ជាមួយ​នឹង​សាហាយ​​របស់​គាត់​ម្នាក់ នៅ​​កោះ Cayman Islands ។
  25.     ត្រឡប់​មក​រឿង​របស់​យើង​វិញម្តង… នៅ​ពេល​ដែល​លោក​អាចារ្យ Hegbert បាន​ដឹង​ពី​ភាព​ក្រឡិចក្រឡុច​របស់​ជីតា​ខ្ញុំ គាត់​ក៏​លាលែង​ឈប់​ធ្វើ​ការ​ឲ្យ​ជីតា​របស់​ខ្ញុំ​តទៅ​ទៀត​។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ចូល​ទៅ​រៀន​​នៅ​សាលា​​ធម៌​​ព្រះ​​មួយ​។ នៅ​ពេល​ចេញ​ពី​សាលា​នោះ​មក​វិញ គាត់​ក៏​សម្រេច​ចិត្ត​ត្រឡប់​មកបួស​​ធ្វើ​ជា​អាចារ្យ​នៅ​ក្នុង​ស្រុក​ Beaufort យើង​នេះ​ ប្រចាំ​​ព្រះ​វិហារ​ដែល​គាត់​ធ្លាប់បាន​​ទៅ​ស្តាប់​ធម៌ទេសនា​​នៅ​រាល់​ថ្ងៃ​អាទិត្យ​។ នៅ​ឆ្នាំ​ដំបូង​ៗ គាត់​បាន​ធ្វើ​ការទេសនា​ពី​រឿង​​ ជន​កំណាញ់​ក្រៅ​តម្រា​ដែល​នឹង​ត្រូវ​ចុះ​ទៅ​ស្ថាន​នរក​នៅ​ពេល​ស្លាប់​ទៅ​។ ហើយ​នៅ​ពេល​នោះ គាត់​មិន​សូវ​ជា​រវល់​ប៉ុន្មាន​ទេ ​ដូចនេះ​​គាត់​អាច​មាន​ពេល​ខ្លះ​​​នឹង​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត​។ គាត់​​បាន​រៀបការ​នៅ​អាយុ ៤៣ ឆ្នាំ​ និង​បាន​កូន​ស្រី​ម្នាក់​​ឈ្មោះ Jamie Sullivan នៅពេលដែល​គាត់​​មាន​អាយុ ៥៥ ឆ្នាំ​។ ប្រពន្ធ​របស់​គាត់​ដែល​មាន​រាង​ស្តើង​តូច​ចង្កេះ​មូយ​ក្តាប់ និង​មាន​អាយុ​ក្មេង​ជាង​គាត់ ២០ ឆ្នាំ​ បាន​រលូត​កូន​ចំនួន ៦ ដង​ មុន​កើត​បាន​នាង Jamie ហើយ​​បាន​ស្លាប់​នៅ​ពេល​កើត​​នាង Jamie នោះ​។​ ដូចនេះ លោក​អាចារ្យ Hegbert ត្រូវ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​​នាង Jamie តែ​ម្នាក់​ឯង​រហូត​មក​​។ គឺ​ថា​វា​ដូច​គ្នា​ទៅ​នឹង​រឿង​ល្ខោន​​របស់​គាត់​បេះបិទ​។
  26.     សរុបមក បាន​ន័យ​ថា ​អ្នក​ផង​ទាំងឡាយ​បាន​ដឹង​​ពី​រឿង​​ល្ខោន​របស់​លោក​អាចារ្យ Hegbert ជា​មុន​រួច​​ជា​ស្រេច​​ទៅ​ហើយ មុនពេល​​​រឿង​ល្ខោន​នោះ​ត្រូវ​បាន​យក​​សម្តែង​​នៅ​លើ​ឆាក​ ព្រោះ​គេ​ធ្លាប់​ឮ​លោក​អាចារ្យ​ Hehbert ទេសនាពី​រឿង​នេះ​​​ជារឿយៗ​នៅ​ពេល​ធ្វើ​ពីធី​បុណ្យ​សាសនា​ផ្សេង​ៗ​​។ ដោយ​អ្នក​ណា​ក៏​បាន​ជ្រួតជ្រាប​ពី​រឿង​នេះ​ដែរ ដូចនេះ​​នៅ​ពេល​ដែល​រឿង​ល្ខោន​នោះ​ត្រូវ​បាន​យក​ទៅ​សម្តែង​នៅ​លើ​ឆាក​ ​នៅ​ពេល​បុណ្យ​ Christmas អ្នកណា​មួយ​ក៏​រំជួល​ចិត្ត​ដែរ ព្រោះ​​គេ​ទាំងអស់​គ្នា​យល់​ថា​ឆាក​ល្ខោន​នោះ​ត្រូវ​បាន​និពន្ធឡើង​ដោយ​យក​តាម​លំនាំ​រឿង​ជីវិតពិត​​​ៗ​។
  27.     នាង Jamie Sullivan នៅ​ឆ្នាំ​​​​នោះ​ គឺ​ជា​សិស្ស​​វិទ្យាល័យ​​​រៀន​នៅ​ថ្នាក់​ធំ​ជាង​គេ​​ដូច​ជា​រូប​ខ្ញុំ​ដែរ​។ តែ​នាង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​សម្តែង​ធ្វើ​ជា​តួ​ទេវតា​ឆ្នាំ​ថ្មី ដែល​ជា​តូ​ពិសេស​​ ហើយ​អ្នក​ណា​ក៏​ចង់​ធ្វើ​ជា​តួ​នោះ​ដែរ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រឿង​ល្ខោន​កាន់​តែ​មាន​លក្ខណៈ​ពិសេស​ថែម​មួយ​កម្រិត​ទៀត​។ ហើយ​វា​នឹង​​ជា​រឿងល្ខោន​​ដ៏​អស្ចារ្យ​មួយ​ ឬ​ក៏​អាច​​ជា​រឿងល្ខោន​​ដ៏​អស្ចារ្យ​លើស​គេ​ បើ​តាម​គំនិត​របស់​អ្នក​គ្រូ Garber ដែល​ជា​គ្រូសិល្បៈ​​នៅ​ពេល​នោះ​។ នៅ​ឆ្នាំ​នោះ អ្នក​គ្រូ Garber បាន​លួច​ញញឹម​តែ​ម្នាក់​ឯង​ទុក​មុន​រួច​ជា​ស្រេច ព្រោះ​គាត់​បាន​គិត​ថា​រឿង​ល្ខោន​នោះ​នឹង​ល្បី​ល្បាញ​នៅ​ពេល​យក​ទោ​សម្តែង​នៅ​លើ​ឆាក​​។
  28.     នៅ​ឆ្នាំ​នោះ ខ្ញុំ​គ្មាន​បំណង​នឹង​ទៅ​ហាត់​សិល្បៈ​នឹង​គេ​ទេ តែ​បើ​ខ្ញុំ​មិន​យក​ម៉ោង​នោះ​ទៅ​ហាត់​សិល្បៈទេ ខ្ញុំ​​ត្រូវ​ទៅ​រៀន​គីមី​ភាគ​ពីរ​ ដែល​ជា​មុខវិជ្ជា​​ដ៏​​គួរ​ឲ្យ​ធុញ​ទ្រាន់​ជាទី​បំផុត​ បើ​ប្រៀបធៀប​ទៅ​នឹង​​ការហាត់​សិល្បៈ​​វិញ​នោះ​។ ពី​ព្រោះ​នៅ​ថ្នាក់​​សិល្បៈ​ គ្មាន​តុ គ្មាន​កៅ​អី គ្មាន​ការប្រលង​​រញ៉េរញ៉ៃ​ណា​មួយ​ឡើយ​ តែ​បើ​នៅ​​​ថ្នាក់​គីមី​វិញ ខ្ញុំ​ត្រូវ​ទន្ទេញ​ឲ្យ​ចាំ​ពី​ ប្រូតុង ណឺត្រុង ហើយត្រូវ​​យក​ធាតុ​ទាំង​អស់​នោះ​មក​ផ្សំ​គ្នា​​​ឲ្យ​ស្រប​ទៅ​តាម​រូប​មន្ត​ផ្សេង​ៗ​ ដើម្បី​បង្កើត​អង្គធាតុ​ថ្មី​​ៗទៀត​។ ដូច​នេះ​ សម្រាប់​សិស្ស​វិទ្យាល័យ​ថ្នាក់ធំ​ម្នាក់​ តើ​ត្រូវ​ជ្រើស​រើស​យក​មួយ​ណា​? វាប្រាកដ​ហើយ​ថា ខ្ញុំ​ត្រូវ​​​ចុះ​ឈ្មោះ​ហាត់​សិល្បៈ​ ព្រោះ​ខ្ញុំ​​​ក៏​បាន​គិត​ផង​ដែរ​ថា​​នឹង​ដេក​រហូត​នៅ​ម៉ោង​សិល្បៈ ព្រោះ​នៅ​ពេល​នោះ ខ្ញុំ​ចូល​ចិត្ត​លួច​ចេញ​​ទៅ​ស្ងោរ​សណ្តែកដី​​ញ៉ាំ​ជាមួយនឹង​​ពួក​ម៉ាក​ ​រហូត​ដល់​​យប់​ជ្រៅ​បាន​ចូល​ផ្ទះ​វិញ​។
  29.     នៅ​ក្នុង​ថ្នាក់​ហាត់​សិល្បៈ​ នៅ​ថ្ងៃ​ដំបូង ខ្ញុំ​បាន​មក​ដល់​ក្រោយ​គេ​បំផុត គឺ​មក​ដល់​ប្រហែល​ជា​ពីរ​ឬ​បី​​វិនាទី​មុន​ស្នូរ​ជួង​ចូល​រៀន​។ ​ខ្ញុំ​​ក៏​បាន​ទៅ​អង្គុយ​នៅខាង​​ក្រោយ​គេ​បំផុត​។ ​អ្នក​គ្រូ Garber ដែល​បាន​បែរ​ខ្នង​​ទៅ​រក​សិស្ស បាន​​សរសេរ​ឈ្មោះ​របស់​គាត់​ជា​អក្សរ​ឆ្លាក់​ធំ​ៗ​នៅ​លើ​ក្តារខៀន ធ្វើ​ហាក់​ដូច​ជា​ពួក​យើង​មិន​ដែល​ធ្លាប់​ស្គាល់​គាត់​ដូច្នោះ​​។ តាម​ការពិត អ្នក​ណា​ក៏​ស្គាល់​គាត់​ដែរ ហើយ​វា​ជា​ប្រការ​ដែល​មិន​អាច​ទៅ​រួច​ទេ​ដែល​ថា​គ្មាន​អ្នក​ណា​ស្គាល់​គាត់​នោះ​។ គាត់​មាន​មាឌ​ធំ​ខ្ពស់ ប្រហែលជា​​មួយ​ម៉ែត្រ​កៅសិប (six feet two) សក់​ពណ៌​ក្រហម​ឆេះ​ដូច​រងើក​ភ្លើង ស្បែក​​សស្លាំង និង​ចេញ​អាចម៍​រុយ​មួយៗ​​ បង្ហាញ​ថា​គាត់​មាន​វ័យ​ខ្ទង់ ៤០ ឆ្នាំ​ហើយ​។​ គាត់​​ក៏​មាន​រាង​​ធាត់​ជ្រុល​ផង​ដែរ (ចង្កេះ​លេខ ៥០) តែ​គាត់​ស្លៀក​​សំពត់​រូប muumuu មាន​រូប​ផ្កា​គួរ​ឲ្យ​ពេញ​ចិត្ត​។ គាត់​ពាក់​វែនតា​​ដែល​មាន​ដៃធ្វើ​​ជាតិ​ពី​​ស្នែង​ខ្មៅ​​ក្រាស់ឃ្មឹក ហើយ​នៅ​ពេល​ដែល​គាត់​ស្វាគមន៍ពួក​​យើង​ម្តង​ៗ​ គាត់​ចូល​ចិត្ត​និយាយ​ថា “Helloooooo” ដោយ​ច្រៀង​បង្អូស​សម្លេង​​ស្រះ “o” ​នៅ​ចុង​ក្រោយ​គេ​​យ៉ាង​វែង​។ លើស​ពី​នេះ​ទៀត អ្នក​គ្រូ​ Garber ជាក្រមុំ​សៅកែ ហើយ​ប្រហែល​ជា​គ្មាន​ប្រុស​ណា​ស្រឡាញ់​គាត់​ទេ​មើល​ទៅ ទោះ​ជា​ប្រុស​នោះ​​អាយុ​ប៉ុន្មាន​ក៏​ដោយ​។ នៅ​លើ​ក្តារខៀន នៅ​ជិត​ឈ្មោះ​របស់​គាត់​ អ្នក​គ្រូ Garber បាន​​សរសេរ​អំពី​គោលដៅ​​​មួយ​ចំនួន​ដែល​​គាត់ចង់​​​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​នោះ​។ “ជឿ​ទុក​​ចិត្ត​លើ​ខ្លួន​ឯង” (Self-confidence) គឺ​ជា​ទិស​ដៅ​ទី​មួយ ​បន្ទាប់​មក​ទៀត​គឺ “ស្គាល់​ខ្លន​ឯង” (Self-awareness) និង​ទី​បី​គឺ “សម្រេច​​បំណង​ខ្លួន​ឯង” (Self-fulfillment) ។ អ្នក​គ្រូ Garber គាត់​ពូកែ​ណាស់​ជាមួយ​នឹង​ពាក្យ​​ថា “ខ្លួន​ឯង” នេះ (self) គឺ​គាត់​ឈាន​​មុខ​គេហើយ បើ​និយាយ​ពី​​រឿង​វិជ្ជវិជ្ជា​​ចិត្តសាស្ត្រ​​វិញ​ (psychotherapy) ទោះ​ជា​នៅ​ពេល​នោះ គាត់​មិន​​បាន​​ចាប់​អារម្មណ៍​ពី​រឿង​នេះ​ក៏​ដោយ​។ គាត់​លើក​យក​គោល​ដៅ​​ទាំងបី​​នោះ​មក​និយាយ ប្រហែល​ជាវា​​​​មាន​ការជាប់​ទាក់ទង​ទៅ​នឹង​​រូបសម្ផស្ស​របស់​គាត់ ឬ​មួយ​ក៏​គាត់ចង់​​មាន​អារម្មណ៏ល្អ​​ជាមួយ​នឹង​រូបរាង​របស់​គាត់​ក៏​មិន​ដឹង​។
  30.     ក៏​ប៉ុន្តែ ​ខ្ញុំ​​សូម​បែរ​​អារម្មណ៏​ទៅ​លើ​រឿង​ផ្សេង​វិញ​។
  31.     មិន​យូរប៉ុន្មាន នៅ​ពេល​​ដែល​​ថ្នាក់​​សិល្បៈ​ចាប់​ផ្តើមបើក​​​ហាត់ ខ្ញុំ​បានកត់​​សម្គាល់​​ថា​មាន​រឿង​ខ្លះ​ដូច​ជា​មិន​ប្រក្រតី​​។ គឺ​ថា ទោះបី​ជា​វិទ្យាល័យ​ Beaufort មិន​ជា​ធំ​ណាស់​ណា​ក៏​ដោយ ក៏​កូន​សិស្ស​​នៅ​ក្នុង​ថ្នាក់​​នីមួយ​ៗ​​ត្រូវ​បាន​បែង​ចែក ប្រុស​ពាក់កណ្តាល​និង​ស្រ្តី​ពាក់កណ្តាល់​ដែរ​។ តែ​នៅ​ពេល​ដែល​ខ្ញុំបាន​​​ចូល​​ដល់​ក្នុង​ថ្នាក់​សិល្បៈ​នោះ​ភ្លាម ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​ឃើញ​​មាន​សិស្ស​ស្រី​យ៉ាង​ហោច​ណាស់​ក៏ ៩០% ដែរ នៅ​ក្នុង​ថ្នាក់​នោះ​។ ​ក្រៅ​ពី​ខ្ញុំ មានតែ​​​​សិស្ស​ប្រុស​ម្នាក់​ទៀត​តែ​ប៉ុណ្ណោះ តែ​ខ្ញុំបែ​ជា​​​សប្បាយ​បន្តិច​ឡើង​វិញ​ ព្រោះ​នឹក​ថា​​មាន​គ្នា​។ ខ្ញុំ​រាង​ស្រឡាំងកាំង​​​អស់​​មួយ​សន្ទុះ នៅ​ពេលដែល​​សិស្ស​ទាំង​អស់​សម្លឹង​​មើល​មក​ខ្ញុំ និង​​នៅ​ពេល​ដែល​ខ្ញុំ​ងាក​ទៅ​ណា​ក៏​ឃើញ​សុទ្ធ​តែ​​ស្រី​​។
  32.     អ្នក​គ្រូ Garber ​បាន​ដក​​​សៀវភៅ​រឿង​ល្ខោន​​ចេញ​មក និង​បាន​ប្រាប់​ពួក​យើងទាំងអស់​គ្នា​​ថា​​ឆ្នាំ​នោះ នាង Jamie Sullivan នឹង​ដើរ​តួ​ធ្វើ​ជា​ទេវតា​​​​។ និយាយ​ហើយ​គាត់​បាន​ទាំង​ទះដៃ​​ទៀត​ផង​។ តាម​ពិត​ គាត់ក៏​​ជា​គ្រឹស្ត​បរិស័ទ​ម្នាក់​ដែរ​។ គឺ​ហេតុ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​យល់​ថា​​ គាត់​មាន​​បំណង​ចង់​ទាក់​ទង​លោក​អាចារ្យ Hegbert ។ កាល​ខ្ញុំ​បាន​ដឹង​រឿង​នេះ​ជា​លើក​ដំបូង ខ្ញុំបាន​គិត​​ថា វា​ជា​ការល្អ​ប្រសើរ​ណាស់​ដែល​គាត់​ទាំងពីរ​នាក់​​ចាស់​ជ្រុល ព្រោះ​បើសិន​ជា​​​គាត់​ទាំងពីរ​នាក់នៅ​​រួម​រស់​ជា​មួយ ពួក​គាត់​នឹង​គ្មាន​កូន​ទេ​។ នៅ​ពេល​ដែល​រឿង​របស់​អ្នក​គ្រូ Garber និង​លោក​អាចារ្យ Hegbert ត្រូវ​បាន​គេ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ម្នាក់​ៗ​ដូច​ជា​ស្រងាក​ចិត្ត តែ​គ្មាន​អ្នក​ណា​និយាយ​ថា​ម៉េច​ទេ ជា​ពិសេស​​ពេល​នៅ​ជិត​អ្នក​គ្រូ Garber និង​លោក​អាចារ្យ Hegbbert ។ ពាក្យ​ចចាម​អារាម​គឺ​ជា​រឿងមួយ តែ​ពាក្យ​ពាក្យ​ចចាម​អារាម​ដែល​​មាន​លក្ខណៈ​បំផ្លាញ​គឺជារឿង​មួយ​​ទៀត​ខុស​គ្នា​ស្រឡះ​ សូម្បី​តែ​​កូន​សិស្ស​វិទ្យា​ល័យ​ដូច​ជា​ពូក​យើង​ ក៏​ដឹង​រឿង​នេះ​យ៉ាង​ច្បាស់​ដែរ​។
  33.     អ្នក​គ្រូ Garber នៅពេល​នោះ​​ នៅ​តែ​ទះ​ដៃ​តែ​ម្នាក់​ឯង​មិន​ព្រម​ឈប់​សោះ ឃើញ​ដូចនេះ ពួក​យើង​ក៏​បាន​​ទះ​ដៃ​តាម​គាត់​ដែរ ព្រោះ​ពួក​យើង​យល់​ថា​គាត់ពិត​ជា​​ចង់​ឲ្យ​ពួក​យើង​​ទះ​ដៃ​តាម​គាត់​។ “ក្រោកឈរឡើង​ Jamie” គាត់​បាន​ប្រាប់​ឲ្យ​ Jamie ក្រោកឈរ​​។ ដូចនេះ Jamie ក៏​បាន​ក្រោក​ឈរឡើង​ និង​បង្វិល​ខ្លួន​មួយ​ជុំ​ដើម្បី​​ឲ្យ​សិស្ស​នៅ​ក្នុង​ថា្នក់​ទាំងអស់​​ឃើញ​មុខ​នាង​។ អ្នក​គ្រូ Garber បាន​ទះ​ដៃ​កាន់​តែ​ខ្លាំង​ឡើង ធ្វើ​ហាក់​ដូច​ជា​គាត់​កំពុង​តែ​ឈរ​នៅ​មុខ​តួ​កុន​ដ៏​ល្បី​​ម្នាក់​។
  34.     Jamie Sullivan គឺ​ជា​នារី​ដ៏​ល្អ​ម្នាក់​។ Beaufort គឺ​ជា​ស្រុក​ដ៏​តូច​មួយ​ដែល​នៅ​ទី​​នោះ​មាន​សាលាបឋម​សិក្សា​​តែ​មួយ​ប៉ុណ្ណោះ ដូចនេះ​ យើង​ទាំង​អស់​គ្នា​​បាន​រៀន​នៅ​ថ្នាក់​ជា​មួយ​គ្នា​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​របស់​យើង​ទៅ​ហើយ​។ ហើយ​បើ​ខ្ញុំ​ហ៊ាន​និយាយ​ថា​​ ខ្ញុំ​មិន​ដែល​និយាយ​រក​នាង​​ Jamie សោះ​​​នៅ​ពេល​នោះ វា​ហាក់​ដូច​​ជា​មិន​ពិត​ទេ​។ មាន​ម្តង​នោះ នៅ​ថ្នាក់​ទី ២ នាង Jamie បាន​អង្គុយ​កៅ​អី​នៅ​ខាង​ស្តាំ​ជាប់​ខ្ញុំ​ពេញ​មួយ​ឆ្នាំ​។ យើង​បាន​និយាយ​រក​គ្នា​ម្តង​ម្កាល តែ​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ដើរ​​ជា​មួយ​នាង​រហូត​នោះ​ទេ​។ ខ្ញុំ​​មើល​ឃើញ​នាង​ Jamie នៅ​ក្នុង​សាលា​​ជា​មនុស្ស​​ម្នាក់​ផ្សេង និង​​នាង​ Jamie នៅ​ខាង​ក្រៅ​សាលា​ជា​មនុស្ស​ម្នាក់​ផ្សេងទៀត​ ហើយ​​​ខ្ញុំ​ក៏​មិន​ដែល​មាន​ចិត្ត​ចង់​ទៅ​ជប់លៀង ឬ​ទៅ​លេង​បុណ្យ​ជាមួយ​នឹង​នាង Jamie ម្តង​ណា​ឡើយ​។
  35.    នេះ​មិន​មែន​មាន​ន័យ​ថា Jamie គ្មាន​សម្រស់​គួរ​ឲ្យ​ទាក់ទាញ​ចិត្ត​នោះ​ទេ កុំ​យល់​ច្រឡំ​​ឲ្យ​សោះ​។ នាង​​គ្មាន​មុខអាក្រក់​​ដូច​ព្រាយអាប​ ឬ​ក៏​អាក្រក់​ហូស​ហេតុ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ​ជា​កុសល​ល្អ នាង​មាន​មុខមាត់​​ដូច​ម្តាយ​នាង​​​ ដែល​ខ្ញុំ​ធ្លាប់បាន​​ឃើញ​​​​នៅ​ក្នុង​រូបថត​។ ម្តាយ​នាង​​មិន​ជា​អាក្រក់​ណាស់​ណា​ទេ ទោះ​ជា​គាត់​បាន​រៀបការ​ជាមួយនឹង​​លោក​អាចារ្យ Hegbert ដែល​ចាស់​ជាង​គាត់​ ២០ ឆ្នាំ​ក៏​ដោយ​។ តែ​សម្រាប់​ខ្ញុំ​នៅ​ពេល​នោះ Jamie ហាក់​ដូច​ជា​​គ្មាន​កន្លែង​ណា​គួរ​ឲ្យ​ចាប់​ចិត្ត​សោះ ទោះ​ជា​នាង​មាន​រាង​ស្តើង​ស្អាត មាន​សក់​ពណ៌​លឿង​ទឹក​ឃ្មុំ និងកែវ​​ភ្នែក​ដ៏​ស្រទន់​ពណ៌​ខៀវ​ស្រងាត់​យ៉ាង​ណា​ក៏​ដោយ​ ព្រោះ​ភាគ​ច្រើន មើល​ទៅ​នាង​ដូច​ជា​​សាប​ពេក​គ្មាន​អ្វី​បន្តិច​សោះ (plain) គឺ​នៅ​ពេល​ដែល​យើងពិនិត្យ​​​មើល​នាង​ឲ្យ​ច្បាស់​មែនទែន​ទៅ​។ តែ​ចំពោះ Jamie នាង​មិន​សូវ​ខ្វល់​ពី​​រូប​រាង​ខាង​ក្រៅ​ប៉ុន្មាន​ទេ នាង​គិត​តែ​ពី​​អ្វី​ដែល​ជា “សម្រស់​ខាង​ក្នុង” (inner beauty) ហើយ​ខ្ញុំ​យល់​ថា​គឺ​ដោយ​សារ​​​គំនិត​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​នាង​​មាន​រូបរាង​ដូច្នោះ​នោះ​។ តាំង​ពី​ខ្ញុំ​ធ្លាប់​បាន​ស្គាល់​នាង​មក (តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ) ខ្ញុំ​ឃើញ​​នាង​តែងតែ​បួង​សក់​ទៅ​ក្រោយ​ដូច​ជា​យាយជី​ និង​មិន​ដែល​លាប​ក្រែម​ម្សៅ​អ្វី​ទាំងអស់​។ នាង​ចូលចិត្ត​ពាក់​អាវ​រងារ​ចាក់​ពណ៌​ត្នោត និង​សំពត់ក្រឡា​ការ៉ូ ដែល​ធ្វើ​ឲ្យ​នាង​មើល​ទៅ​​ដូចជា​អ្នក​​ត្រូវ​ទៅ​សម្ភាស​រក​ការងារ​ធ្វើ​នៅ​ក្នុង​បណ្ណាល័យ​ណា​មួយ​។ ពួក​យើង​​ធ្លាប់​គិត​ថា នាង​ស្លៀកពាក់របៀប​​នេះ​ដោយសារតែ​​​នាង​នៅ​ក្មេង​នៅ​ឡើយ ហើយ​ប្រហែល​​ជា​នាង​នឹង​ផ្លាស់​ប្តូរ​គំនិត​នេះចេញ​ នៅ​ពេលដែល​​នាង​ធំ​ឡើង​។ តែ​ក្រោយ​មក នាង​មិន​បាន​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់​ ទោះ​ជា​នាង​បាន​ទៅ​រៀន​នៅ​វិទ្យាល័យ​អស់​រយៈពេល​បី​ឆ្នាំ​ហើយ​ក៏​ដោយ​។ ហើយ​អ្វី​ដែល​បាន​ផ្លាស់​នោះ​ គឺ​សម្លៀក​​បំពាក់​របស់​នាង​​កាន់​តែមាន​លេខ​​ធំជាង​មុន​។
  36.     មិនមែនមាន​តែ​លក្ខណៈ​រូបរាង​ខាង​ក្រៅតែ​ប៉ុណ្ណោះ​ទេ ​ដែល​បាន​ធ្វើ​​ឲ្យ​នាង Jamie ជា​នារី​ខុស​គេ ទង្វើ​​​របស់​នាង​​​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​​ភ្ញាក់​ផ្អើល​ដែរ​។ គឺ​ថា នាង Jamie មិន​ដែល​ចូលរង្គសាល ឬ​ក៏​ទៅ​ជប់លៀង​រាំរែក​ជាមួយ​នឹង​នារី​​ដទៃ​ទៀត​ឡើយ​ ហើយ​ខ្ញុំ​ប្រាកដ​​ណាស់​ថា នាង​មិនធ្លាប់​​មាន​សង្សារ​ម្តង​ណា​ឡើយ​។ លោក​តា Hegbert ប្រហែល​ជា​​គាំង​បេះដូង បើ​សិន​ជា​​នាង Jamie ធ្លាប់​មាន​សង្សារ​។ ហើយ​បើ​សិន​ជា​មាន​ហេតុ​ដ៏​ចម្លែក​ណា​មួយ​ដែល​ធ្វើ​ឲ្យ​លោក​តា​​ Hegbert ​​អនុញ្ញាត​ឲកូន​ស្រី​គាត់​មាន​សង្សារ ក៏​រឿង​នេះ​មិន​អាច​ទៅ​រួច​ដែរ​។ នាង Jamie កាន់​សៀវភៅ​ធម៌​ (Bible) ជាប់​នឹង​ដៃ ​និង​នៅ​​គ្រប់​ទី​កន្លែង​ទាំងអស់ ហើយ​​បើ​រូបរាង​របស់​នាង និង ឪពុក​​របស់​នាង​មិន​បាន​ធ្វើ​ឲ្យ​កម្លោះ​ៗ​ដើរ​ចេញ​ឆ្ងាយទេ ក៏​សៀវភៅ​ធម៌​នោះ​បាន​ដេញ​កម្លោះ​ទាំង​នោះ​ឲ្យ​ចេញ​​ឆ្ងាយ​ដែរ​។ ខ្ញុំ​ក៏​ចូល​ចិត្ត​សៀវភៅ​ធម៌​ដូច​ជា​ក្មេង​ស្រករក្រោយ​ដទៃ​ទៀតដែរ តែ​បើ​ប្រៀប​ធៀប​​ទៅ​នឹង​​នាង Jamie វិញ ឃើញ​ថា​ខុស​គ្នា​ឆ្ងាយ​ណាស់ ព្រោះ​នាង​ហាក់​ដូច​ជា​ស្រឡាញ់​ចូលចិត្ត​និង​កំសាន្ត​ជាមួយ​នឹង​សៀវភៅ​ធម៌​នោះ ដោយ​ក្តី​សោមនស្ស​រី​រាយ​ក្រៃលែង​។ លើស​ពី​នេះ​ទៀត មិន​ត្រឹមតែ​នាង​តែងតែ​ទៅ​ចូល​រួមនៅ​ក្នុងការ​​រៀន​​​ធម៌ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​​រៀងរាល់​ឆ្នាំ​នៅ​ខែ​សីហា​តែ​ប៉ុណ្ណោះ​ទេ នាង​ថែម​ទាំង​បាន​អាន​សៀវភៅ​ធម៌​នោះ​​ជា​រៀងរាល់​ថ្ងៃ​ នៅ​សាលារៀន​ នៅ​ពេល​បាយ​ថ្ងៃ​ត្រង់​។ តាម​គំនិត​របស់​ខ្ញុំ ខ្ញុំ​យល់​ថា​វា​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ ទោះ​បី​ជា​នាង​ជា​កូន​អាចារ្យ​ក៏​ដោយ​។ ម៉្យាង​ទៀត ការអាន​សៀវភៅ​ធម៌​​​មិនផ្តល់​ការ​សប្បាយ​ដូច​ជាការញ៉ែ​គ្នា​នោះ​ទេ (flirting) ​អស់លោកអ្នក​​គូរ​តែ​យល់​ពី​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ហើយ​។
  37.     ជាង​នេះ​ទៅ​ទៀត ហើយ​ប្រហែល​ជា​មក​ពី​សៀវភៅ​ធម៌ ឬ​មក​ពី​ឥទ្ធិពល​របស់​លោក​អាចារ្យ Hegbert បាន​ជា​នាង​ Jamie ជឿថា​​ ការជួយ​អ្នក​ដទៃ​គឺ​ជា​រឿង​សំខាន់​ណាស់ ហើយ​ការជួយ​អ្នក​ដទៃ​គឺជា​រឿង​ដែល​នាង​បាន​ធ្វើ​យ៉ាង​ជាក់ស្តែង​។ គឺ​ថា​ នាង​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ធ្វើការ​នៅ​មជ្ឍមណ្ឌល​កុមារ​កំព្រា​នៅ​ឯ​ទីក្រុង Morehead City និងតែងតែ​​​ចូល​រួម​​នៅ​ក្នុង​ការ​ដើរ​រៃ​អង្គាស​ប្រាក់​សម្រាប់​ជួយ​ដល់​​អ្នក​ក្រ​​និង​អ្នក​ខ្វះខាត​ទាំងឡាយ​។ ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​ពី​នាង​មាន​អាយុ ១៤ ឆ្នាំ នាង​បាន​​ចំណាយ​ពេល​វិស្សមកាល​រដូវ​ក្តៅ​របស់​នាង​មក​ជួយ​លាប​ថ្នាំ​ផ្ទះ​ឲ្យ​មនុស្ស​ចាស់​ជរា​មួយ​គ្រួសារ​ដែល​ជា​អ្នក​ជិតខាង​​របស់​នាង​។ ចំពោះ Jamie អ្វី​ក៏​នាង​ហ៊ាន​ធ្វើ​ដែរ ឲ្យ​តែ​នាង​យល់​ថា​ទង្វើ​របស់​នាង​មាន​ហេតុ​ផល​ជួយ​អ្នក​ដទៃ ដូចជា​ទៅ​ឃាត់​រថយន្ត​ឲ្យ​ឈប់​នៅ​កណ្តាល​ផ្លូវ​ដើម្បីឲ្យ​​​កុមារ​ដើរ​ឆ្លង​កាត់​​នៅ​ពេល​ចេញ​ពី​សាលា​រៀន​ បរិច្ចាគ​ប្រាក់​ខែ​របស់​នាង​ដើម្បី​ទិញ​បាល់​ basket ឲ្យ​កុមារ​កំព្រា ឬ​ក៏​ចូល​លុយ​ធ្វើ​បុណ្យ​នៅ​ព្រះ​​វិហារ​ជាដើម​។ល។ និយាយ​រួម​ Jamie គឺ​ជា​នារី​ម្នាក់​ដែលបាន​​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​មក​ពួក​ខ្ញុំ​ឃើញ​អាក្រក់ ហើយ​នៅ​ពេល​ដែល​ខ្ញុំបាន​​ជួបនឹង​​នាង​នៅ​តាម​ផ្លូវ​ម្តង​ៗ ខ្ញុំតែងតែ​​​មាន​អារម្មណ៍​ថា​​បាន​ធ្វើ​អ្វី​មួយ​ខុស ទោះ​ជា​ខ្ញុំ​មិន​បាន​​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ក៏​ដោយ​។
  38.     ​នាង​ Jamie មិន​ត្រឹម​តែបាន​ធ្វើ​អំពើល្អ​​​ជាមួយ​នឹង​មនុស្ស​ប៉ុណ្ណោះ​ទេ នាង​ក៏​​បាន​ប្រព្រឹត្ត​អំពើ​​ល្អ​រាប់​មិន​អស់​ជាមួយ​នឹង​សត្វ​ផង​ដែរ​។ ជាក់ស្តែង នៅ​ពេល​ដែល​នា​ងបាន​​ជួប​ប្រទះ​នឹង​​សត្វ​ត្រូវ​របួស​ម្តង​ៗ នាង​តែង​តែ​ជួយ​សង្រ្គោះ​សត្វ​ទាំង​នោះ​ជា​ដរាប មិន​ថា​សត្វណា​ជា​សត្វ​ណា​ទេ មានដូច​ជា ឆ្កែ ឆ្មា កំប្រុក កង្កែប​ ហ៊ីង​ គង្កក់​ ជា​ដើម​។ លោក​គ្រូពេទ្យ​សត្វ​ឈ្មោះ​ Rawling អាច​ចំណាំ​​នាង​ Jamie ​តាំង​ចម្ងាយ​មក​ម្លេះ​​ ហើយ​គាត់​តែង​តែ​គ្រវី​ក្បាល​តតាត់​ នៅ​ពេល​ឃើញ​នាង​ Jamie ក្រពៀក​កែស​ក្រដាស​ដែល​មាន​សត្វ​ផ្សេង​ៗ​នៅ​ក្នុង​នោះ​មក​ម្តង​ៗ​។ គាត់​តែង​តែ​ដោះ​វែនតា​ជូត​នឹង​កូន​កន្សែង​របស់​គាត់ នៅ​ពេល​ស្តាប់​នាង​ Jamie ពន្យល់​ពី​ហេតុ​ផលទាំងឡាយ​​​ដែល​បាន​ធ្វើ​ឲ្យ​នាង​ជួប​នឹង​សត្វទាំង​​នោះ និង​​​រឿង​រ៉ាវ​ដែល​បាន​កើត​មាន​ឡើង​ដល់​សត្វ​ទាំង​នោះ​។ “វា​ត្រូវ​ឡាន​បុក លោក​គ្រូ​ពេទ្យ​។ ខ្ញុំ​គិត​ថា​គឺ​ជា​ផែន​ការ​របស់​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជួប​និង​ជួយ​សង្ក្រោះ​វា​។ តើ​លោក​គ្រូ​ពេទ្យ​សុខចិត្ត​ជួយ​ខ្ញុំ​ដែរ​ឬ​អត់?”
  39.     ជា​មួយ​នឹង​នាង​ Jamie អ្វី​ៗ​សុទ្ធ​តែ​ជា​ផែនការ​របស់​ព្រះ​ទាំងអស់​។ ហើយ​​ នាង​តែង​តែនិយាយ​ពី​​ផែនការ​របស់​ព្រះ​​ជានិច្ច នៅ​ពេល​​ណា​យើង​និយាយ​ជាមួយ​នឹង​នាង ទោះ​ជា​ប្រធាន​បទ​នោះ​​ជា​អ្វី​ក៏​​ដោយ​។ ហេតុ​ដូច​ម្តេច​បាន​ជា​មាន​ភ្លៀង​ធ្លាក់​នៅ​ពេល​លេង​កីឡា? គឺ​ជា​ផែនការ​របស់​ព្រះ​ដើម្បី​កុំ​ឲ្យ​មាន​រឿង​អាក្រក់​ជាង​នេះ​កើត​ឡើង​។ ហេតុ​ដូចម្តេច​បាន​ជាគ្មាន​អ្នក​ណា​ម្នាក់​អាច​​ធ្វើ​លំហាត់​ត្រីកោណមាត្រ​នោះ​បាន? គឺ​ជា​ផែនការ​របស់​ព្រះ​ដែល​ចង់​ឲ្យយើង​​ស្គាល់​ពី​ការលំបាក​។ ដូចនេះ អស់លោក​អ្នក​អាច​យល់​បាន​ខ្លះ​ៗ​ហើយ​​ថា​នាង Jamie ជា​មនុស្សប្រភេទ​ណា​នោះ​។
  40.     មួយ​វិញ​ទៀត ស្ថានភាព​របស់​លោក​អាចារ្យ Hegbert បាន​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​ Jamie កាន់​តែ​ស្មុគស្មាញ​ឡើង​។ ព្រោះ​​ថា​ នាង​ជា​​កូន​របស់​​អាចារ្យ​ម្នាក់ ដូចនេះ​នាង​មិន​អាច​ធ្វើ​អ្វីៗ​​បាន​តាម​ទំនើង​​ចិត្ត​នោះ​ទេ​។ ក៏​ប៉ុន្តែសម្រាប់​​នាង Jamie វិញ នាង​ពេញ​ចិត្ត​នឹង​ជីវិត​របៀប​នេះ​​ណាស់ ហើយ​នាង​តែង​តែ​គិត​ថា​​​គឺ​ជា​ផល​បុណ្យ​ល្អ​​ទៅ​វិញ​ទេ​ដែល​នាង​មាន​ឪពុក​ជា​អាចារ្យ​ម្នាក់​នោះ​​។ “គឺ​ជា​ផល​បុណ្យ​ល្អ​​របស់​ខ្ញុំ ដែល​មាន​ឪពុកម្នាក់​​ដូច​ជា​ឪពុក​របស់​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​។” នៅ​ពេល​ណា​ដែល​ពួក​យើង​ឮ​នាង​និយាយ​ដូច្នេះ ពួក​យើង​មិន​ដឹង​​​ធ្វើ​អ្វី​ក្រៅ​​ពីនាំ​គ្នា​គ្រវីក្បាល​និង​ចង់​ដឹង​ថា​តើ​នាង​មក​ពី​ភព​ណា​ដែរ​។
  41.     ក្រៅ​ពី​រឿង​រ៉ាវ​ទាំង​ប៉ុន្មាន​ដែលធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​​ពិបាក​នឹង​យល់ នៅ​មាន​រឿង​មួយ​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​ឆ្កួត គឺ​ថា​នាង​មាន​ចិត្ត​ត្រជាក់​ជានិច្ច ទោះ​បី​ជា​​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ជុំ​វិញ​ខ្លួន​នាង​​ក៏​ដោយ​។ ខ្ញុំ​ហ៊ាន​ស្បថ​ថា នាង​ម្នាក់​នោះ​មិន​ដែល​បាន​និយាយ​អាក្រក់​ពី​អ្វី​ ឬ​ពី​អ្នក​ណា​ម្នាក់​ឡើយ សូម្បី​តែ​អ្នក​ទាំង​អស់​នោះ​​មិន​បាន​ធ្វើ​​ល្អ​ជាមួយ​នាង​យ៉ាង​ណា​ក៏ដោយ​។ នាង​តែងតែ​ដើរ​ច្រៀង​​តែ​ម្នាក់​ឯង​នៅ​តាម​ផ្លូវ និង​ញញឹម​ដាក់​​អ្នក​​ផង​ទាំងពួង​ដែល​បើក​ឡាន​នៅ​ជិត​នាង​។ ជួនកាល មាន​ស្ត្រី​មួយ​​ចំនួន​រត់​ចេញ​ពី​ផ្ទះ​មក​រក​នាង នៅ​ពេល​ឃើញ​នាង​ដើរមក ដើម្បី​យក​នំ​ចំណីខ្លះ​ៗ​​ដែល​ពួក​គេ​បាន​ធ្វើ​មក​ឲ្យ​នាង​ញ៉ាំ ឬ​ក៍​យកទឹកលាយ​​ក្រូច​ឆ្នារ​ (lemonade) មក​ឲ្យ​នាង​ញ៉ាំ នៅ​ពេល​មេឃ​ក្តៅ​ខ្លាំង​។ គឺ​ហាក់​ដូច​ជា​​ចាស់​ៗ​ពេញ​មួយ​ស្រុក​នេះស្រឡាញ់​នាង​គ្រប់​ៗ​គ្នា​។ ហើយ​នៅ​ពេល​ដែល​ពួក​គេ​រលឹក​ពី​ឈ្មោះ​របស់​នាង ពួក​គេ​តែង​និយាយ​ថា “នាង​ជា​​ក្មេង​ស្រី​គ្រប់​លក្ខណ៍​​ម្នាក់។” “ពិភព​​លោក​នឹង​ប្រសើរ​ជាង​នេះ បើ​សិន​ជា​មាន​មនុស្ស​ច្រើន​​នាក់​ទៀត​ដូច​នាង Jamie ​។​”
  42.     ក៏​ប៉ុន្តែ​ចំពោះ​ខ្ញុំ និង​ពួក​ម៉ាក​របស់​ខ្ញុំ ពួក​យើង​មិន​បាន​គិត​ដូច្នោះ​ទេ​។ តាម​យោបល់​របស់​ពួក​យើង​គឺ​ថា​​​ មាន​នាង​ Jamie Sullivan ម្នាក់​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ពួក​យើង​មិន​ចង់​ឲ្យ​មាន​មនុស្ស​ដូច​នាង​ច្រើន​នាក់​ទៀត​ទេ​។
  43.     ខ្ញុំ​បាន​គិត​ទៅ​រឿង​ទាំងអស់​នោះ នៅ​ពេល​ដែល​នាង Jamie បាន​ឈរ​នៅ​ខាង​មុខ​ពួក​យើង​​រាល់​គ្នា នៅ​ថ្ងៃ​ដំបូង ​នៅ​ក្នុង​ថា្នក់​ហាត់​សិល្បៈ​។ ហើយ​ខ្ញុំហ៊ាន​​សារភាព​ថា ខ្ញុំ​ដូច​ជា​គ្មាន​ចិត្ត​ចង់​មើល​នាង​បន្តិច​ណា​ឡើយ​។ ក៏​ប៉ុន្តែ​ ចម្លែក​ណាស់ នៅ​ពេល​ដែល​នាងបាន​​ងាក​​មុខ​មក​រក​ពួក​យើង ខ្ញុំ​ភ្ញាក់​ព្រើត​ដូច​​ជា​បាន​អង្គុយ​លើ​ខ្សែភ្លើង​ដាច់ ឬ​អង្គុយ​លើ​អ្វី​ផ្សេង​ទៀត​។ នាងបាន​ស្លៀក​សំពត់ពណ៌លាត​មាន​ពណ៌​ត្នោត ពាក់​អាវ​ដៃ​ខ្លី​ពណ៌​ស​ និង​អាវ​រងារ​ចាក់​ពណ៌​ត្នោត ដែល​ខ្ញុំ​ធា្លប់​ឃើញ​រាប់​លាន​ដង​រួច​មក​ហើយ​ តែ​អ្វី​ដែល​ប្លែក​នោះ​​គឺ​ថា​​ នៅ​លើ​ដើម​ទ្រូង​របស់​នាង​ ឃើញ​មាន​ប៉ោង​ពីរ​កន្លែង​​ ដែលទោះ​ជា​​​អាវ​រងារ​​ក៏​មិន​អាចបិទ​​បាំង​បានឡើយ ខ្ញុំ​ហ៊ាន​ស្បថ​ថា​​ កាល​ពី​​បី​ខែ​មុន​គឺ​គ្មាន​រឿង​បែប​នេះ​ទេ​។ នាង​មិន​ធ្លាប់​បាន​លាប​ក្រែម​ម្សៅ​ម្តង​ណា​ឡើយ ហើយ​​នៅ​ពេល​នោះ ក៏​​នាង​មិន​បាន​​លាប​ក្រែម​​ម្សៅ​ដែរ តែ​​នៅ​ពេល​នោះ នាង​មាន​សម្បុរ​រាង​ខ្មៅ​ស្រអែម​​បន្តិច​ ដោយ​សារ​តែ​នាង​បាន​ដើរ​ហាល​ថ្ងៃ​ទៅ​រៀន​ធម៌​នៅឯ​​សាលា​ធម៌ព្រះ ហើយ​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែលមើល​នាង​​​ទៅ​ឃើញ​ទ្រង់​ស្អាត​បន្តិច​។ វា​ជា​ការពិត​ហើយ​ថា ខ្ញុំ​បាន​ជម្រះ​​គំនិត​នេះ​ចោលភ្លាមមួយ​រំពេច តែ​នៅ​ពេល​ដែល​នាង​ងាក​មើល​ជុំ​វិញ​ខ្លួន នាង​បាន​សម្លឹង​មក​រក​ខ្ញុំ និង​​ញញឹម​ដាក់​ខ្ញុំ​ ព្រោះ​នាង​ពិត​ជា​សប្បាយ​ចិត្ត ​​នៅ​ពេល​ឃើញ​ខ្ញុំ​​មក​ហាត់​សិល្បៈ​នឹង​គេ​ដែរ​នោះ​។​ តែ​នៅ​ពេល​ក្រោយ​មក ខ្ញុំបាន​ដឺង​ថា​ នាង​បាន​ញញឹម​ដាក់​ខ្ញុំនៅ​ពេល​នោះ គឺ​មាន​​មូលហេតុ​​ផ្សេង​ទៅ​វិញ​ទេ​។

ផ្សែងប្លាក